Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន ចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធករណីឆបោកអនឡាញ (Online Scams)លួចលាក់ប្រព្រឹត្តបទល្មើស

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលទើបតែលួចចូលមកប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាតំបន់ឆ្ងាយពីទីប្រជុំជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោកស្រីអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសមួយចំនួន។

ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍សម្រាប់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមានការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទខ្ទប់ទីតាំងនោះជាបណ្ដោះអាសន្ន ខណៈមនុស្សចំនួន ១៧ នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី

យោងតាមការបញ្ជាក់ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦ កន្លែង។ ក្នុងនោះរួមមាន ទីតាំងកាស៊ីណូចំនួន ៩១ កន្លែង និងប្រភេទបុរី វីឡា ខុនដូ ព្រមទាំងលំនៅឋានចំនួន ១៤៥ កន្លែង។

ដោយឡែក របាយការណ៍របស់ក្រសួងយុត្តិធម៌បានបង្ហាញថា ក្នុងរយៈពេល ៨ ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩ សំណុំរឿង ដោយបានផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ (ដែលមានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជាករណី ចេន ស៊ី និង លី គួង ជាដើម)។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម