ព័ត៌មានជាតិ
អ្នកអភិរក្ស៖ ក្រពើភ្នំដែលលែងចូលទន្លេស្រែពកមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ បើមិនទៅបំផ្លាញជម្រក ពង ឬកូនរបស់វា
សត្វក្រពើភ្នំ មិនបង្កគ្រោះថ្នាក់ ឬហានិភ័យដល់មនុស្សនោះទេ ប្រសិនបើមនុស្សមិនទៅបំផ្លាញជម្រក និងពងរបស់វា ចំណែកជម្រករបស់ក្រពើភ្នំ គឺនៅជ្រៅក្នុងតំបន់ការពារធម្មជាតិ។ នេះគឺជាការឆ្លើយតបរបស់លោក ឆេង សំបូរ ជាប្រធានផ្នែកសាធារណ តស៊ូមតិ ចំណេះដឹង និងព័ត៌មាន របស់អង្គការ WWF-កម្ពុជា ទៅនឹងសំណួរអំពីការព្រួយបារម្ភថាក្រពើភ្នំដែលលែងចូលទន្លេស្រែពក អាចវាយប្រហារមនុស្សឬអត់?

លោក ឆេង សំបូរ ជាប្រធានផ្នែកសាធារណ តស៊ូមតិ ចំណេះដឹង និងព័ត៌មាន របស់អង្គការ WWF-កម្ពុជា បានអះអាងថា សត្វក្រពើភ្នំ មិនបង្កគ្រោះថ្នាក់ ឬហានិភ័យដល់មនុស្សនោះទេ ប្រសិនបើមនុស្សមិនទៅបំផ្លាញជម្រក និងពងរបស់វា ចំណែកជម្រករបស់ក្រពើភ្នំ គឺនៅជ្រៅក្នុងតំបន់ការពារធម្មជាតិ។

បើតាមអាជ្ញាធរ ទន្លេស្រែពក ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាតំបន់ស្នូល ឬតំបន់ហាមឃាត់ពលរដ្ឋធម្មតាចេញចូលបើគ្មានការអនុញ្ញាតពីសមត្ថកិច្ច។ តំបន់ដែលលែងក្រពើភ្នំចូលនេះ ក៏ជាតំបន់ដាច់ស្រយាលពីពលរដ្ឋរស់នៅទៀតផង។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីលែងកូនក្រពើភ្នំ ចំនួន១០ក្បាល ក្នុងនោះឈ្មោះ ១ក្បាល នៅក្នុងទន្លេស្រែពក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នាខេត្តមណ្ឌលគិរី លោក ឆេង សំបូរ ពន្យល់ថា៖ «ក្រពើភ្នំនេះ ជាធម្មជាតិ វាមិនបង្កផលប៉ះពាល់ទៅដល់មនុស្សនោះទេ។ យើងមិនទាន់ដឹងមានរបាយការណ៍ណាបង្ហាញថា មនុស្សគ្រោះថ្នាក់ដោយសារក្រពើភ្នំ នេះនោះទេ។ នៅទីនេះជាតំបន់ហាមឃាត់ (ដែនជម្រកសត្វព្រៃស្រែពក) មិនថាកន្លែងតំបន់ការពារយើងមិនអនុញ្ញាតឱ្យមនុស្សចូលទេ។ អ៊ឹចឹងជាក់ស្តែងសត្វក្រពើនេះវានឹងមិនទៅបង្កជាហានិភ័យទេ»។

លោកបានរៀបរាប់ថា ល្គឹកណាមនុស្សមិនចូលរំខានបំផ្លាញជម្រក ឬយកកូន ឬពងរបស់ក្រពើភ្នំនោះមនុស្សនឹងមិនរងគ្រោះថ្នាក់ដោយសារតែការវាយប្រហាររបស់ក្រពើភ្នំ ជាដាច់ខាត។ វត្តមានសត្វក្រពើភ្នំ គឺមានសារៈសំខាន់ខ្លាំងណាស់នៅ ក្នុងធម្មជាតិ ពីព្រោះក្រពើភ្នំ ជាប្រភេទសត្វស៉ីត្រីជាអាហារ ជាពិសេសក្រពើភ្នំ មានមុខងារសំខាន់ជួយដល់ជីវៈចម្រុះ។
លោក ឆេង សំបូរ បានឱ្យដឹងថា កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។

លោកថាមុនពេលលែងកូនក្រពើទាំងនេះត្រូវបានបំពាក់ឧបករណ៍បន្ទះឈីប ដែលអាចបញ្ជូនសញ្ញារលកសំឡេង ដើម្បីតាមដានចលនា ទីតាំងរស់នៅ និងស្ថានភាពរស់រានមានជីវិតរបស់ពួកវា។ កូនក្រពើភ្នំទាំងនេះ គឺជាក្រពើភ្នំពូជសុទ្ធ ដែលផ្តល់ដោយអង្គការ Fauna & Flora International និងត្រូវបានបង្កាត់ពូជនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ។ ការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិជាមួយនឹងកូនក្រពើ ដើម្បីជួយអ្នកជំនាញសិក្សាពីការផ្លាស់ទី ការធំធាត់ និងជីវិតរស់នៅរបស់ក្រពើភ្នំ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការលែង និងងាយស្រួលក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗរបស់ពួកវានាពេលអនាគត។

ចំណែកលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការលែងក្រពើភ្នំចូលទៅក្នុងធម្មជាតិ គឺដើម្បីបង្កើនចំនួនសត្វដ៏កម្រនេះនៅកម្ពុជា និងចូលរួមការពារតុល្យភាពប្រព័ន្ធអេកូឡូស៊ី។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ទន្លេស្រែពកត្រូវបានជ្រើសរើសជាទីតាំងលែង ព្រោះជាជម្រកធម្មជាតិដ៏សមស្របសម្រាប់ការរស់នៅ និងបន្តពូជរបស់សត្វក្រពើភ្នំ។ គួរបញ្ជាក់ថា ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតមួយនៅលើពិភពលោក។
បច្ចុប្បន្ន កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានសត្វក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ ដោយមានចំនួនប្រមាណ៤០០ក្បាល ខណៈចំនួនសរុបនៅទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថានៅសល់ប្រមាណ១ពាន់ក្បាលប៉ុណ្ណោះ។ នៅកម្ពុជា សត្វប្រភេទនេះចូលចិត្តរស់នៅតំបន់ដាច់ស្រយាលក្នុងតំបន់ជួរភ្នំក្រវាញក្នុងខេត្តកោះកុង ពោធិ៍សាត់ និងភូមិភាគឦសាន ក្នុងខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


