Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាជួបមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក ដោយជជែកពីការពង្រឹងកិច្ចសហការយោធាជាមួយគ្នា

បានផុស

នៅ

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ​ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូយោធាកម្ពុជាចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងកិច្ចប្រជុំនោះ លោករដ្ឋលេខាធិការ ត្រូវបានទទួលស្វាគមន៍ដោយលោកស្រី Lori D. Abele ឧបការីរងនៃរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក នៅមន្ទីរបញ្ចកោណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសន្ទនារវាងលោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី Lori D. Abele គឺភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដោយផ្ដោតសំខាន់លើការងារអាទិភាពមួយចំនួន រួមមានការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

បន្ថែមពីការជជែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានប្រាប់ភាគីអាម៉េរិកអំពីបច្ចុប្បន្នភាពនៃស្ថានភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃផងដែរ។ លោកបានសម្ដែងការអរគុណចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាម៉េរិកសម្រាប់ដំណោះស្រាយលើបញ្ហាព្រំដែននេះ។

ជាការកត់សម្គាល់ នេះគឺជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក តាមរយៈការចាប់ផ្ដើមឡើងវិញនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនៅពេល​នេះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបគ្នាជាលើកដំបូង នៅឯទីក្រុងគូឡាឡាំពួ ទីដែលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក កាលពីឆ្នាំ២០២៥។ ខណៈលោក ត្រាំ ក៏បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ភាពតានតឹងក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

ពាក់ព័ន្ធនឹងវិស័យយោធានេះសហរដ្ឋអាម៉េរិកបានប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា ដោយការប្រកាសដកបំរាមការលក់សព្វាវុធមកលើកម្ពុជា និងចាប់ផ្ដើមបើកសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំមកហើយនោះ។

រដ្ឋាភិបាលវ៉ាស៊ីនតោន ក៏បានសន្យាបន្តបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើវិស័យយោធា ដោយនឹងបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាទៅសិក្សានៅមហាវិទ្យាល័យយោធាអាម៉េរិក ដូចជា សាលាយោធា West Point និង Air Force Academy ព្រមទាំងសាលាផ្សេងៗទៀតផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម