ព័ត៌មានជាតិ
រដ្ឋមន្ត្រី ហេង សួរ៖ ពីមុនបងប្អូនរត់រកការងារ តែបច្ចុប្បន្នក្រសួងការងារនាំឱកាសការងារផ្ដល់ជូនដល់មូលដ្ឋាន
រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន១០ បានចូលរួមសម្ភាសន៍ជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានបងប្អូនអតីពលករ និងយុវជនរកការងារជាង៨០០នាក់ចូលរួម។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានឱ្យដឹងថា វេទិកាការងារនេះ គឺជាយុទ្ធនាការរួមមួយដ៏មានប្រសិទ្ធភាព ដែលផ្សារភ្ជាប់អ្នករកការងារជាមួយតំណាងនិយោជកមកជួបគ្នា ក្នុងការចុះឈ្មោះសម្ភាសផ្តល់និងទទួលបានការងារភ្លាមៗដល់មូលដ្ឋាន ដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិកា។ ជាក់ស្តែង នៅថ្ងៃនេះ ក្រសួងបាននាំយកឱកាសការងារប្រមាណ៤ពាន់កន្លែងសម្រាប់អតីតពលករ និងយុវជនរកការងារ ដែលជាផ្នែកមួយនៃឱកាសការងារក្នុងស្រុកជាង៨ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ម្យ៉ាងទៀត វេទិកានេះក៏ជួយលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងផ្សព្វផ្សាយពី «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់»។

លោករដ្ឋមន្ត្រីបានបន្តថា ជាមួយនឹងឱកាសការងារទាំងនេះ បងប្អូនអាចជ្រើសរើសយកការងារនៅស្រុកក្រគរក៏បាន នៅរាជធានីភ្នំពេញ ឬនៅបណ្តាខេត្តផ្សេងៗក៏បាន ឬនៅក្រៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ក៏បានដែរ។ កាន់តែពិសេសជាងនេះ នៅឆ្នាំ២០២៦នេះ សម្រាប់បងប្អូនដែលមិនទាន់ចង់ចាកចេញពីស្រុកកំណើត គឺអាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលខ្លីៗ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបញ្ជូនគ្រូបណ្តុះបណ្តាលនិងសម្ភារៈចុះទៅបង្រៀនបងប្អូនដល់មូលដ្ឋានតែម្តង ដូចជា៖ ជំនាញឆុងកាហ្វេ ដុតនំ ធ្វើក្រចក ជួសជុលគ្រឿងម៉ាស៊ីន តបណ្តាញអគ្គិសនីជាដើម។ ការផ្តល់ជូនជំនាញទាំងនេះ គឺបន្ថែមទៅលើការបង្កើតសហគ្រាស រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតឧបករណ៍បណ្តាញអគ្គិសនី ដំឡើងរថយន្ត ហើយនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ នឹងមានការបង្កើតរោងចក្រខ្នាតយក្សមួយទៀតនៅស្រុកក្រគរនេះ។
លោកបានបន្តទៀតថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាសការងារសមរម្យ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋដើម្បីធានាបាននូវការលើកកម្ពស់ជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាក់ចេញនូវគោលនយោបាយគាំពារដល់បងប្អូនថែមទៀតផង ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ ដែលជាអាទិភាពមួយក្នុងការកសាងអនាគតដ៏ភ្លឺស្វាងនៅស្រុកកំណើត និងរួមចំណែកដោយផ្ទាល់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
ដើម្បីជាមូលដ្ឋានដល់បងប្អូនងាយស្រួលក្នុងការសម្រេចចិត្ត លោករដ្ឋមន្ត្រីបានប្រៀបធៀបយ៉ាងស៊ីជម្រៅរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយគូសបញ្ជាក់ថា ការងារនៅថៃ ទោះបីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងបន្តិចមែន ប៉ុន្តែត្រូវប្រឈមនឹងការរើសអើង រហូតដល់ទទួលរងអំពើហិង្សាផ្សេងៗ ហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ ផ្ទុយទៅវិញ ការងារក្នុងស្រុក គឺជាជម្រើសដ៏ល្អ ដែលក្រៅពីទទួលបានប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារកាន់តែប្រសើរ ក៏ទទួលបាននូវសុភមង្គលគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមដ៏លើសលប់ពី ប.ស.ស. មានដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ។ អត្ថប្រយោជន៍ទាំងនេះ ពិតជាសម្រាលបន្ទុកគ្រួសារបានយ៉ាងច្រើន ព្រោះថាពេលធ្វើការដល់វ័យចូលនិវត្តន៍ បងប្អូននឹងទទួលបានប្រាក់សោធនសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯងផ្ទាល់។

ទន្ទឹមនេះលោករដ្ឋមន្ត្រី ហេង សួរ ក៏បានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET 1.5M) ជាពិសេស សម្រាប់បងប្អូនអតីតពលករដែលមានបទពិសោធស្រាប់ ក៏អាចចូលរួមធ្វើតេស្តសមត្ថភាពក្នុងកម្មវិធីការវាយតម្លៃការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញចំនួន៨មុខក្នុងវិស័យសំណង់ នាពេលឆាប់ៗខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចសាកសួរពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧ ដែលលោកចាត់ទុកថាជាលេខនាំសំណាង និងលេខ ១២៨៦ សម្រាប់ទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


