ព័ត៌មានជាតិ
ក្រសួងកសិកម្មអះអាងថា ក្រសួងមិនបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនណាមួយនាំជ្រូកពីថៃចូលមកកម្ពុជាផ្តាច់មុខនោះទេ
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអះអាងថា រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងមិនដែលបានផ្តល់សិទ្ធិផ្តាច់មុខឱ្យក្រុមហ៊ុនណាមួយនាំជ្រូកពីប្រទេសថៃចូលមកកម្ពុជានោះឡើយ ប្រសិនបើក្រុមហ៊ុនណាមួយមានបំណងចង់ធ្វើពាណិជ្ជកម្មនាំចូលជ្រូករស់អាចដាក់ពាក្យស្នើសុំ ដោយត្រូវបំពេញតាមវិធានការដែលជាការតម្រូវឱ្យអនុវត្តនីតិវិធី និងវិធានបច្ចេកទេសចំនួន១២ចំណុច រវាងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វកម្ពុជា ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ការចិញ្ចឹមសត្វ (DLD)នៃប្រទេសថៃ។

ការលើកឡើងរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមួយរយៈកន្លងមកនេះ មានការផ្សព្វផ្សាយក៏ដូចជាការអត្ថាធិប្បាយខុសពីការពិតមកលើក្រសួងកសិកម្មថា បានផ្ដល់សិទ្ធិផ្ដាច់មុខដល់ការធ្វើពាណិជ្ជកម្មជ្រូករស់ពីប្រទេសថៃ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃនិងខាតបង់ដល់អ្នកវិនិយោគលើវិស័យចិញ្ចឹមជ្រូកនៅក្នុងប្រទេស។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានគូសបញ្ជាក់ថា ដោយសារវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ខ្លាំងក្លា ប្រទេសជិតខាងរបស់យើងបានបាត់បង់ទីផ្សារក្នុងស្រុករបស់ខ្លួន ហើយបានធ្វើឱ្យមានការកកស្ទះនូវ ផលិតផលសត្វទន្ទឹមនឹងនេះ ក៏មានឈ្មួញខិលខូចមួយចំនួនតូចបានប្រើប្រាស់កលល្បិចគ្រប់យ៉ាង ដើម្បីមានឱកាសយកផលិតផលកកស្ទះពីស្រុកគេមកចាក់នៅកម្ពុជាដោយមិនបានគិតពីការប៉ះពាល់ដល់ការខាតបង់របស់អ្នកវិនិយោគនៅកម្ពុជា និងពីសុខភាពសាធារណៈឡើយ។
អគ្គនាយកដ្ឋានសុខភាពសត្វបន្ដថា«បើទោះបីជាកម្ពុជាយើងបានរងផលប៉ះពាល់ដោយវិបត្តិកូវីដក៏ដោយ ក៏ការផ្គត់ផ្គង់ជ្រូកសាច់រស់នៅក្នុងស្រុកបានរហូតដល់៨៥%អាចធានាបាននូវតម្រូវការទីផ្សារមិនមានបញ្ហាចោទឡើយ»។

អគ្គនាយកដ្ឋានសុខភាពសត្វ បានបន្តទៀតថា ថ្លៃដើមផលិតជ្រូកសាច់បានប្រែប្រួលក្នុងរង្វង់ពី ៧,៥០០រៀលទៅ ៩,០០០រៀល ក្នុង១គីឡូក្រាម មុនវិបត្តិកូវីដ-១៩ ហើយបច្ចុប្បន្នថ្លៃដើមផលិតជ្រូកសាច់រស់បានកើនឡើងប្រមាណពី ១០,៥០០រៀល ទៅ១២ ,០០០រៀល ក្នុងមួយគីឡូក្រាម។ ការប្រែប្រួលថ្លៃដើមផលិតជ្រូកសាច់នេះ ដោយសារតម្លៃវត្ថុធាតុដើមដូចជា ពោត ដំឡូងក្រៀម កាកសណ្ដែកសៀង ម្សៅត្រី និងសារធាតុបន្ថែមសម្រាប់ផ្សំ ចំណីសត្វបានកើនឡើង ប្រមាណពី២០ទៅ៣០%។ដោយឡែកតម្លៃដឹកជញ្ជូនតាមផ្លូវទឹកកើនឡើងប្រមាណ៣ដង ។
ម្យ៉ាងទៀតកូនជ្រូកពូជសាច់ក៏បានឡើងថ្លៃពី ៧០ ទៅ ១០០ដុល្លារ ក្នុងមួយក្បាលព្រមទាំងការចំណាយបន្ថែមលើការលើកកម្ពស់ជីវសុវត្ថិភាព នៅកន្លែងចិញ្ចឹមសត្វដើម្បីការពារជំងឺឆ្លងសត្វ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក(ការបាញ់ថ្នាំសម្លាប់មេរោគ ការប្រើប្រាស់ជំនាញបន្ថែម)។
អគ្គនាយកដ្ឋាន សុខភាពសត្វ បញ្ជាក់ទៀតថា បើទោះបីកម្ពុជាកំពុងស្ថិតក្នុងស្ថានភាព ជួបវិបត្តិសកល ជំងឺកូវីដ-១៩ ក៏តម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួល ខ្លាំងនោះឡើយ គឺស្ថិតនៅក្នុងចន្លោះពី ១២ ,៥០០រៀល ទៅ ១៣,៦០០ រៀល ក្នុង១គីឡូក្រាម អាស្រ័យទៅតាម តំបន់នីមួយៗ ហើយតម្លៃជ្រូកសាច់នាំចូលបានលក់ថោកជាងចន្លោះពី ១០០រៀល ទៅ២០០រៀល ក្នុងមួយគីឡូក្រាម ពីជ្រូកសាច់រស់ក្នុងស្រុក ។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារបានប្រែប្រួល ចន្លោះពី ២៣ ,៥០០រៀល ទៅ ២៦,៣០០រៀលក្នុងមួយគីឡូក្រាម។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានតែក្រុមហ៊ុនចំនួន៦ប៉ុណ្ណោះ ដែលកំពុងទទួលបានគោលការណ៍នាំជ្រូករស់ចូលមកក្នុងប្រទេសកម្ពុជានិងមានចំនួន៤ ក្រុមហ៊ុនទទួលគោលការណ៍នាំឆ្លងកាត់៕
អត្ថបទ ៖ សំអឿន


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


