Connect with us

កីឡា

មុន​ប៉ះ​គ្នា​ថ្ងៃ​សុក្រ​នេះ កម្ពុជា ធ្លាប់​ឈ្នះ សិង្ហបុរី ម្តង​គត់​ក្នុង​ជំនួប​ ១០ លើក​ចុង​ក្រោយ

បានផុស

នៅ

ដល់​ពេល​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ កម្ពុជា ត្រូវ​ជម្រះ​មន្ទិល​សង្ស័យ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ សិង្ហបុរី បន្ទាប់​ពី​ជួប​គ្នា​ចុង​ក្រោយ​បំផុត​កាល​ពី​ឆ្នាំ ២០២៤ បាន​ចាញ់​ទាំង​មិន​អស់​ចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេលា​ម៉ោង ៧:៣០​នាទី យប់​ថ្ងៃ​សុក្រ ទី​២៤ ខែ​កក្កដា នេះ ក្រុម​កម្ពុជា បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ទទួល​ស្វាគមន៍​ក្រុម​សិង្ហបុរី ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់​ASEAN Championship ដែល​ជា​ការ​ប្រកួត​បើក​ឆាក​អបអរសាទរ​ខួប ៣០ ឆ្នាំ ពាន​រង្វាន់​អាស៊ាន​មួយ​នេះ​បាន​ដំណើរ​ការ​ប្រកួត។

ក្រុម​កម្ពុជា បច្ចុប្បន្ន​ស្ថិត​​នៅ​​​លេខ ១៧៥ ក្នុង​តារាង​ចំណាត់​ថ្នាក់ពិភព​លោក FIFA Ranking ខណៈ សិង្ហបុរី ស្ថិត​នៅ​លេខ ១៤៨។ កម្ពុជា​អវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន ក្នុង​នោះ​មាន​កីឡាករ​ចូល​សញ្ជាតិ​ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ សិង្ហបុរី មាន​កីឡាករ​ពេញ​ជើង​ល្អ​ដោយសារ​ក្លិប​របស់​គេ​អនុញ្ញាត​ឲ្យ​កីឡាករ​ចូល​ជម្រើស​ជាតិ បើ​ទោះ​បី​ជា​ក្លិប​របស់​ពួក​គាត់​មាន​កាតព្វកិច្ច​ប្រកួត​ពាន​រង្វាន់​ក្លិប​​អាស៊ី​កម្រិត​ទី​២​ក៏​ដោយ។

កម្ពុជា និង សិង្ហបុរី ស្ថិត​នៅ​ក្នុង​ពូល​​ជាមួយ​គ្នា​ដូច​កាល​ពី​ឆ្នាំ ២០២៤ ដែរ។ ការ​ប៉ះ​គ្នា​ចុង​ក្រោយ​បំផុត​រវាង ក្រុម​ទាំង​ពីរ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ប្រទេស​សិង្ហបុរី ដែល​កម្ពុជា បានចាញ់​ដោយ​លទ្ធផល ២-១។ ការ​ប្រកួត​នោះ​​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយសារ​ពេល​នោះ សិង្ហបុរី រក​បាន ២ គ្រាប់​យ៉ាង​លឿន​លើ​ក្រុម​កម្ពុជា នៅ​នាទី ៩ និង ១៦ ក្នុង​វគ្គ​ទី​១ ហើយ​កម្ពុជា រក​បាន ១ គ្រាប់​វិញ​នៅ​នាទី ៥៩ ក្នុង​វគ្គ​ទី​២។

ការ​ប្រកួត​នោះ​បាន​​ធ្វើ​ឲ្យ​អ្នក​​គាំទ្រ​បាន​លើក​ឡើង​មតិ​ផ្សេង​​ៗ​រហូត​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​ទីបំផុត សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា គ្រាប់​បាល់ទាំង​ពីរ​នោះ​បាន​កើត​មាន​ឡើង​ដោយ​កំហុស​បច្ចេកទេស​របស់​អ្នក​ចាំទីពោល​គឺ​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អ្វី​ផ្សេង​ឡើយ។

កីឡាករ Takahashi មិន​មាន​ក្នុង​ក្រុម​ជម្រើស​ជាតិ

គិត​ចាប់​ទាំង​ពី​ពេល​នោះ​មក​មាន​រយៈ​ពេល​ប្រមាណ​ជិត ២ ឆ្នាំ​ហើយ​ដែល កម្ពុជា ត្រូវ​ប៉ះ​គ្នា​ជា​ថ្មី​នៅ​ក្នុង​ពាន​រង្វាន់​ដដែល ប៉ុន្តែ​នៅ​ទឹក​ដី​កម្ពុជា​វិញ​ម្តង ដូច្នេះ​ជា​ពេល​វេលា​ដែល​ក្រុម​បាល់ទះ​កម្ពុជា​ជម្រុះ​ជា​មួយ សិង្ហបុរី ជា​ថ្មី។

គិត​ត្រឹម​ឆ្នាំ ២០០៤ កម្ពុជា និង សិង្ហបុរី ធ្លាប់​ជួប​គ្នា ១០ លើក​ ក្នុង​កម្ពុជា ​បាន​ឈ្នះ​តែ​ ១ លើក​គត់​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ឆ្នាំ ២០១៦ ដោយ​លទ្ធផល ២-១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ​ ៩ ប្រកួត​ផ្សេង​ទៀតសុទ្ធ​តែ​ សិង្ហបុរី ជា​អ្នក​ឈ្នះ។

កីឡាករ Nick Taylor របួស

៥ ​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា គឺ​ឈ្នះ ២ ស្មើ១ និង​ចាញ់ ២ ក្នុង​នោះ​ឈ្នះ ប៊ូតាន់ ៤-០ និង​ឈ្នះ ហុងកុង ២-០ ហើយ​ស្មើ ហុងកុង ១-១ ប៉ុន្តែ​ចាញ់ អារូប៉ា ២-១ និងចាញ់ តាហ្ស៊ីគីស្ថាន ២-១។ ចំណែក ៥​ ប្រកួត​ចុង​ក្រោយ​របស់​ សិង្ហបុរី ​ឈ្នះ ៣ និង​ចាញ់ ២ ក្នុង​នោះ​ឈ្នះ ហុងកុង  ២-១, ឈ្នះ បង់ក្លាដែស ១-០ និង​ឈ្នះ ម៉ុងហ្គោលី ៤-១ ប៉ុន្តែ​ចាញ់ សៀម ៣-២ និង​ចាញ់ ចិន ២-១។

មុន​ប៉ះគ្នា ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​បាន​ទៅ​បោះ​ជំរុំ​ហ្វឹក​ហាត់​នៅ​ប្រទេស​ជប៉ុន​ដូច​គ្នា។ នៅ​ទី​នោះ ​កម្ពុជា​ ​បាន​​ប្រកួត​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្លិប​របស់​ជប៉ុន ២ ប្រកួត ហើយ សិង្ហបុរី ក៏​មាន​ការ​ប្រកួត​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្លិប​ជប៉ុន ២ ប្រកួត​ដែរ។

កីឡាករ Adres Neito មិន​មាន​ក្នុង​ក្រុម​ជម្រើស​ជាតិ

សូម​បញ្ជាក់​ថា ការ​ប្រកួត​នៅ​ថ្ងៃ​សុក្រ​​​នេះ​ក៏​ដើម្បី​អបអរសាទរ​ខួប ៣០​ ឆ្នាំ​នៃ​ការ​បង្កើត​ពាន​រង្វាន់ ASEAN Championship ដែល​នឹង​មាន​​ការ​ចូល​រួម​សម្តែង​ដោយ​ ព្រះនាង​ នរោត្តម ជេនណា និង​តារាចម្រៀង​លោក សុខ សម្បត្តិ ក្នុង​នោះ​ក៏​មាន​ការ​ច្រៀង​បទ​ចម្រៀង​​កីឡា​​អាស៊ាន​គឺ«១២​ប្រទេស ចង្វាក់បេះ​ដូង​តែមួយ (12 Nations, 1 Heartbeat)»​ ព្រម​ទាំង​​មាន​ការ​សម្តែង​សិល្បៈ​វប្បធម៌​ផ្សេង​ៗ​ជា​ច្រើនទៀត៕

កីឡាករ កាន់ ម៉ូ មិន​មាន​នៅ​ក្រុម​ជម្រើស​ជាតិ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម