ព័ត៌មានជាតិ
ចាប់ខ្លួនមេៗបញ្ជាការអនុសេនាតូច-ធំ ការពារព្រុំដែនក្នុងបទឃុបឃិតគ្នាជាមួយជនជាតិវៀតណាម ឲ្យចូលកាប់ឈើក្នុងតំបន់ (អូរហ៊ុច)
ជនជាប់សង្ស័យចំនួន៤នាក់ដែលសុទ្ធតែជាមេៗបញ្ជាការកងអនុសេនាតូច ធំ ការពារព្រំដែនលេខ២រួមនឹងមេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឡោមព័ទ្ធចាប់ខ្លួនជាក់ស្ដែងក្នុងបទឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់ (អូរហ៊ុច)នាពេលថ្មីៗនេះដើម្បីដឹកជញ្ជូនយកលក់ទៅប្រទេសវៀតណាម។

មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ក្រោយការស្រាវជ្រាវទាំងយប់ទាំងថ្ងៃរួមផ្សំនឹងការទទួលបានព័ត៌មានច្បាស់ការរួចមកក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើដែលបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីរួចមកទើបថ្មីៗនេះកម្លាំងចម្រុះបានឈានដល់ការបង្ក្រាបជាក់ស្ដែងដែលមានការឃុបឃិតសុទ្ធតែមេៗបញ្ជាការតំបន់នោះតែម្ដង។

ប្រភពបានបន្តថា អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ ដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុចដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម ជាក់ស្ដែងតែម្ដង។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័េ២គ្រឿង ម៉ូតូ២គ្រឿង និងរណាយន្ត១។
បច្ចុប្បន្នបានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ មានឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និងឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តនីតិវីធី។ ចំណែកក្រុមការងាររបស់គណៈកម្មការជាតិបន្តរុករកគល់ឈើដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


