Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ ទុកពេល៥ថ្ងៃ ឲ្យម្ចាស់សំណង់សង់រំលោភដីក្នុងតំបន់អភិវឌ្ឍន៍ លើដីប្លុកត្រីកោណត្រូវរុះរើជាបន្ទាន់ ជៀសវាងការអនុវតវិធានការរដ្ឋបាល

បានផុស

នៅ

រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀត តម្រូវឱ្យលោក ព្រំ បូ, លោកស្រី ព្រំ អូន និងលោកស្រី តាំង ហៃថាំង រុះរើសំណង់ឃ្លាំង របងថ្ម និងសម្ភារៈផ្សេងៗ ដែលបានសាងសង់ និងដាក់តាំងនៅលើដីស្ថិតក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង ដើម្បីបើកផ្លូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ បែងចែក និងប្រគល់ដីជូនប្រជាពលរដ្ឋដែលមានសេចក្តីសម្រេចត្រឹមត្រូវតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជូនដំណឹងនេះ ត្រូវបានធ្វើឡើងនៅទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយរដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ទីតាំងដីដែលបុគ្គលទាំង៣ កំពុងគ្រប់គ្រងកាន់កាប់ មិនមែនជាកម្មសិទ្ធិរបស់ខ្លួនឡើយ ប៉ុន្តែជាដីរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានសេចក្តីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញរួចហើយ ប៉ុន្តែមិនទាន់បានចូលកាន់កាប់ជាក់ស្តែង។

តាមការបញ្ជាក់របស់រដ្ឋបាលខណ្ឌ ឯកសារផ្លូវការបានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចេញសេចក្តីសម្រេចលេខ ០០៧/១៦ សសរ.អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហានទី៣) ប្រគល់ដីឡូតិ៍ចំនួន៤ រួមមាន ឡូតិ៍លេខ៩ លេខ១១ និងលេខ១៣ តាមផ្លូវលេខ៥៩៨ ព្រមទាំងឡូតិ៍លេខ១០ តាមផ្លូវលេខ១៧២១ ជូនក្រុមគ្រួសារលោក-លោកស្រី រួចរាល់ហើយ។

មិនត្រឹមតែប៉ុណ្ណោះ តុលាការកំពូល ក៏បានចេញសាលដីកាលេខ ៣១២(ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បញ្ជាក់ពីការបែងចែកដីខាងលើជូនភាគីពាក់ព័ន្ធ ដោយបង្គាប់ឱ្យឈ្មោះ ព្រំ បូ ប្រគល់ដីទំហំ ២០ម៉ែត្រ គុណ ៦០ម៉ែត្រ ស្មើនឹង២ឡូតិ៍ ជូនឈ្មោះ ព្រំ អូន ដែលជាឡូតិ៍លេខ១៣ ផ្លូវលេខ៥៩៨ និងឡូតិ៍លេខ១០ ផ្លូវលេខ១៧២១។ ការអនុវត្តសាលដីកាស្ថាពរ ក៏ត្រូវបានអាជ្ញាសាលាចុះអនុវត្តរួចរាល់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ផងដែរ។

ដោយឡែក ចំពោះដីស្ថិតក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌបានអះអាងថា ការកាន់កាប់របស់លោក ព្រំ បូ, លោកស្រី ព្រំ អូន និងលោកស្រី តាំង ហៃថាំង គឺជាការកាន់កាប់ដោយខុសច្បាប់ ជាន់លើដីដែលមានសេចក្តីសម្រេចជូនប្រជាពលរដ្ឋ និងជាន់លើដីឡូតិ៍បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ប្រភពដដែលបានឱ្យដឹងទៀតថា រដ្ឋបាលខណ្ឌឫស្សីកែវ ធ្លាប់បានចេញសេចក្តីជូនដំណឹងចំនួន៣លើករួចមកហើយ ដោយតម្រូវឱ្យរុះរើសំណង់ឃ្លាំង របងថ្ម និងរើយកសម្ភារៈផ្សេងៗចេញពីទីតាំងដីខាងលើ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីពាក់ព័ន្ធនៅតែមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។

ដើម្បីឈានទៅបញ្ចប់ទំនាស់ដីធ្លីទាំងស្រុងនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ រដ្ឋបាលខណ្ឌបានកំណត់ឱសានវាទរយៈពេល៥ថ្ងៃ ឱ្យភាគីពាក់ព័ន្ធរុះរើសំណង់ឃ្លាំង របងថ្ម និងសម្ភារៈផ្សេងៗចេញដោយខ្លួនឯង។ បន្ទាប់ពីការរុះរើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តបែងចែក និងប្រគល់ដីជូនប្រជាពលរដ្ឋដែលមានសេចក្តីសម្រេចស្របច្បាប់ ព្រមទាំងរក្សាដីឡូតិ៍បម្រុងសម្រាប់បន្តដោះស្រាយសំណុំរឿងទំនាស់ដែលនៅសេសសល់។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានព្រមានថា ប្រសិនបើលោក ព្រំ បូ, លោកស្រី ព្រំ អូន និងលោកស្រី តាំង ហៃថាំង មិនអនុវត្តតាមការជូនដំណឹងក្នុងរយៈពេលកំណត់ទេ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល ចុះរុះរើសំណង់ដោយផ្ទាល់ ដោយពុំទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ផលប្រយោជន៍ណាមួយដែលអាចកើតមានឡើយ៕អត្ថបទ ៖សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម