ព័ត៌មានជាតិ
ព្រឹកស្អែកព្រះមហាក្សត្រ និង សម្តេចយាយ យាងពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេនឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសព្រះអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២១។

នៅក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនជនរួមជាតិព្រះអង្គបានមានព្រះរាជបន្ទូលថា៖ “ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និង អនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តមលោកជំទាវអស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួម ជាតិទាំងអស់អវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព”។
ព្រះរាជសាររបស់ព្រះអង្គបន្តថា៖ “នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងឋានៈ ជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា”។

គួររំលឹកជូនថាព្រះមហាក្សត្រ និង ព្រះមហាក្សត្រី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេកាលពីខែមិនា ឆ្នាំ២០២១ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅទី ក្រុងប៉េកាំងប្រទេសចិន និងបានយាងត្រឡប់មកដល់មាតុប្រទេសវិញនាខែមេសា ២០២១ បន្ទាប់ពីព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពរយៈពេលជាង១ខែនៅរដ្ឋ ធានីប៉េកាំងប្រទេសចិន។
តាមការគ្រោងទុកថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិរួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា សម្តេ ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេដល់ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ។ ក្រៅពីនោះក៏មានឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា មន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្ស ក៏នឹងយាង និងអញ្ជើញថ្វាយព្រះរាជដំណើរផងដែរ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេស្តេចយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់រយៈពេល ៦ខែម្តង តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន៕
អត្ថបទ៖ ណារី

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


