ព័ត៌មានជាតិ
KOICAផ្តល់កញ្ចប់ស្បៀងអាហារ និងគ្រឿងបរិក្ខារបង្ការការឆ្លងរាល ជំងឺកូវីដ១៩ ដល់ជនងាយរងគ្រោះនៅកម្ពុជា
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់នូវកញ្ចប់ស្បៀងអាហារ និងគ្រឿងបរិក្ខារបង្ការការឆ្លងមេរោគ ដល់ជនងាយរងគ្រោះក្នុងប្រទេសកម្ពុជាដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងការសិក្សា ដោយសារការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់KOICAចុះថ្ងៃទី១៥មិថុនានេះ បានឱ្យដឹងថា ការផ្តល់ជំនួយនេះនៅតាមស្ថាប័នដែលស្ថិតនៅក្នុងរាជធានី និងខេត្តចំនួន៩ដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ កំពត តាកែវ និងព្រៃវែង សរុបប្រមាណជា ៦២៧គ្រួសារ (ប្រហែលជា ៣,៤០០នាក់) ដែលមានសិស្ស និស្សិតកំព្រា (មានតែឳពុក ឬម្តាយ) គ្រួសារទីទាល់ក្រ រួមមាន ម៉ាស់ ជែលលាងដៃ ប័ណ្ណណែនាំអនាម័យផ្ទាល់ខ្លួន ព្រមទាំងផលិតផលក្នុងស្រុកដូចជា អង្ករ ២៥គីឡូក្រាម ត្រីខ ស៊ុតទា ទឹកដោះគោ និងស្ករត្នោតជាដើមដែលជាផលិតផលក្នុងស្រុកដែលចំណាយថវិកាអស់ចំនួន៣៨,០០០ដុល្លារសហរដ្ឋអាមេរិក។
បើតាមKOICA ការផ្តល់នូវកញ្ចប់ជំនួយសង្គ្រោះបន្ទាន់នេះដល់ស្ថាប័នដៃគូ ដែលធ្លាប់មានអ្នកស្ម័គ្រចិត្តកូរ៉េWFK នេះបានធ្វើឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពសិស្ស និស្សិត ជាស្បៀងអាហារ និងសម្ភារជួយពង្រឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងៃកូវីដ១៩ ដល់ប្រជាជនកម្ពុជាកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដែលបាត់បង់ការងារ និងផ្អាកការសិក្សាជាដើម។

លោក Rho Hyeon-Jun ប្រធានការិយាល័យ KOICA ប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាតាមរយៈជំនួយឧបត្ថម្ភនេះ នឹងអាចជួយសម្រួលដល់គ្រួសារសិស្ស និស្សិតរស់នៅតំបន់ ឬក្នុងស្ថាប័នដែលធ្លាប់មានអ្នកស្ម័គ្រចិត្ត ដែលគ្រួសារពួកគេមានជីវភាពក្រីក្រ ជួបការលំបាក ដោយជួយជំរុញពួកគេមិនឲ្យបោះបង់ចោលការសិក្សាជាដើម។ មួយវិញទៀត ដើម្បីជួយដល់ទីផ្សារសេដ្ឋកិច្ចកម្ពុជា KOICA បានព្យាយាមក្នុងការរៀបចំកញ្ជប់ជំនួយនេះជាផលិតផល ដែលមានក្នុងស្រុកទាំងអស់។ តាមរយៈការទិញផលិតផល ដែលផលិតដោយសហករណ៍ និងសហគ្រាសសង្គម ត្រូវបានចាត់ទុកថា ជាការរួមចំណែក ជួយធ្វើឲ្យទីផ្សារក្នុងស្រុកមានភាពរស់រវើកឡើងវិញ”។
គួរបញ្ជាក់ថា ការិយាល័យកយកាកម្ពុជា មិនត្រឹមតែផ្តល់ជំនួយសង្គ្រោះបន្ទាន់នេះ ដើម្បីបង្ការកុំឱ្យសិស្ស និស្សិត បោះបង់ការសិក្សាចោល និងជួយពង្រឹងការយល់ដឹងផ្ទាល់ខ្លួនទាក់ទងនឹងជំងឺឆ្លងនៅក្នងស្ថាប័នប៉ុណ្ណោះទេ យើងក៏បានជំរុញសកម្មភាពអ្នកស្ម័គ្រចិត្តឱ្យមានការបង្រៀនតាមរយៈតាមប្រព័ន្ធអនឡាញ (E-volunteering) ដែលបានចាប់ផ្តើមតាំងពី ខែកក្កដា ឆ្នាំ២០២០ ហើយកំពុងបន្តមកដល់បច្ចុប្បន្ននេះ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


