Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ បច្ចុប្បន្នស្ថានភាពប្រែប្រួល វីរុសកូវីដ-១៩ថែមបំប្លែងថ្មី ឯពលរដ្ឋថយការប្រុងប្រយ័ត្ន

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្នុងបរិបទបច្ចុប្បន្ននេះ ស្ថានភាពមានការប្រែប្រួល ប្រែប្រួលដោយសារវីរុសកូវីដ-១៩ក៏មានការប្រែប្រួល ហើយការយល់ដឹង និងប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋក៏មានការប្រែប្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកឡើងថា ក្នុងរយៈកាលកន្លងទៅនេះ ជាពិសេសក្នុងឆ្នាំ២០២០ គ្រាមានការចាប់ផ្ដើមឆ្លងមេរោគកូវីដ-១៩ ចូលក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ ហើយបានអនុវត្តនូវវិធានការសុខាភិបាលដោយយកចិត្តទុកដាក់ជាទីបំផុត។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ខ្ញុំអាចនិយាយបានថា ពេលនោះសូម្បីក្រសួងសុខាភិបាលមិនទាន់ប្រកាសឱ្យបិទភោជនីយដ្ឋាន បិទការធ្វើដំណើរ បិទទីផ្សារជាដើមនោះផង ប៉ុន្តែប្រជាពលរដ្ឋមានការយល់ដឹងដោយខ្លួនឯង ដោយម្នាក់ៗទទួលខុសត្រូវខ្ពស់ ហើយការអនុវត្តវិធានការគឺពួកគាត់បិទផ្អាកដោយខ្លួនឯងតែម្ដង ការធ្វើដំណើរពេលនោះក៏ស្ងាត់ ពុំមានមនុស្សកុះករតាមដងវិថីទេ។ អ៊ីចឹងការអនុវត្តនេះ យើងទទួលលទ្ធផលហើយ ឆ្នាំទៅ (២០២០) នៅពេលយើងចូលរួមគ្នាអនុវត្តបែបនោះ ស្ថានភាពនៃការចម្លងមេរោគកូវីដ-១៩ គឺយើងគ្រប់គ្រងបានប្រសើរមែនទែន មានន័យថាមិនមានករណីស្លាប់ ហើយអ្នកជំងឺបានជាសះស្បើយជាបន្តបន្ទាប់ និងបានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញដែរ”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលដដែលនេះបានសង្កេតឃើញថា ប៉ុន្តែក្នុងបរិបទបច្ចុប្បន្ននេះ ស្ថានភាពមានការប្រែប្រួល ដោយសារវីរុសកូវីដ-១៩ក៏មានការប្រែប្រួល ហើយការយល់ដឹង ការប្រុងប្រយ័ត្ន របស់ប្រជាពលរដ្ឋក៏មានការប្រែប្រួល។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “សម្រាប់វីរុសកូវីដ-១៩ បានបំប្លែងខ្លួនឱ្យទៅជាប្រភេទផ្សេងៗ ហើយប្រភេទដែលមានការព្រួយបារម្ភខ្លាំងមែនទែននោះ គឺពពួក អាល់ហ្វា (Alpha) ហ្គាម៉ា (Gamma) បេតា (Beta) និងដែលតា (Delte) ដែលជាប្រភេទវីរុសដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងព្រួយបារម្ភខ្លាំង។ បើយើងនិយាយពីបរិបទនៅប្រទេសកម្ពុ​ជា យើងរកឃើញតែវីរុស អាល់ហ្វា និងដែលតាកំពុងធ្វើចរាចរណ៍យ៉ាងសកម្មហើយ”។

លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍បន្តទៀតថា៖ “និយាយពីប្រជាពលរដ្ឋ តើពួកគាត់មានការប្រែប្រួលដូចម្ដេច? ទី១ គាត់មានភាពនឿយណាយដោយសារការវ៉ៃលុករបស់វីរុសកូវីដ-១៩ហ្នឹងមានរយៈពេលយូរពេកគឺជាង១ឆ្នាំកន្លះហើយ ដោយស្របពេលដែលពួកគាត់ត្រូវគិតគូរលើជីវភាពរស់នៅការចិញ្ចឹមជីវិតផង។ ទី២ បុគ្គលមួយចំនួន មានការជឿជាក់​ខ្លាំងពេក និងការយល់ច្រឡំទៅលើការប្រើប្រាសវ៉ាក់សាំង គាត់យល់ថាតែកាលណាចាក់វ៉ាក់សាំងរួចហើយនឹងលែងឆ្លងមេរោគកូវីដ-១៩ហើយ អ៊ីចឹងគាត់គិតថា មិនចាំបាច់អនុវត្តនូវវិធានការសុខាភិបាល។ ទី៣ ប្រជាពលរដ្ឋមួយចំនួននៅតែមានការជួបជុំគ្នា បបួលគ្នា ឬរៀបចំពិធីផ្សេងៗ ដោយអាងថាបានចាក់វ៉ាក់សាំងរួចហើយ។ ទី៤ ប្រជាពលរដ្ឋមួយចំនួនចូលចិត្តជួបជុំ និងទៅកន្លែងបិទជិត ដែរជាការបង្កឱ្យមានការផ្ទុះឡើងនូវការចម្លងនៃមេរោគកូវីដ-១៩”។

លោកស្រី ឱ វណ្ណឌីន មានប្រសាន៍បញ្ជាក់បន្តថា៖ “ទី៥ ប្រជាពលរដ្ឋមួយចំនួនយល់មិនច្បាស់អំពីការទទួលខុសត្រូវរបស់បុគ្គល របស់គ្រួសារ របស់សហគមន៍ ក៏ដូចជាការទទួលខុសត្រូវរបស់អាជ្ញាធរ ពេលខ្លះពួកគាត់ក៏រង់ចាំអាជ្ញាធរ ឬក្រសួងសុខាភិបាល ធ្វើការណែនាំ អ្នកខ្លះក៏យកចិត្តទុកដាក់ អ្នកខ្លះក៏មិនយកចិត្តទុកដាក់ស្វែងយល់ និងបង្ការខ្លួន។ ដូចនេះហើយទើបយើងសង្កេតឃើញការចម្លងមួយចំនួន ពិសេសគឺប្រភេទ អាល់ហ្វា និងដែលតា បានកើនឡើងក្នុងប្រទេសកម្ពុជារបស់យើង”។

គួររំលឹកថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ពោលគឺចុងឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបត្រឹមតែ ៣៦៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន ៣២៣ករណី និងគ្មានករណីស្លាប់។ ប៉ុន្តែគិតបើតាមក្រសួងសុខាភិបាលចេញសេចក្ដីព័ត៌មាននៅថ្ងៃទី១៨ ខែសីហានេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបរហូតដល់ ៨៧,១៩០ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសសរុប ១៣,៤៧៤ករណី និងមានការស្លាប់ចំនួន ១,៧៣០ករណី។ ស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាកើនឡើងបែបនេះ គឺបន្ទាប់ពីការផ្ទុះព្រឹត្តិការណ៍ឆ្លងចូលសហគមន៍លើកទី៣ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ២០២១ និងការផ្ទុះការឆ្លងមេរោគបំប្លែងថ្មី ប្រភេទ អាល់ហ្វា និង ដែលតា ពិសេសពីប្រជាពលករដែលសម្រុកត្រឡប់ពីប្រទេសថៃ។

គួរបញ្ជាក់ថា អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីដើមសប្ដាហ៍ ថ្ងៃចន្ទ ទី១៦ ខែសីហានេះ បានចាប់ផ្តើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ក្នុងគោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ច័ន្ទ វីរៈ    

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម