Connect with us

កីឡា

ការ​ដោះ​ដូរ​កីឡាករ​ ត្រៀម​​រដូវ​កាល​ថ្មី​ ពិត​ជា​កំពុង​​ធ្វើ​ឲ្យ​កក្រើក​លីគកំពូលកម្ពុជា

បានផុស

នៅ

ក្លិបនៃលីគបាល់ទាត់កំពូល កម្ពុជា ទាំងអស់កំពុងតែមមារញឹកខ្លាំង ក្នុងការនាំចូលកីឡាករថ្មី ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី ២០២៦-២០២៧ ប៉ុន្តែក្នុងចំណោមនោះ មានក្លិប ៤ ត្រូវបានគេមើលឃើញ ហាក់មានការប្រកាសកីឡាករថ្មីទ្រង់ទ្រាយធំ និងសកម្មជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិបទាំង ៤ នោះ រួមមាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និង អាយអេសអាយ ដង្កោសែនជ័យ។ ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បាននាំចូលកីឡាករបរទេស និងចូលសញ្ជាតិខ្មែរចំនួន ៥ នាក់។

ភ្នំពេញក្រោន បាននាំចូលកីឡាករបរទេស និងចូលសញ្ជាតិខ្មែរ សរុប ៤ នាក់។ វិសាខា បាននាំចូលកីឡាករបរទេស និងកីឡាករចូលសញ្ជាតិខ្មែរ ៧ នាក់ និង អាយអេសអាយ ដង្កោសែនជ័យ បាននាំចូលកីឡាករខ្មែរ និងបរទេស ៨ នាក់។

ក្លិប ព្រះខ័នរាជស្វាយរៀង បាននាំចូលកីឡាករជប៉ុន សញ្ជាតិខ្មែរ Takaki Ose, ខ្សែបម្រើសញ្ជាតិ ព័រទុយហ្គាល់ Rui Pires, ខ្សែបម្រើស្លាបសញ្ជាតិ ប្រេស៊ីល Breno Caetano, ខ្សែបម្រើសញ្ជាតិ អូទ្រីស Johannes Tartarotti និងខ្សែប្រយុទ្ធស្លាបសញ្ជាតិ ហូល្លង់ Silvester van der Water។ គិតត្រឹមពេលនេះ ក្រុមជើងឯកលីគកំពូលកម្ពុជាមានកីឡាករបរទេស ១០ នាក់ និងចូលសញ្ជាតិ ១ នាក់។

ក្លិប ភ្នំពេញក្រោន បាននាំចូលកីឡាករថ្មីរួមមាន ខ្សែការពារជនជាតិកូដឌីវ័រ សញ្ជាតិខ្មែរ Zogbe Vireak,ខ្សែប្រយុទ្ធស្លាបសញ្ជាតិ ហូល្លង់ Guytho Mijland, ខ្សែបម្រើសញ្ជាតិ អង់គ្លេស Callum Timmins និងខ្សែប្រយុទ្ធសញ្ជាតិ ឆេក Daniel Bares។ គិតត្រឹមពេលនេះ ភ្នំពេញក្រោន មានកីឡាករបរទេសសរុបចំនួន ៧ នាក់ និងកីឡាករចូលសញ្ជាតិ ១ នាក់។ ក្រុមរហស្សនាមសិង្ហក្រហម ទំនងជានឹងនាំចូលកីឡាករបរទេសថ្មីបន្ថែមទៀត ដោយសារពួកគេត្រូវមានភារកិច្ចលេងពាន AFC Champions League Two។

ក្លិប វិសាខា បាននាំចូលកីឡាករថ្មីដូចជា ខ្សែបម្រើប្រយុទ្ធជនជាតិ កូឡុំប៉ី សញ្ជាតិខ្មែរ Andrés Nieto, ខ្សែការពារសញ្ជាតិ ប្រេស៊ីល Lucas Ambiel, ខ្សែប្រយុទ្ធសញ្ជាតិ កាមេរូន Donovan Ewolo, ខ្សែប្រយុទ្ធស្លាបសញ្ជាតិ ហូល្លង់ Sherwin Seedorf, ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាំប៉ី Ousman Gai, ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Cristian Roque និងខ្សែបម្រើសញ្ជាតិ បារាំង Aly Ndom។គិតត្រឹមពេលនេះ វិសាខា មានកីឡាករបរទេសសរុបចំនួន ៧ នាក់ និងចូលសញ្ជាតិខ្មែរ ១ នាក់។

ក្រឡេកទៅមើលក្រុម អាយអេសអាយ ដង្កោសែនជ័យ វិញ បាននាំចូលកីឡាករថ្មីដូចជា អ្នកចាំទីហ៊ុល គឹមហ៊ុយ, ខ្សែការពារជនជាតិ អាហ្វ្រិកខាងត្បូង សញ្ជាតិខ្មែរ Faeez Khan, ខ្សែការពារស្លាបឆ្វេងសេត រ៉ូហ្ស៊ីប, ខ្សែការពារស្លាបស្តាំ រី លាភផេង, ខ្សែបម្រើការពារ ធារី ចន្ថាប៉ីន, ខ្សែបម្រើគួច សុកុម្ភៈ, ខ្សែបម្រើជនជាតិជប៉ុន សញ្ជាតិខ្មែរយូឌៃ និងខ្សែប្រយុទ្ធស្លាបផាន សុផេង។ អាយអេសអាយ ដង្កោសែនជ័យ ផ្តោតសំខាន់ខ្លាំង លើការនាំចូលកីឡាករខ្មែរ ប៉ុន្តែពួកគេក៏មានកីឡាករបរទេសខ្លះហើយដែរ គឺចំនួន ២ នាក់ ខណៈកីឡាករចូលសញ្ជាតិខ្មែរមាន ១ នាក់។

ក្រៅពីក្រុមទាំង ៤ ខាងលើ គឺមានក្រុមមានផ្សេងទៀត ក៏កំពុងដោះដូរកីឡាករយ៉ាងសកម្មផងដែរ ដូចជា បឹងកេត និងអង្គរថាយហ្គឺ ជាដើម។ យ៉ាងណា កីឡាករថ្មីៗទាំងខ្មែរ និងបរទេស នឹងត្រូវបានដោះដូរជាបន្ទាប់ទៀត ដោយសារទីផ្សារដោះដូរកីឡាករក្នុងលីគកំពូល កម្ពុជា បិទនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៦ ឯណោះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម