Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធលូកាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកសង្កែត្រូវបានចាក់ដីធ្វើរបងរំលោភជាកម្មសិទ្ធិ

បានផុស

នៅ

ទីតាំងប្រព័ន្ធលូកាត់ផ្លូវជាតិលេខ៥ មួយកន្លែងដែលជាប្រភពអូរសម្រាប់ទឹកហូរឆ្លងកាត់ផ្លូវជាតិ ត្រូវបានបុគ្គលមួយរូបចាក់ដី និងធ្វើរបងយ៉ាងស្អាតសម្រាប់ធ្វើជាកម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរចំណុចខាងលើ ដែលជាប្រព័ន្ធលូហូរកាត់ផ្លូវជាតិ៥ ខាងកើតវត្តកាច់រទេះ ស្ថិតក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានលើកឡើងថា នៅត្រង់ចំណុចនេះកាលពីដើមឡើយមានទឹកហូរកាត់ផ្លូវជាតិជានិច្ច វាហាក់បីដូចជាអូរមួយខ្សែដែលហូរកាត់ជារៀងរាល់ឆ្នាំ ប៉ុន្តែនៅថ្មីៗនេះ មានបុគ្គលម្នាក់ដែលរស់នៅក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី បានមកចាក់ដី និងធ្វើរបងលួសសម្លាញ់បិទយ៉ាងស្អាតចំមុខប្រព័ន្ធលូដែលហូរកាត់ផ្លូវជាតិ ដោយគេបានអះអាងថាគេមានប្លង់រឹងត្រឹមត្រូវ។

ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ជាទូទៅការធ្វើផ្លូវជាតិនីមួយៗគឺគេបានសិក្សាយ៉ាងច្បាស់លាស់សម្រាប់ប្រព័ន្ធទឹកហូរកាត់ផ្លូវជាតិ ដើម្បីស្ថាបនាជាប្រព័ន្ធលូដែលការស្ថាបនានេះ គឺនៅចំតំបន់ណាដែលមានទឹកបុកខ្លាំង ឬក៏ជាចំណុចអូរដែលជាប្រភពទឹកត្រូវហូរកាត់ផ្លូវ តែផ្ទុយទៅវិញស្រាប់តែមានគេមកចាក់ដីពីមុខប្រព័ន្ធលូ ហើយធ្វើជារបងបិទថែមទៀតថែមទាំងបានអះអាងថា មានប្លង់ត្រឹមត្រូវ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នេះថា ជាទូទៅគឺពុំមាននរណាម្នាក់មានសិទ្ធិចាក់ដីបិទមុខប្រព័ន្ធលូហូរកាត់ផ្លូវជាតិបានឡើយ ដូច្នេះរាល់បញ្ហាខាងលើនេះលោកនឹងចាត់កម្លាំងចុះទៅពិនិត្យជាបន្ទាន់ ដើម្បីពិនិត្យ និងអនុវត្តតាមផ្លូវច្បាប់ ព្រោះមិនអាចបណ្ដែតបណ្ដោយបានឡើយ ម្យ៉ាងវិញទៀតប្រព័ន្ធលូហូរកាត់ផ្លូវជាតិ គឺជាដង្ហើមទឹកមិនអាចបិទយ៉ាងដូច្នេះបានទេ។ បើតាមការបញ្ជាក់ពីលោក ព្រួញ រិទ្ធថា បើម្ចាស់ដីពុំមានប្លង់ច្បាស់លាស់នោះទេ លោកនឹងអនុវត្តតាមផ្លូវច្បាប់ជាក់ជាមិនខាន៕

អត្ថបទ៖ សោ និយមរ័ត្ន


   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម