ព័ត៌មានជាតិ
ស៊ី សម្លឹងចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់ធ្នាប់ AI ដោយប្រជែងជាមួយអាមេរិក
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញមហិច្ឆតាដាក់ចិនឱ្យក្លាយជាមេដឹកនាំពិភពលោកថ្មីខាងរៀបចំសណ្ដាប់ធ្នាប់បញ្ញាសិប្បនិម្មិត (AI) ដោយប្រជែងជាមួយសហរដ្ឋអាមេរិកដែលមានឥទ្ធិពលខ្លាំងលើវិស័យបច្ចេកវិទ្យាដែលរីកចម្រើនដ៏រហ័សមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ថ្លែងក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) នៅទីក្រុងសៀងហៃ នៅថ្ងៃសុក្រ លោក ស៊ី បានអំពាវនាវឱ្យបណ្តាប្រទេសនានាចាប់យក «ឱកាសដ៏កម្រ និងជាប្រវត្តិសាស្ត្រ» ក្នុងការអភិវឌ្ឍប្រភពបើកចំហរ AI (Open Source AI) និងសន្យាជួយប្រទេសកំពុងអភិវឌ្ឍកសាងសមត្ថភាព AI របស់ពួកគេ។
មេដឹកនាំចិនដដែល ក៏បានព្រមានផងដែរថា ពិភពលោកមិនគួរអនុញ្ញាតឱ្យ AI បង្កើត «ភាពអយុត្តិធម៌ប្រវត្តិសាស្ត្រថ្មី» ដោយសារការចូលប្រើប្រាស់បច្ចេកវិទ្យាដោយមិនស្មើគ្នានោះទេ។
សុន្ទរកថារបស់លោក ស៊ី ត្រូវបានគេមើលឃើញថា ជាការប្រកាសដ៏ច្បាស់បំផុតអំពីមហិច្ឆតារបស់ចិន ក្នុងការដឹកនាំការកំណត់ច្បាប់ ស្តង់ដារ និងសណ្ដាប់ធ្នាប់ AI សកល ដោយដាក់ចិនជាជម្រើសមួយប្រជែងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
លោក ស៊ី បានប្រៀបធៀបសារៈសំខាន់របស់ AI ទៅនឹងការបង្កើតម៉ាស៊ីនចំហាយទឹក និងអគ្គិសនី ដោយលើកឡើងថា ចិននឹងចែករំលែកបច្ចេកវិទ្យា និងជំនាញ AI ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ ព្រមទាំងដឹកនាំការរៀបចំស្តង់ដារអន្តរជាតិសម្រាប់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងលឿននេះ។
ទោះបីមិនបាននិយាយឈ្មោះសហរដ្ឋអាមេរិកចំៗក៏ដោយ សុន្ទរកថារបស់លោក ស៊ី ត្រូវបានគេមើលឃើញថា ជាការប្រជែងជាមួយគំនិតផ្តួចផ្តើម «Pax Silica» ដែលដឹកនាំដោយអាមេរិក លើការកំណត់ច្បាប់ និងខ្សែច្រវាក់ផ្គត់ផ្គង់ AI ក៏ដូចជាសារធាតុរ៉ែសំខាន់ៗ។
ស្របពេលនោះ ក្រុមហ៊ុន AI របស់ចិនក៏កំពុងបង្កើនសម្ពាធលើក្រុមហ៊ុនអាមេរិកផងដែរ។ នៅថ្ងៃសុក្រនេះ ក្រុមហ៊ុន Moonshot AI ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានប្រកាសម៉ូឌែល Kimi K3 ដែលខ្លួនអះអាងថា ជាម៉ូឌែល AI ដ៏ធំបំផុតរបស់ពិភពលោក។ ការប្រកាសរបស់ក្រុមហ៊ុនចិនមួយនេះ ធ្វើឡើងត្រឹមមួយខែបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានដកម៉ូឌែល AI ទំនើបកម្រិតខ្ពស់របស់ក្រុមហ៊ុន Anthropic ចេញពីការប្រើប្រាស់មួយចំនួន ដោយលើកឡើងពីក្តីបារម្ភផ្នែកសន្តិសុខ។

ក្រៅពីការជំរុញការអភិវឌ្ឍ AI លោក ស៊ី ក៏បានសង្កត់ធ្ងន់លើសុវត្ថិភាពផងដែរ។ លោកបានអំពាវនាវឱ្យប្រទេសនានាធានាថា ប្រព័ន្ធ AI ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស និងបង្កើតប្រព័ន្ធព្រមានជាមុន និងយន្តការឆ្លើយតបបន្ទាន់ ដើម្បីទប់ស្កាត់ហានិភ័យពី AI។
ក្នុងឱកាសដដែល លោក ស៊ី បានប្រកាសថាអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO) ដែលបង្កើតឡើងដោយចិន និងមានប្រទេសសមាជិកចំនួន ២៩ បានក្លាយជា «ចំណុចរបត់ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍ AI ពិភពលោក» ហើយជាការឆ្លើយតបចំពោះការទាមទាររបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ ឱ្យមានសិទ្ធិចូលរួមកាន់តែច្រើនក្នុងការកំណត់អភិបាលកិច្ច AI។
លោកប្រកាសថា ចិននឹងផ្តល់ការបណ្តុះបណ្តាល AI និងបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការ AI ជាមួយបណ្តាប្រទេស BRICS អាស៊ាន អាមេរិកឡាទីន និងសហភាពអាហ្វ្រិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសលោកខាងត្បូង (ប្រទេសកំពុងអភិវឌ្ឍ)។
លោក George Chen ប្រធានផ្នែក Digital Practice នៃក្រុមហ៊ុនប្រឹក្សា The Asia Group បាននិយាយប្រាប់រ៉យទ័រថា៖ «សាររបស់លោក ស៊ី គឺច្បាស់ណាស់។ ចិននឹងមិនដើរតាមនរណាម្នាក់ទេ ទាំងផ្នែកបច្ចេកវិទ្យា និងស្តង់ដារ AI ។ ផ្ទុយទៅវិញ ចិនចង់ដឹកនាំពិភពលោកលើវិស័យទាំង២ នេះ»។
សន្និសីទ WAIC ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ កក្កដា ឆ្នាំ២០២៦ ត្រូវបានគេមើលឃើញថា ជាវេទិកាសំខាន់មួយ ខណៈអាមេរិក និងចិន កំពុងត្រៀមជួបពិភាក្សាថ្នាក់រដ្ឋាភិបាលជាលើកដំបូងស្តីពី AI ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលអាចកំណត់ទិសដៅនៃការប្រកួតប្រជែងដើម្បីមានឥទ្ធិពលលើច្បាប់ និងសណ្ដាប់ធ្នាប់ AI សកលនាពេលអនាគត៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២៥ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


