ព័ត៌មានជាតិ
ក្រោយឃើញមានអ្នកទៅលេងច្រើន ប្រជានេសាទខេត្តកំពត ងាកមកដឹកភ្ញៀវទេសចរស្ទួចត្រីកម្សាន្តដើម្បីបានប្រាក់ចំណូលបន្ថែម
បន្ទាប់ពីខេត្តកំពតរៀបចំបានស្អាត ទាក់ទាញទេសចរឲ្យមកលេងកម្សាន្ដកាន់តែច្រើននោះ ប្រជានេសាទបាននាំគ្នាងាកមកផ្តោតអារម្មណ៍បង្កើនរបរដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្តបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។ បើតាមនប្រជានេសាទ ការដឹកភ្ញៀវទេសចរមួយជើង គិតតម្លៃចន្លោះ១០ ទៅ២០ម៉ឺនរៀល តាមជិតឬឆ្ងាយ ហើយក្នុងមួយខែ ពួកគាត់ម្នាក់ៗ អាចចេញទូកដឹកភ្ញៀវទៅស្ទូចត្រីកម្សាន្ត បានប្រហែល២០ជើងដែរ។

លោក ចាន់ តូ ម្ចាស់ទូកដឹកភ្ញៀវទេសចរ និងជាប្រជានេសាទនៅសង្គាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានប្រាប់ឱ្យដឹងថា គាត់បានប្រកបរបរនេសាទជាយូរមកហើយ ប៉ុន្តែរយៈពេលចុងក្រោយនេះ បន្ទាប់ខេត្តកំពតមានការអភិវឌ្ឍន៍រីកចម្រើន ទាក់ទាញទេសចរមកលេងកាន់តែច្រើន រូបលោក និងអ្នកភូមិផ្សេងទៀត បានងាកមកផ្តោកអារម្មណ៍លើរបរដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្តវិញ ព្រោះវាងាយស្រួលជាងការទៅនេសាទ ពោលឲ្យតែទូកចេញ គឺដឹងតែទទួលបានប្រាក់កម្រៃហើយ។ លោកបន្តថា បច្ចុប្បន្នអ្នកទេសចរកាន់តែច្រើន បានចាប់អារម្មណ៍ និងនាំគ្នាមកជួលទូកជិះទៅស្ទូចត្រីកម្សាន្ត ធ្វើឲ្យលោកអាចរកប្រាក់ចំណូលបន្ថែមបានគួរសម ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ បន្ថែមពីលើរបរនេសាទ។

ចំណែកភ្ញៀវទេសចរបានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះដំណើរកម្សាន្តរបស់ពួកគាត់ថា ការស្ទូចត្រីកម្សាន្តជាចំណង់ចំណូលចិត្តរបស់ពួកគាត់ ទោះស្ទូចបានត្រី ឬមិនបានក៏ដោយពួកគាត់នៅតែចង់ស្ទូច ម្យ៉ាងការអង្គុយលើទូក ស្ទូចត្រីកណ្តាលសមុទ្រ ឬក្បែរតំបន់កោះ វាជាទិដ្ឋភាព និងបរិយាកាសពិសេសពិបាកពណ៌នាឲ្យមនុស្សអ្នកដទៃយល់ណាស់។

បើតាមការបញ្ជាក់របស់មន្ត្រីជំនាញថា ភ្ញៀវទេសចរមកលេងខេត្តកំពតដែលមានចំណូលចិត្តស្ទូចត្រី អាចរកកន្លែងស្ទួចត្រីបាននៅតាមដងព្រែក មាត់ឆ្នេរ និងតាមសហគមន៍ ឬអាចស្វែងរកសេវាជួលទូកចជិះទៅស្ទូចត្រីកម្សាន្តនៅគ្រប់សហគមន៍នេសាទ និងនៅតាមភូមិឋានរបស់ប្រជានេសាទបាន។ ហើយតម្លៃមិនលើសខ្វះគ្នានោះទេ ខណៈដែលការរក្សាសុវត្ថិភាពភ្ញៀវមានការយកចិត្តទុកដាក់ខ្ពស់ ដោយសារមន្ត្រីជំនាញ និងអាជ្ញាធរតែងតែបានចុះផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជានេសាទឲ្យមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់បំផុត៕
អត្ថបទ៖ សឹង រ៉ាត់







-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


