ព័ត៌មានជាតិ
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
សេចក្ដីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរដ្ឋសភាអនុម័តដោយសម្លេងគាំទ្រ ១១៦ នៃអង្គរដ្ឋសភាទាំងមូលដែលបានចូលរួម។
ការអនុម័តនេះ បានធ្វើឡើងនៅ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅវិមានរដ្ឋសភា។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍ដែលជំងឺកូវីដ -១៩ នាំមកនូវផលប៉ះពាល់បញ្ហាប្រឈម និងហានិភ័យជាច្រើន ហើយគ្រោះទឹកជំនន់នាពេលថ្មីៗកន្លងមកនេះក៏បានបង្កើនសំពាធនៃតម្រូវការចំណាយថវិកាបន្ថែមទៀតនៅក្នុងឆ្នាំ២០២១ខាងមុខ សម្រាប់ការស្តារនៃគោលដៅរចនាសម្ព័ន្ធរូបវន្តផលិតកម្មកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងទទួលរងនូវការខូចខាត។

ជាក់ស្តែងការទទួលរងពីជំងឺកូវីដ-១៩ កំពុងនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូល ដោយគ្មានការលើកលែងប្រទេសណាមួយឡើយ។ ពិសេសបានធ្វើឱ្យមនុស្សរាប់រយលាននាក់បានបាត់បង់ការងារ ធ្លាក់ចុះនូវប្រាក់ចំណូល ហើយប្រជាជនមួយចំនួនធំ នៅលើសកលលោកបានធ្លាក់ចូលក្នុងភាពក្រីក្រវិញ។ កម្ពុជា ក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ ហើយកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះ មកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។

លោកបានបញ្ជាក់បន្តថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញអនុវត្តន៍កិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នា រយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាថវិការប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមជាមួយការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ។

លោកបណ្ឌិត ជាម យៀប និងសមាជិកចូលរួមក្នុងសម័យប្រជុំបានសម្តែងការគំាទ្រសេចក្ដីព្រាងច្បាប់នេះ ដោយបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានសារៈសំខាន់ណាស់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមច្បាប់ជាធរមាន និងទាន់ពេលវេលា និងសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
យោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១បានឱ្យដឹងថា ត្រូវបានគ្រោងចំណាយសរុបថវិការដ្ឋចំនួន ៣២.០០៩.៧៤២លានរៀល ត្រូវជា ២៧,១៤ភាគរយ នៃផសស គឺមានការថយចុះ ៤,០ភាគរយ ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះចំណាយចរន្តថវិកាជាតិគ្រោងចំនួន ១៨.៧៥១.០៤១លានរៀល ត្រូវជា១៥,៩០ភាគរយ នៃផសស គឺថយចុះ ៥,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២០។ ការចំណាយមូលធនថវិការដ្ឋគ្រោងចំនួន ១៣.២៥៨.៧០១លានរៀល ត្រូវជា ១១,២៤ភាគរយ នៃផសស គឺថយចុះ ១,៩ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២០៕
អត្ថបទ ៖ ប៉ាល់សុង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


