ព័ត៌មានជាតិ
រយៈពេល៥ខែ កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស
ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ក្នុងនោះការនាំចេញផ្លែចេកស្រស់កើនឡើង៦៨ភាគរយ ចំណែកការនាំចេញផ្លែស្វាយស្រស់កើនឡើង២៥៥ភាគរយ។ នេះបើយោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងចំណោមផ្លែចេកស្រស់ចំនួន ២០៥ ០២៤,៤៧ តោន កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេចំនួន១៧៩ ០៩៦,៨១ តោន បន្ទាប់មកគឺប្រទេសវៀតណាមចំនួន ២៥ ១១៣,៣៤ តោន ប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន និងប្រទេសជប៉ុនចំនួន ៣៣៣,៨៤ តោន។
សម្រាប់ផ្លែស្វាយស្រស់ចំនួន១៥៦ ៧២៤,៥២តោន កម្ពុជាបាននាំចេញទៅប្រទេសវៀតណាមច្រើនជាងគេចំនួន១៣៦ ១០២,៦៥តោន បន្ទាប់មកគឺប្រទេសថៃចំនួន ២០ ២១៩,២៨ តោន ប្រទេសចិនចំនួន២១១,២២តោន ប្រទេសកូរ៉េចំនួន១២៤,៣៨តោន ហុងកុងចំនួន ៥០,៧៨តោន ប្រទេសសិង្ហបុរីចំនួន១៦,២០តោន និងប្រទេសគុយវ៉ែតចំនួន០,០១ តោន។

ផ្លែចេក និងផ្លែស្វាយស្រស់ គឺជាផលិតផលកសិកម្មដែលកម្ពុជាអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់។ បើទោះបីជា កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួនតែ២១១,២២តោនក្នុងរយៈពេល៥ខែដំបូង នៅក្នុងឆ្នាំ២០២១នេះកម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន ដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណជា១០០លានដុល្លារអាមេរិក។ នេះបើយោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់៨០តោនដំបូងទៅកាន់ទីផ្សារប្រទេសចិន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម វេង សាខុន បានបន្តថា គិតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន ៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ។
បើយោងតាមស្ថិតិឆ្នាំ២០២០ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ១,៣លានតោនក្នុងមួយរដូវជាមធ្យម។

អត្ថបទ៖ វ៉ាត វិន

-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២៣ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងរ៉ែទទួលយកសំណើពលរដ្ឋដែលស្នើសុំកិនសំណល់រ៉ែមាសលើដីក្នុងខេត្តមណ្ឌលគិរីទៅពិភាក្សា