Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង អនុម័តច្បាប់ហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម

បានផុស

នៅ

សភាប្រទេសបារាំង បានអនុម័តច្បាប់ថ្មីមួយជាផ្លូវការ ដែលហាមឃាត់កុមារដែលមានអាយុក្រោម ១៥ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ដោយចាប់ផ្ដើម​អនុវត្តពេញលេញចាប់ពីខែមករា ឆ្នាំ២០២៧ ខាងមុខ តទៅ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៦ សារព័ត៌មាន BBC បានឱ្យដឹង​ថា ការសម្រេចចិត្តនេះ បានធ្វើឱ្យបារាំងក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អឺរ៉ុប ដែលចាត់វិធានការក្តៅគគុកបែបនេះ ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភកាន់តែខ្លាំងឡើង អំពីផលប៉ះពាល់លើសុខភាពផ្លូវចិត្តរបស់កុមារ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងការស្វាគមន៍យ៉ាងខ្លាំង ចំពោះច្បាប់នេះ ដែលជានយោបាយកែទម្រង់ដ៏សំខាន់មួយ ក្នុងអាណត្តិរបស់លោក។ យន្តការនៃការអនុវត្តច្បាប់នេះ នឹងត្រូវបែងចែកជាពីរដំណាក់កាល ដោយចាប់ផ្តើមពីខែកញ្ញាខាងមុខ តម្រូវឱ្យគណនីបង្កើតថ្មីទាំងអស់ត្រូវតែឆ្លងកាត់ការផ្ទៀងផ្ទាត់អាយុ ហើយកុមារក្រោម ១៥ឆ្នាំ នឹងមិនអាចបើកគណនីបានឡើយ។ បន្ទាប់មក នៅខែមករា ឆ្នាំ២០២៧ វិធានការនេះ នឹងត្រូវពង្រីកទៅលើគ្រប់គណនីចាស់ៗទាំងអស់ដែលមានស្រាប់ ដែលមានន័យថា អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់រូបនៅក្នុងប្រទេសបារាំង ត្រូវតែបញ្ជាក់អត្តសញ្ញាណ និងអាយុរបស់ខ្លួន ដើម្បីបន្តប្រើប្រាស់។

យ៉ាងណាមិញ ច្បាប់ថ្មីនេះបានជួបប្រទះនូវការរះគន់ និងក្តីបារម្ភមួយចំនួន ជុំវិញសុវត្ថិភាពទិន្នន័យឯកជនភាព និងប្រសិទ្ធភាពនៃឧបករណ៍ផ្ទៀងផ្ទាត់អាយុ។ អ្នកជំនាញបានលើកឡើងអំពីបទពិសោធន៍នៃប្រទេសអូស្ត្រាលី ដែលជាប្រទេសដំបូងគេបង្អស់ក្នុងលោក ដែលហាមឃាត់កុមារក្រោម ១៦ឆ្នាំពីបណ្តាញសង្គមកាលពីចុងឆ្នាំមុន ប៉ុន្តែលទ្ធផលបង្ហាញថា កុមារភាគច្រើននៅតែអាចរកវិធីចូលប្រើប្រាស់បានដដែល។ លើសពីនេះ ការបិទខ្ទប់លឿនពេក អាចរុញច្រានក្មេងៗឱ្យទៅប្រើប្រាស់កម្មវិធីអនឡាញ​គ្មានសុវត្ថិភាព​ផ្សេងទៀត ឬអាចកាត់ផ្តាច់ពួកគេពីការទទួលព័ត៌មាន និងការយល់ដឹងពីសង្គម។

ទោះជាមានភាពចម្រូងចម្រាសយ៉ាងណាក្តី រដ្ឋាភិបាលបារាំងបានអះអាងថា បច្ចេកវិទ្យាផ្ទៀងផ្ទាត់អាយុនាពេលបច្ចុប្បន្ន មានភាពរឹងមាំ និងមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការអនុវត្ត។ ការឈានមុខគេរបស់បារាំង ក្នុងការបិទបណ្តាញសង្គមលើកុមារនេះ ក៏កំពុងក្លាយជាគំរូ និងជំរុញឱ្យប្រទេសផ្សេងទៀតនៅអឺរ៉ុប រួមទាំងចក្រភពអង់គ្លេស ត្រៀមរៀបចំបង្កើតដែនកំណត់ និងបំរាម​ស្រដៀងគ្នានេះសម្រាប់កុមារនៅក្នុងប្រទេសរបស់ពួកគេផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម