ព័ត៌មានជាតិ
តំណាងរដ្ឋមកពី ៧ប្រទេស បើកកិច្ចប្រជុំបន្ទាន់ពិភាក្សាអភិរក្សសង្គ្រោះប្រាសាទព្រះវិហារដែលរងការខូចខាតដោយយោធាថៃ
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃ ប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីវិធានការបន្ទាន់នានា សំដៅដល់អភិរក្សសង្គ្រោះប្រាសាទព្រះវិហារ និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសបន្សល់ទុកដោយស្នាដៃយោធាថៃអំឡុងពេលឈ្លានពានកម្ពុជាទាំងពីរលើក។

កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធាន គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ លោកជំទាវ LI Ji កុងស៊ុលស្ថានទូតចិន ជាសហប្រធានចិន និង លោកជំទាវបណ្ឌិត Tanu PRIYA អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌា ជាសហប្រធានឥណ្ឌា។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមានប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិនិងអន្តរជាតិ ដែល រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណ១៥៨រូប ដើម្បីតាមដាន និងត្រួតពិនិត្យ ការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយ អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។

អង្គប្រជុំនេះ បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា ដូចជាការបោស សម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទ, រៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូល, ការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។
អង្គប្រជុំបានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ ផលប៉ះពាល់លើសហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋមនិងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយនិងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរ។ ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារដោយសារជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ សរុបចំនួន៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងការបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។

នៅមុនកិច្ចប្រជុំនេះ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការ ICC-ព្រះវិហារ បានបំពេញទស្សនកិច្ច និងពិភាក្សាការងារអភិរក្សនិងជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមីនា ឆ្នាំ២០២៦ ជាពិសេសការចុះពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារ និងផលប៉ះពាល់លើវិស័យទេសចរណ៍ និងសហគមន៍ ដើម្បីរៀបចំរបាយការណ៍ និងអនុសាសន៍ សម្រាប់កិច្ចប្រជុំ ICC-ព្រះវិហារ។
ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានជូនដំណឹងអំពីបេសកកម្មប្រឹក្សាយោបល់បច្ចេកទេសរបស់អង្គការ យូណេស្កូ និង ICOMOS ចុះមកពិនិត្យប្រាសាទព្រះវិហារនៅសប្តាហ៍ទីមួយ ក្នុងខែមីនាកន្លងមក តាមការ ពីញរបស់កម្ពុជាស្របតាមគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោក។ គោលបំណងនៃបេសកកម្មនេះគឺដើម្បីវាយតម្លៃស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្តល់ យោបល់បច្ចេកទេសដើម្បីគាំទ្រដល់ការងារអភិរក្សរយៈពេលវែង ស្របតាមគោលបំណងរបស់អនុសញ្ញា បេតិកភណ្ឌពិភពលោក និងគោលការណ៍ប្រតិបត្តិ។
របាយការណ៍នៃបេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជា ស្របតាមបេសកកម្មផ្តល់យោបល់បច្ចេកទេស ដែលធ្លាប់បានអនុវត្តកន្លងមក។

លទ្ធផលជារួមរបស់អង្គប្រជុំនេះ សហប្រធានចិន និងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជាសមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារនិង ថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធាន ទាំងពីរបានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេលដែលស្ថានភាពវិលមកប្រក្រតីភាពវិញ៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


