Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំចំនួន ១០ ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ខាងមុខ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចំនួន ១០ ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ខាងមុខ ដូចជាការរៀបចំ ចងទង់ជាតិ រៀបចំតុបតែងលម្អដោយបំពាក់​ខ្សែភ្លើង​ពណ៌ចម្រុះ និងដុតគោមបំភ្លឺ បង្កើនការប្រុងប្រយ័ត្នខ្ពស់លើការ​អុជទៀន ក៏ដូចជារៀបចំ​កម្មវិធី​សម្តែងសិល្បៈបុរាណ-សម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាម​រមណីយដ្ឋាន និង​ទី​សាធារណៈ​សមរម្យ​ក្នុង​រាជធានី​ភ្នំពេញ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងគោលបំណងសម្តែងនូវ​អំណរ​សាទរ ស្វាគមន៍ចំពោះការចូលមកដល់ នៃឆ្នាំថ្មី និង សម្តែងនូវការ​គោរព​ដឹងគុណ ថ្វាយ ប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្វាយ​ព្រះពរ​ចំពោះ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង​ថ្វាយព្រះរាជកុសលជូន ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ និងជូនពរថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំង​បុព្វការីជន​ទាំងឡាយ សំដៅ​បង្កើនឡើងនូវ​មនោសញ្ចេតនា​គោរពស្រលាញ់ សាមគ្គីភាព​ស្និទ្ធស្នាល និង​ទទួល​បាន​សព្ទសាធុការពរ​ពីទេវតាឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី”។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងប្រព្រឹត្តទៅតាម​ដំណើរ​សង្ក្រាន្ត​ដូច​តទៅ ៖ -ថ្ងៃអង្គារ ១២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១០:៤៨ នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី។ -ថ្ងៃពុធ ១៣ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ ជា​ថ្ងៃ​វ័នបត។ -ថ្ងៃ​ព្រហស្បតិ៍ ១៤ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ ជាថ្ងៃឡើង​ស័ក គម្រប់​សង្ក្រាន្ត ៣ ថ្ងៃ ចប់​ដោយ​បរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក តរៀងទៅ។

ទន្ទឹមនេះ យោងផែនការណែនាំលេខ ០២/២០២៦ គជបអ ចុះថ្ងៃចន្ទ ៧ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ ដើម្បី​ញ៉ាំង​ឱ្យ​ពិធីបុណ្យ​ប្រព្រឹត្តទៅដោយ​អធិកអធម រក្សាបាននូវប្រពៃណី​ទំនៀមទម្លាប់ វប្បធម៌ដ៏ល្អ​ផូរផង់​របស់ជាតិ និងធានាបាននូវសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អប្រសើរ ព្រមទាំងបង្កើន​សោភ័ណភាព​រាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត ក្នុង​ឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ​ដូច​ខាង​ក្រោម ៖ ១- រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរ-អង្គភាព​ជំនាញជុំវិញរដ្ឋបាល​រាជធានី​ភ្នំពេញ គ្រឹះស្ថាន សិក្សា វត្តអារាម ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារ រមណីយដ្ឋាន និង​មជ្ឈមណ្ឌល​កម្សាន្តទាំងអស់ក្នុង រាជធានីភ្នំពេញ ត្រូវ៖ -រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណា “ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត អមដោយការតុបតែងលម្អ​កំណាត់​បូ បំភ្លឺភ្លើងពណ៌ និងដុតគោមបំភ្លឺ ឱ្យបានស្រស់ស្អាត។ -ចង​ទង់​ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល និងបដាពាក្យស្លោកនៅតាមស្ថាប័ន និង​ទីតាំង​សាមី។ -បដាពាក្យស្លោក ត្រូវមានខ្លឹមសារឆ្លុះបញ្ចាំងពីសន្តិភាព និងការអភិវឌ្ឍជាតិ និងទាក់ទង​ប្រពៃណី​ទំនៀមទម្លាប់ពិធីបុណ្យចូលឆ្នាំថ្មី ហើយត្រូវចងតាមលក្ខណៈបច្ចេកទេស និង​សមស្រប​តាម​ទំហំ​អគាររបស់ខ្លួន ចៀសវាងបង្កគ្រោះថ្នាក់ និងបាត់បង់​សោភ័ណភាព។ ២-គ្រប់​គេហដ្ឋាន ផ្សារ​ទំនើប ផ្សារមីនីម៉ាត (Mini Mart) ហាងលក់ទំនិញ អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ (ដូចជា សណ្ឋាគារ ខុនដូរ ភោជនីយដ្ឋាន) និងមូលដ្ឋានអាជីវកម្មផ្សេងទៀតគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវ ៖ -រៀបចំដោតទង់ជាតិ ដោយដាក់ដង និងចងទង់ជាតិឱ្យមានរបៀបរៀបរយល្អ ហើយត្រូវពិនិត្យមើល​លើទង់ជាតិ ត្រូវមានលក្ខណៈត្រឹមត្រូវ ស្របតាម​អត្តសញ្ញាណ​ជាតិ និង​កំណាត់​ទង់ជាតិ ត្រូវមាន​សភាព​ល្អ ចៀសវាងមានការដាច់រហែក ស្លក់​ពណ៌ ឬ ទក់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ​អត្តសញ្ញាណ​ជាតិ។ -រៀបចំតុបតែងលម្អដោយបំពាក់ខ្សែភ្លើងពណ៌ចម្រុះ និងដុតគោមបំភ្លឺនៅមុខ​គេហដ្ឋាន តាមរបង មុខអគារ ជញ្ជាំង ឬ ដើមឈើ និងមុខមូលដ្ឋានអាជីវកម្មរបស់ខ្លួន ដើម្បី​បង្កើន​ភាពទាក់ទាញ និង​សោភ័ណភាព ដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុស​ឡើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីជាតិ។ -រៀបចំតុបតែងលម្អដោយក្បាច់រចនា​តាម​បែប​ប្រពៃណី​នៅ​ទីតាំង​រៀបចំ​គ្រឿងសក្ការៈបូជា និងត្រៀមរៀបចំ គ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ និងរៀបចំពលីការដ៏សមរម្យ មាននំចំណី ផ្លែឈើជាអាទិ៍ ដើម្បីទទួលទេវតាឆ្នាំថ្មី។ -បង្កើនការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការ​ប្រើប្រាស់​ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ចៀសវាង មានគ្រោះអគ្គិភ័យណាមួយកើតឡើង​ជាយ​ថា​ហេតុ។ ៣-រដ្ឋបាលខណ្ឌទាំង ១៤ និងគ្រប់មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវ ៖ -ចាត់តាំងឱ្យមានក្រុមវេនយាមប្រចាំការ ២៤ ម៉ោង នៅតាមអង្គភាពរៀងៗ ខ្លួន និងរៀបចំបញ្ជី​ឈ្មោះ​ក្រុម វេនយាមប្រចាំការ ផ្ញើមករដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី ៨ ខែ​មេសា ឆ្នាំ ២០២៦។ -រៀបចំកម្មវិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ មណ្ឌល​កុមារ​កំព្រា មណ្ឌលចាស់ជរា-ជនពិការ មន្ទីរពេទ្យ និងមណ្ឌលនានា។ -រដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនារាជធានី ភ្នំពេញ និងគណៈកម្មការអាចារ្យវត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានបំពេញ កុសលតាមសទ្ធាជ្រះថ្លា និងរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណី និងសាសនារបស់ជាតិ ព្រមទាំង​ត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាម ឱ្យបាន​ល្អ​ប្រសើរ។ ៤-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ ៖ – ណែនាំដល់គ្រប់វត្តអារាមឱ្យ​ធ្វើការ​សម្អាត និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ក្អែប ទង់រំយោល និង ចងបដាពាក្យស្លោកឱ្យ​បាន​សមរម្យ។ -ណែនាំដល់គ្រប់វត្តអារាម ឱ្យរៀបចំពិធីបុណ្យសាសនាស្របតាមប្រពៃណីសាសនា និង​ប្រពៃណីជាតិ ដូចជា ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ពិធីបង្សុកូលឧទ្ទិសកុសល ពិធី​រាប់បាត្រ និង​ពិធី​ស្រោច​ទឹក​សីលវន្ត សីលវតី មាតាបិតា និងចាស់ព្រឹទ្ធាចារ្យ។ -ណែនាំដល់គ្រប់វត្តអារាម​ឱ្យសម្អាត​ព្រះពុទ្ធរូប ព្រះបដិមា និងសម្អាតអនាម័យ-បរិស្ថានទាំងក្នុង និងក្រៅ បរិវេណវត្តអារាមឱ្យបាន​ស្អាត។ -សហការជាមួយរដ្ឋបាលខណ្ឌដង្កោ និងក្រុមហ៊ុន ជេ ស៊ី រ៉ូយ៉ាល់ ខមភេនី អិលធីឌី ដើម្បី​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់​វិញ្ញាណក្ខន្ធ​អ្នកដែលបានស្លាប់​បាត់​បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ “ប៉ុលពត” នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជើងឯក និងកន្លែងតម្កល់ អដ្ឋិធាតុ​នៅតាម​បូជនីយដ្ឋាន ស្តុបផ្សេងៗ ឱ្យបានមុនថ្ងៃចូលឆ្នាំថ្មី​មក​ដល់។ ៥-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវ ៖ -រៀបចំកម្មវិធីសម្តែងសិល្បៈបុរាណ-សម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាម​រមណីយដ្ឋាន និងទីសាធារណៈ​សមរម្យ​ក្នុង​រាជធានី​ភ្នំពេញ។ -បំផុសចលនាប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុស ក្នុងការ​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ ដូចជា ចោលឈូង បោះ​អង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើង​សសរ​ខ្លាញ់ លោត​បាវ និងវាយឆ្នាំង នៅតាមរមណីយដ្ឋាននានា ឬ ទីតាំងសមរម្យណាមួយ។ ៦-មន្ទីរព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយវិទ្យុ-ទូរទស្សន៍ ចុះយកព័ត៌មាន ថតរូប និង​ថត​វីដេអូ​នូវ​រាល់​សកម្មភាព ទិដ្ឋភាពជាក់ស្តែងនាថ្ងៃបុណ្យ ទាំងពិធីខាងសាសនា និងពិធីខាងប្រពៃណីជាតិ ដូចជា សកម្មភាពលេងល្បែង​ប្រជាប្រិយ​គ្រប់ប្រភេទតាមតំបន់នីមួយៗ ហើយ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ទស្សនា និងយល់​ជ្រួតជ្រាបច្បាស់លាស់​ពីអត្ថន័យ នៃពិធី​បុណ្យ​ប្រពៃណី​ជាតិ។ ៧-មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាម​បណ្តា​សួនច្បារ ដើមឈើ ដងវិថី ដំឡើងរបាកាត់ទទឹងផ្លូវនៅមហាវិថីសំខាន់ៗ ដើម្បីចូលរួម​អបអរសាទរ​ពិធី​បុណ្យ លាងសម្អាតផ្លូវ លាបលន ឬ គំនូសនៅតាមបណ្ដាមហាវិថី និងវិថីសំខាន់ៗ ដើម្បីធានាបរិស្ថាន និងសោភ័ណភាពស្រស់ស្អាត។ ៨-មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នានា ត្រូវ ៖ – យកចិត្តទុកដាក់​លើការផ្តល់សេវាក្នុង​វិស័យ​ទេសចរណ៍​ឱ្យបានល្អប្រសើរ ទាំងគុណភាព សុវត្ថិភាព អនាម័យ ម្ហូបអាហារ ការងារ​សន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការងារផ្នែក​បដិសណ្ឋារកិច្ច។ -ណែនាំដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នានា និងកាណូតទេសចរណ៍ ឱ្យដាក់ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងរៀបចំតុបតែងលម្អដោយភ្លើងពណ៌ឱ្យ​បានស្រស់​ស្អាត។ ៩-មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការសង្គ្រោះបន្ទាន់ ដោយត្រូវ​ត្រៀមក្រុមគ្រូពេទ្យ ឱសថ បរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាម​តំបន់​រមណីយដ្ឋាន និងទីប្រជុំជន កម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។ ១០- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង ១៤ និងអាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ត្រូវរៀបចំ និងអនុវត្តផែនការ ការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ​សង្គម និងសណ្តាប់ធ្នាប់ឱ្យបានល្អទាំងមុន ក្រោយ និងអំឡុងពេល ពិធីបុណ្យ ព្រមទាំង​ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍នៅតំបន់គោលដៅ ដែលមាន​ការ​កកស្ទះខ្លាំង ទប់ស្កាត់បង្ការបទល្មើស និងសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ។ ទទួល​បាន​សេចក្តីណែនាំ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ និង​មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ចែងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមាន​ប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម