Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ថ្កោលទោសក្រុមបុគ្គលអគតិព្រួតដៃគ្នាវាយសត្វប្រើសញីមានផ្ទៃពោះ ១ ក្បាល ជិតផុតពូជ ស្លាប់ក្នុងចម្ការដំឡូងមី

បានផុស

នៅ

មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិមួយចំនួនដែលព្រួតដៃគ្នាវាយសត្វប្រើសញីមានផ្ទៃពោះ ១ ក្បាល រហូតដល់ស្លាប់ ក្នុងចម្ការដំឡូងមី ខណៈបច្ចុប្បន្ន អាជ្ញាធរ កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និង អាជ្ញាធរមានសមត្ថកិច្ច មានក្តីរំជួលចិត្ត និង សោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានស្តីពី ករណីសត្វប្រើសញីមានផ្ទៃពោះ ១ ក្បាល ទម្ងន់ ១១០ គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ហើយត្រូវបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយ និង បង្អៅឆ្កែដេញ បណ្តាលឲ្យសត្វព្រៃផ្អើលរត់បុករបងលួសមុតសាច់ ហើយត្រូវឆ្កែខាំរហូតដល់ស្លាប់យ៉ាងព្រៃផ្សៃក្នុងចម្ការដំឡូងមី។

សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ និង សត្វព្រៃ សត្វប្រើស ស្ថិតប្រភេទងាយរងគ្រោះ ក្នុងបញ្ជី IUCN Red List ប៉ុណ្ណោះទេ ប៉ុន្តែវាជាអំពើខុសច្បាប់ក្នុងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុភ្លាមៗ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ រាយការណ៍ជូនលោកប្រធានមន្ទីរ និង ស្នើសុំគោលការណ៍ពី លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និង កូនក្នុងផ្ទៃដ៏កម្សត់នោះ ស្ថិតនៅវត្ត ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឲ្យបានសមរម្យផងដែរ។

អាជ្ញាធរ ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីប្រទះឃើញមានសត្វព្រៃវង្វេងចូលក្នុងភូមិឋាន សូមមេត្តាចូលរួមការពារ ថែរក្សា និង រាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថាន ឬ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឲ្យបានទាន់ពេលវេលា ជៀសវាងការបង្ករបួសស្នាម ឬ សម្លាប់សត្វព្រៃដោយអចេតនា និង ចេតនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម