Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកអូររាំង ដំឡើងបង្គោលចំនួន ៥០០​ដើម បំពាក់អំពូលសូឡាសម្រួលការធ្វើដំណើរពេលរាត្រី

បានផុស

នៅ

រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី បានដំឡើងបង្គោលចំនួន ៥០០ ដើម ដោយបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវជាតិលេខ៧៦ ចាប់ពីស្រុកអូររាំង ដល់ព្រំប្រទល់ក្រុងសែនមនោរម្យ ដើម្បីសម្រួលដល់ការធ្វើដំណើរនៅពេលយប់ និងលើកកម្ពស់សោភ័ណភាពក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានប្រាប់កម្ពុជាថ្មី ការដំឡើងបង្គោលភ្លើងសូឡានេះ មានគោលបំណងបម្រើប្រយោជន៍សាធារណៈ លើកកម្ពស់សោភ័ណភាពតំបន់ និងជួយបង្កើនសុវត្ថិភាពចរាចរណ៍ ជាពិសេសបញ្ចៀសគ្រោះថ្នាក់នៅពេលរាត្រី សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវនេះ។

លោកបានបន្តថា ការអនុវត្តគម្រោងនេះស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលផ្តោតលើវិស័យ “ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការអនុវត្តគម្រោង ដោយទទួលបានការណែនាំបន្ថែមពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ហើយរដ្ឋបាលស្រុកអូររាំង នឹងបន្តពង្រីកការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវនៅតាមភូមឋានរបស់ប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាល។

បើតាមការបញ្ជាក់ពីលោក សៀក មុន្នី បង្គោលភ្លើងសូឡាដែលបានដំឡើងក្នុងស្រុកអូររាំង មានចំនួនសរុបជាង ៥០០ បង្គោល។ រដ្ឋបាលស្រុកក៏មានផែនការបន្តពង្រីកការដំឡើងអំពូលភ្លើងទៅកាន់ឃុំដាក់ដាំ មណ្ឌលសុខភាព និងតំបន់ប្រជុំជនផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋក្នុងតំបន់ បានសម្តែងការគាំទ្រខ្លាំងចំពោះគម្រោងនេះ ដោយចាត់ទុកថា ជួយបង្កើនគុណភាពជីវិត និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរបានកាន់តែប្រសើរនៅពេលរាត្រី៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម