Connect with us

ព័ត៌មានជាតិ

កម្ពុជាអរគុណកូរ៉េខាងត្បូងចំពោះជំនួយ៥០ម៉ឺនដុល្លារជួយជនភៀសសឹក ដែលបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ

បានផុស

នៅ

ក្រសួងការបរទេសកម្ពុជាសម្ដែងការអរគុណដល់ការផ្តល់ជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នាពេលថ្មីៗនេះ ដែលបង្កឡើងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដោយក្រសួងការបរទេស ចាត់ទុកថា ជាការបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលគិតជាថវិកាសរុប៥០០ ០០០ដុល្លារ ត្រូវបានផ្ដល់ឱ្យតាមរយៈអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ដើម្បីផ្ដោតទៅលើការជួយដល់កុមារ និងគ្រួសារជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ការចូលរួមចំណែកនេះ ក្រសួងការបរទេសកម្ពុជា ថា ជាសក្ខីភាពបញ្ជាក់ពីសាមគ្គីភាព និងសមានចិត្តពីរដ្ឋាភិបាល និង ប្រជាជនកូរ៉េខាងត្បូងចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា សង្កត់ធ្ងន់ថា ជំនួយនេះ ក៏បានគូសបញ្ជាក់បន្ថែមទៀតនូវចំណងមិត្តភាពយូរអង្វែង កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន និងសារៈសំខាន់ដែលភាគីទាំងពីរផ្តល់ដល់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ជាមួយនឹងការអរគុណកូរ៉េខាងត្បូង កម្ពុជាក៏បានអរគុណដល់បណ្តាប្រទេស និងអង្គការទាំងអស់ ដែលបានផ្តល់ជំនួយ និងការគាំទ្រដល់ជនភៀសសឹកកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ។

បើតាមយូនីសេហ្វ ថវិកាដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនេះនឹងផ្តល់លទ្ធភាពឱ្យយូនីសេហ្វអនុវត្តកម្មវិធីរយៈពេល១២ខែ លើវិស័យអប់រំ ទឹកស្អាត អនាម័យ និងកិច្ចការពារកុមារ ដើម្បីគាំទ្រដល់ការស្តារឡើងវិញរបស់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះនៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម