ព័ត៌មានជាតិ
កសិករនៅខេត្តមណ្ឌលគិរី សម្រុកប្រមូលផលដំឡូងមី ខណៈតម្លៃហក់ឡើងខ្ពស់បន្តិច
កសិករនៅខេត្តមណ្ឌលគិរី កំពុងចាប់ផ្តើមសម្រុកប្រមូលផលដំណាំដំឡូងមី ចាប់ពីខែកុម្ភៈនេះតទៅ ខណៈតម្លៃហាងឆេងនៅលើទីផ្សារកំពុងហក់ឡើងខ្ពស់បន្តិច។ ក្នុងនោះ កសិករខ្លះបានប្រមូលផលលក់ជាដំឡូងស្រស់ ខណៈអ្នកខ្លះទៀតយកមកហាលឲ្យស្ងួតជាមុនសិន ទើបដាក់លក់ចេញ។

ជាក់ស្ដែង កសិករឈ្មោះ សាន តុលា រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដំឡូងមីនៅលើទីផ្សារមិនសូវមានស្ថិរភាព និងមិនសូវមានតម្លៃល្អឡើយ ដោយឈ្មួញចុះមកទិញយោងតាមស្ថានភាពទីផ្សារជាក់ស្ដែង។ ស្ថានភាពនេះបានធ្វើឲ្យកសិករមួយចំនួនដែលប្រកបរបរកសិកម្មដំណាំដំឡូងមី ប្រឈមនឹងការខាតបង់ជាបន្តបន្ទាប់។ លោក សាន តុលា បញ្ជាក់ថា កន្លងមក តម្លៃដំឡូងមីស្រស់នៅលើទីផ្សារ មួយគីឡូក្រាម មានតម្លៃត្រឹមតែប្រមាណ ២៩០ ទៅ ៣១០ រៀលប៉ុណ្ណោះ។
ដោយឡែក ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៦ មក តម្លៃដំឡូងមីបានហក់ឡើងមួយកម្រិតទៀត ដោយមួយគីឡូក្រាមឡើងដល់ប្រមាណ ៣៥០ រៀល។ តម្លៃនេះ បានជួយឲ្យលោកនិងកសិករផ្សេងទៀត មិនត្រឹមតែជៀសវាងការខាតបង់ប៉ុណ្ណោះទេ ប៉ុន្តែអាចទទួលបានប្រាក់ចំណេញបន្តិចបន្តួចផងដែរ។

បើតាមការលើកឡើងរបស់កសិកររូបនេះ ដំឡូងមីស្រស់ បើអាចលក់ចេញបានក្នុងតម្លៃចន្លោះពី ៣៥០ ទៅ ៤០០ រៀលក្នុងមួយគីឡូក្រាម ទើបអាចទទួលបានផលចំណេញ។ ប៉ុន្តែ ប្រសិនបើតម្លៃធ្លាក់ចុះក្រោមកម្រិតនេះ កសិករអាចប្រឈមនឹងការខាតបង់ ឬមិនទទួលបានចំណេញឡើយ។ លោកបានបន្ថែមថា បន្ទាប់ពីប្រមូលផលរួច លោកមានគម្រោងបន្តដាំដំឡូងមីនៅឆ្នាំក្រោយ ដោយសារដំណាំនេះងាយស្រួលថែទាំ និងអាចលក់បានក្នុងតម្លៃសមរម្យ។ ទោះជាយ៉ាងណា ប្រសិនបើឆ្នាំក្រោយមិនទទួលបានផលចំណេញដូចការរំពឹងទុក លោកនឹងពិចារណាប្តូរទៅដាំដំណាំផ្សេងជំនួសវិញ។
កសិករឈ្មោះ សាន តុលា បានប្រកបមុខរបរដាំដំឡូងមីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយបច្ចុប្បន្នមានផ្ទៃដីដាំដុះប្រមាណ ៧ ហិកតា។ ក្នុងនាមជាកសិករ លោកស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តជួយស្វែងរកទីផ្សារដំឡូងមីជូនកសិករ ដើម្បីធានាស្ថិរភាពតម្លៃ។

ជាមួយគ្នានេះ លោក តាំង ម៉េងឆាយ (ហៅថា) ជាម្ចាស់សៃឡូស្តុកដំឡូងមី ដែលមានទីតាំងស្ថិតនៅស្រុកកែវសីមា បានថ្លែងប្រាប់ថា លោកបានប្រកបមុខរបរទិញដំឡូងមីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយមានសៃឡូចំនួន ២ ទីតាំង។ ដំឡូងមីដែលលោកប្រមូលទិញបានមានចន្លោះពី ២០០ តោនក្នុងមួយថ្ងៃ ហើយបន្តលក់ឲ្យឈ្មួញតាមច្រកព្រំដែនកម្ពុជា–វៀតណាម ច្រកឡាប៉ាខេ។

លោកបន្ថែមថា នៅដើមរដូវតម្លៃទីផ្សារដំឡូងមីដែលលោកប្រមូលទិញមានតម្លៃត្រឹម ៣១០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលប្រមាណ ១០ ថ្ងៃ នៅដើមខែកុម្ភៈនេះ តម្លៃដំឡូងមីបានហក់ឡើងជាបន្តបន្ទាប់ រហូតដល់ចន្លោះពី ៣៥០ ទៅ ៣៧០ រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃដែលលោកកំពុងទិញនៅពេលបច្ចុប្បន្ន។លោករំពឹងថា តម្លៃដំឡូងមីនឹងបន្តឡើងថ្លៃបន្ថែមទៀត ដែលនឹងជួយជំរុញឲ្យកសិករនាំគ្នាសម្រុកដកប្រមូលផល និងលក់ឲ្យទាន់ទីផ្សារ ខណៈតម្លៃកំពុងមានការកើនឡើង៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


