ព័ត៌មានជាតិ
លោកគ្រូនាយកសាលាចូលនិវត្តន៍ ឡុញ នាង ទទួលបានជយលាភីពីកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០
ជយលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺជាលោកគ្រូនាយកសាលាចូលនិវត្តន៍វ័យ ៦០ឆ្នាំ ឡុញ នាង ដែលរៃអង្គាសប្រាក់ដើម្បីជួយកុមារក្រីក្រ និងកុមារកំព្រា ដើម្បីឱ្យពួកគេទទួលបានឱកាសបន្ដការសិក្សា។
លោកគ្រូ ឡុញ នាង ដែលបានត្រូវបានជ្រើសរើសដោយគណៈកម្មការដែលមានសមាសភាព ៣រូប ក៏រៃអង្គាសប្រាក់ជួយសហគមន៍របស់គាត់ផងដែរ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ លោកគ្រូត្រូវបានជ្រើសតាំងជាជយលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ដែលត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជននិងបេក្ខនារីវគ្គផ្ដាច់ព្រ័ត្រចំនួន១០នាក់។ លោកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន ១០.០០០ដុល្លារ ព្រមទាំងពានរង្វាន់មួយផងដែរ។
ថ្លែងក្នុងពេលទទួលពានរង្វាន់របស់លោក លោកគ្រូ ឡុញ នាង បានមានប្រសាសន៍ថា “ខ្ញុំបាទមានចិត្តរំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបានទេ គឺថាខ្ញុំរំភើបណាស់មិនមែនរំភើបថានឹងទទួលបានជាពានរង្វាន់ឬជាប្រាក់អីទេ ប៉ុន្តែវាជាអំពើល្អដែលខ្ញុំបានខិតខំរយៈពេលជីវិតជាគ្រូបង្រៀន ៤០ឆ្នាំមកនេះត្រូវបានទទួលស្គាល់។ អ្វីដែលខ្ញុំទទួលបានលទ្ធផលថ្ងៃនេះ អ្វីដែលជោគជ័យក្នុងការជួយឧបត្ថម្ភសិស្សក្រីក្រនេះ គឺមានការសហការជាច្រើនជាមួយសហការី លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សប្បុរសជន សហគមន៍ រួមទាំងព្រះសង្ឃផងដែរ ដោយបានចូលរួមខិតខំកៀរគរស្វែងរកថវិកាឧបត្ថម្ភដោយផ្តោតអារម្មណ៍ខ្លាំងទៅលើសិស្សក្រីក្រ ព្រោះថាសិស្សក្រីក្រនេះ គឺជាមុខសញ្ញាមួយដែលងាយរងគ្រោះក្នុងការបោះបង់ការសិក្សា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធីពលរដ្ឋគំរូ Smart ដែលបានជ្រើសរើសខ្ញុំជាជយលាភី”។
មុនពេលប្រកាសក្លាយជាអ្នកឈ្នះ លោកគ្រូ ឡុញ នាង បានថ្លែងថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់នេះ ដើម្បីជួយដល់សហគមន៍របស់លោក។ លោកបានបន្ថែមថា លោកក៏នឹងជួយគ្រូបង្រៀនក្រីក្រ និងសិស្សក្រីក្រផងដែរ។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart Axiata គឺជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ និងបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចម្រៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងពានរង្វាន់ពលរដ្ឋគំរូ Smart នេះ។
នៅក្នុងសុន្ទរកថា បើកកម្មវិធីវគ្គផ្តាច់ព្រ័ត្រដើម្បីស្វែងរកជយលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “បើទោះជាយើងដឹងហើយថា នឹងមានអ្នកឈ្នះតែម្នាក់ក្តីនៅពេលយើងចាប់ផ្តើមកម្មវិធីនេះនៅខែធ្នូ ឆ្នាំមុន អ្វីដែលយើងបានរកឃើញនៅក្នុងពេលដំណើរការកម្មវិធីនេះគឺថា មានពលរដ្ឋកម្ពុជាជាច្រើនដែលកំពុងធ្វើអំពើល្អ និងសកម្មភាពល្អ ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយនៅក្នុងសង្គម ហើយនេះគឺជាអ្វីដែលកម្មវិធីនេះចង់បាន ដោយទទួលស្គាល់អ្នកដែលលះបង់ជួយយកអាសាអ្នកដទៃ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកបែបនេះ”។
គណៈកម្មការរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺអ្នកគ្រូ នាង ផល្លា ដែលជាអតីតបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពទាំង១០ រូបនៃពានរង្វាន់គ្រូបង្រៀនពិភពលោក និងជាគ្រូបង្រៀនសិស្សពិការភ្នែកដំបូងគេ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា និងជាអ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន និងលោកស្រី តេង សុផាន់ណា ជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Smart Axiata។

លោក ពុយ គា តំណាងគណៈកម្មការទាំងបីរូបបានមានប្រសាសន៍ថា “ពានរង្វាន់ពលរដ្ឋគំរូនេះនឹងជះឥទ្ធិពលធំណាស់ដល់សង្គមទាំងមូល តាមរយៈការរួមចំណែកពីបុគ្គលម្នាក់ៗដែលអាចធ្វើបាន ទោះបីជាជីវភាពខ្លួនឯងជួបការលំបាកក៏ដោយ ក៏នៅតែអាចធ្វើអំពើល្អជាគំរូដល់អ្នកដទៃ ហើយគំរូបែបនេះនឹងអង្រួនទឹកចិត្តយុវជននិងអ្នក ដែលមានលទ្ធភាពនិងធនធានឲ្យចូលរួមជួយសង្គមកាន់តែច្រើនៗឡើង”។
ក្នុងរយៈពេល ៦ខែនៃដំណើរការកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ អ្នកជ្រើសតាំងត្រូវបានអនុញ្ញាតឱ្យជ្រើសតាំងបេក្ខជនបេក្ខនារីតែមនុស្សប៉ុណ្ណោះ ហើយអ្នកជ្រើសតាំងត្រូវបានស្នើឱ្យផ្តល់ព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នកដែលត្រូវបានជ្រើសតាំង និងការពិពណ៌នាសង្ខេបអំពីអំពើល្អដែលអ្នក ដែលត្រូវបានជ្រើសតាំងបានធ្វើ។ ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់បានជ្រើសតាំងអ្នកដែលពួកគេយល់ឃើញថាបានធ្វើអំពើល្អ។
អ្នកដែលត្រូវបានជ្រើសតាំងដែលសាកសមបំផុត ត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីប្រវត្តិ និងអំពើល្អដែលជួយឱ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបចំកម្មវិធីបានចេញផ្សាយព័ត៌មានលម្អិត របស់អ្នកដែលត្រូវបានជ្រើសតាំងទាំងនោះ។
យុទ្ធនាការនេះក៏រួមមានពានរង្វាន់ប្រជាប្រិយភាពផងដែរ ដែលត្រូវបានសម្រេចដោយការបោះឆ្នោតពីសាធារណជន។ ជយលាភីពានរង្វាន់ប្រជាប្រិយភាពរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាតឆ្នាំ២០២០ បានទៅលើអ្នកនាង សឿង សុថារី ដែលនឹងទទួលបានប្រាក់រង្វាន់ ចំនួន ១.០០០ដុល្លារ។
អ្នកនាង សឿង សុថារី បានជាប់ជាបេក្ខនារីដែលមានប្រជាប្រិយភាពនេះ ដោយសារការងាររបស់គាត់ពាក់ព័ន្ធនឹងការការពារបរិស្ថាន ការផ្សព្វផ្សាយអំពីបរិស្ថាន ការបង្កើតផលិតធុងសំរាមបរិស្ថានពីសម្បកកង់រថយន្តចាស់ៗ និងការជួយយកអាសារដល់ចាស់ជរា។
យុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ “ឆ្ពោះទៅមុខរួមគ្នា”។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ក៏បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ