Connect with us

ព័ត៌មានជាតិ

កម្ពុជាធ្វើយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ដើម្បីជំរុញការប្រើប្រាស់ AI ដោយការទទួលខុសត្រូវ

បានផុស

នៅ

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសបើកយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦។ ទិវាសុវត្ថិភាពអ៊ីនធឺណិតនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ«ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវាសុវត្ថិភាពអ៊ីនធឺណិត បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៤ ក្រោមគម្រោង SafeBorders របស់សហភាពអឺរ៉ុប និងបានវិវត្តជាចលនាសកលដែលមានប្រទេសជាង១៨០ចូលរួម ខណៈកម្ពុជាបានចាប់ផ្តើមប្រារព្ធទិវានេះតាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ សម្រាប់ការធ្វើយុទ្ធនាការ ក្នុងឆ្នាំ២០២៦នេះ គឺរៀបចំឡើងនៅក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យចំគោលដៅ ដើម្បីការពារសិទ្ធិកុមារ និងសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងលិខិតុបករណ៍អន្តរជាតិដែលកម្ពុជាជាសមាជិក។

ថ្លែងក្នុងពិធីបើកយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត នាថ្ងៃអង្គារនេះ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI ជាកម្លាំងចលករដ៏សំខាន់ និងជារបកគំហើញដ៏អស្ចារ្យមួយ ដែលផ្តល់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ដល់មនុស្សជាតិ ទាំងក្នុងវិស័យសិក្សាស្រាវជ្រាវ សុខាភិបាល កសិកម្ម និងឧស្សាហកម្ម ក៏ដូចជាការជួយព្យាករណ៍អាកាសធាតុ និងគ្រប់គ្រងសត្វល្អិត ដើម្បីបង្កើនទិន្នផលដំណាំឱ្យកាន់តែមានប្រសិទ្ធភាព។

បើទោះជាយ៉ាងណា លោករដ្ឋមន្ត្រីមហាផ្ទៃ ក៏បានលើកឡើងពីហានិភ័យដែលកើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នេះតែម្ដង ដែលបាននិងកំពុងជះឥទ្ធិពលចំពោះកុមារ និងយុវជន ដែលជាវ័យងាយរងគ្រោះបំផុត តាមរយៈការបង្កើតរូបភាព វីដេអូ និងសំឡេងក្លែងក្លាយ ខណៈនាពេលបច្ចុប្បន្នមានបច្ចេកទេសខ្ពស់ រហូតស្ទើរតែមិនអាចបែងចែកដឹងថា ជាការពិត ឬក៏ក្លែងក្លាយ ដែលបង្កឱ្យមានការឆបោកក្នុងរូបភាពអាសអាភាសក្លែងក្លាយ ឬការក្លែងសំឡេងមនុស្សជិតស្និទ្ធ ដើម្បីទាញយកផលប្រយោជន៍ខុសច្បាប់។

ចំពោះមុខបញ្ហានេះ លោក ស សុខា បានដាស់តឿនក្រើនរំលឹកដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដោយធ្វើយ៉ាងណាគប្បីមានការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម