Connect with us

ព័ត៌មានជាតិ

កូនឈើលម្អ ចំនួន៥០០ដើម ត្រូវបានដាំតាមផ្លូវចូលរមណីយដ្ឋានកោះកេរ ក្នុងថ្ងៃរុក្ខទិវា

បានផុស

នៅ

ដើម្បី​​ចូលរួមអបអរសាទររុក្ខទិវា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអង្គភាពពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន សរុបចំនួន ៥០នាក់ រៀបចំពិធីដាំកូនឈើ ចំនួន៥០០ដើម អមសងខាងផ្លូវចូលរមណីយដ្ឋានកោះកេរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិព្រះវិហារ កម្មវិធីនេះ គឺជាផ្នែកមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងស្តារព្រៃឈើឡើងវិញ ដើម្បីលើកកម្ពស់ទេសភាពនៅក្នុងរមណីយដ្ឋានកោះកេរ បង្កើនគម្របបៃតង ផ្តល់ជាម្លប់ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តក្នុងរមណីយដ្ឋាននេះផងដែរ។

ពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធីរុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមក។

ព្រះរាជពិធីរុក្ខទិវា ត្រូវបានទទួលស្គាល់ជាផ្លូវការ និងបានចែងក្នុងច្បាប់ ស្ដីពីព្រៃឈើឆ្នាំ២០០២  ជំពូកទី១២ មាត្រា៦០ ដើម្បីជំរុញអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើជាប្រពៃណីជាតិ ត្រូវបានហៅថា «រុក្ខទិវា»  ត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម