ព័ត៌មានជាតិ
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមេខ្លោង Online scam ជនបរទេសចំនួន៧នាក់ដាក់ពន្ធនាគារ
ក្រុមជនត្រូវចោទជាមេខ្លោងចំនួន៧នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់ ៩១២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)។

យោងតាមដីកាសម្រេចចំនួន៧ផ្សេងគ្នារបស់លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យយ៉ាងល្អិតល្អន់លើសំណុំរឿងដែលកសាងដោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជនត្រូវចោទ ទី១មានឈ្មោះ XI BING ភេទប្រុស ជនជាតិចិន , ទី២ ឈ្មោះ CHEN LANG ភេទប្រុស ជនជាតិចិន , ទី៣ឈ្មោះ XIA CHAO ភេទប្រុស ជនជាតិចិន, ទី៤ ឈ្មោះ NAN LIANG ភេទប្រុស ជនជាតិចិន , ទី៥ឈ្មោះ FAN LEI ភេទប្រុស ជនជាតិចិន , ទី៦ឈ្មោះ KIRAN KUMA RBAYAK ភេទប្រុស ជនជាតិនេប៉ាល់ និងទី៧ ឈ្មោះ MOHD SAKIB ភេទប្រុស ជនជាតិឥណ្ឌា ។ ជនបរទេសទាំង៧នាក់នេះ ត្រូវបានដាក់ឱ្យនៅក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ដែលចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


