ព័ត៌មានជាតិ
អ្នកបោះឆ្នោតជាង១៥ម៉ឺននាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីឆ្នាំ២០២០
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវបិទផ្សាយព្រមៗគ្នានៅតាមបណ្តាឃុំ សង្កាត់ទូទាំងប្រទេស នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោក ហង្ស ពុទ្ធា ឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង មានចំនួន ៨.៨៣១.៩៨៨នាក់ ហើយការិយាល័យបោះឆ្នោតសរុប មានចំនួន ២៣.៤២៥ ការិយាល័យ។ ដោយឡែកអ្នកបោះឆ្នោតដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១៥៤.៧៦៨នាក់។

នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលដៅឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ដើម្បីឱ្យប្រាកដថា ឈ្មោះរបស់ខ្លួនមានភាពត្រឹមត្រូវ និងច្បាស់លាស់ ខណៈភាគីពាក់ព័ន្ធ ក៏បានចាប់អារម្មណ៍ខ្លាំងទៅលើឈ្មោះអ្នកបោះឆ្នោត ជាង១៥ម៉ឺននាក់ ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០។
ករណីនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានពន្យល់ថា ការលុបនេះ គ.ជ.ប ធ្វើតែចំពោះអ្នកបោះឆ្នោត ដែលបានទទួលមរណភាព , ផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង , ចុះឈ្មោះលើសពីមួយកន្លែង (ឈ្មោះស្ទួន), អ្នកដែលត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត។
លោក ទេព នីថា លើកឡើងថា ការលុបឈ្មោះប្រជាពលរដ្ឋណាម្នាក់ចេញពីបញ្ជីបោះឆ្នោត ត្រូវផ្អែកលើឯកសារសំអាងត្រឹមត្រូវច្បាស់លាស់ និងឆ្លងកាត់នីតិវិធីជាច្រើនដំណាក់កាល ដើម្បីធានាថា ប្រជាពលរដ្ឋខែ្មរគ្រប់រូបដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវស្របតាមច្បាប់ ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយក្នុងនោះ ក៏មាននីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹង ដែលបណ្ដឹងនោះ គេឱ្យឈ្មោះថា បណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់។

លោកថា បណ្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលគាត់បានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ។ ចំណែកបណ្ដឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង ។
លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ដែរថា ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ កាន់តែមានភាពត្រឹមត្រូវ និងតម្លាភាព សូមឱ្យប្រជាពលរដ្ឋគ្រប់រូបដែលបានចុះឈ្មោះបោះឆ្នោត ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ អញ្ជើញចូលរួមពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួននៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ក្រៅពីបិទផ្សាយនៅតាមឃុំ សង្កាត់ បញ្ជីនេះក៏មានបង្ហោះនៅលើគេហទំព័ររបស់គ.ជ.ប voterlist.nec.gov.kh ឬអាចស្វែងរកតាមកម្មវិធីទូរស័ព្ទដៃ (app) Voterlist KH ផងដែរ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


