ព័ត៌មានជាតិ
៥ សំនួរក្តៅជួបមន្រ្តីក្រសួងពាណិជ្ជកម្ម ជុំវិញការកើនឡើងតម្លៃសាំង
ខណៈតម្លៃប្រេងសាំងបានហក់ឡើងវិញ នាំឲ្យមានការព្រួយបារម្ភពីប្រជាពលរដ្ឋលើការចំណាយច្រើនថែមទៀត ក្នុងពេលស្ថានភាពវិបត្តិកូវីដ។ រដ្ឋាភិបាលប្រុងប្រៀបបើកបើកសេដ្ឋកិច្ចឡើងវិញ ដែលរុញឲ្យមានដំណើរការអាជីវកម្ម និងផលិតកម្ម។ ប៉ុន្តែតើការហក់ឡើងតម្លៃប្រេងនៅពេលនេះ នឹងមានឥទ្ធិពលយ៉ាងណា ហើយរដ្ឋាភិបាលមានចំណាត់ការឆ្លើយតបបែបណាដែរ?
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឆ្លើយតបការសាកសួរកម្ពុជាថ្មី ជុំវិញតម្លៃប្រេងឥន្ធនៈនេះ។
កម្ពុជាថ្មី៖ តើមានមូលហេតុអ្វី បានជាតម្លៃប្រេងបានហក់ឡើងវិញនៅពេលនេះ?
ប៉ែន សុវិជាតិ៖ ប្រទេសយើងជាប្រទេសនាំចូលប្រេង មិនមែនប្រទេសផលិតប្រេងនោះទេ។ ដូច្នេះបើថ្លៃប្រេងនៅទីផ្សារអន្តរជាតិឡើងថ្លៃ វាច្បាស់ណាស់នឹងជះឥទ្ធិពលលើតម្លៃលក់រាយប្រេងឥន្ធនៈនៅក្នុងប្រទេស។ តម្លៃប្រេង (ប្រេងដែលប្រើប្រាស់បានតែម្តង) បានហក់ឡើងជិត ៩៩ ដុល្លារក្នុងមួយប៉ារែល ខណៈមុននេះតម្លៃត្រឹមតែជាង ៨៨ បា៉រែលប៉ុណ្ណោះក្នុងមួយបារ៉ែល។ ការកើនឡើងថ្លៃប្រេងនៅទីផ្សារអន្តរជាតិនេះហើយ ជាមូលហេតុឲ្យតម្លៃលក់ប្រេងបានហក់ឡើង។
កម្ពុជាថ្មី៖ បើតម្លៃប្រេងឥន្ធនៈហក់ឡើងវិញ តើរដ្ឋាភិបាលបានឆ្លើយតបបែបណាដែរ ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ?
ប៉ែន សុវិជាតិ៖ កន្លងទៅដើម្បីទប់តម្លៃប្រេងកុំឲ្យឡើងហួសហេតុពេក រដ្ឋាភិបាលតាមរយៈអន្តរក្រសួងបានធ្វើការជាមួយក្រុមហ៊ុននាំចូលប្រេង ក្នុងការកំណត់តម្លៃប្រេងមិនឲ្យឡើងថ្លៃហួសហេតុ រួមទាំងការឧបត្ថម្ភធនមួយចំនួន។ ជាមួយគ្នានេះបើមើលតម្លៃប្រេងបច្ចុប្បន្នមិនទាន់ហក់ឡើងខ្លាំង ដូចកាលរយៈកាលមុនផ្ទុះវិបត្តិកូវីដនោះទេ។ តម្លៃវាស្ថិតនៅក្នុងកម្រិតមួយអាចទប់ទល់បាន ដោយសារឥទ្ធិពលពីតម្លៃប្រេងអន្តរជាតិ។ តែបើតម្លៃប្រេងហ្នឹងប្រែប្រួលយ៉ាងដូចម្តេច រដ្ឋាភិបាលនឹងចាប់វិធានការឆ្លើយតប ហើយរដ្ឋាភិបាលក៏មិនព្រងើយកន្តើយ ព្រោះប្រេងសាំងជាទំនិញយុទ្ធសាស្រ្តចាំបាច់សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
កម្ពុជាថ្មី៖ នៅពេលតម្លៃប្រេងហក់ឡើងអីចឹង គ្រោងការដែលរដ្ឋាភិបាលនឹងដំណើរការបើកសេដ្ឋកិច្ចឡើងវិញអាចរងផលប៉ះពាល់យ៉ាងណាដែរ?
ប៉ែន សុវិជាតិ៖ ប្រាកដណាស់វានឹងមានផលប៉ះពាល់ ប៉ុន្តែវានឹងមានរយៈពេលខ្លីប៉ុណ្ណោះ។ ប្រទេសផលិតប្រេងនឹងបង្កើតខ្សែសង្វាក់ផលិតកម្មស្របតាមតម្រូវការប្រើប្រាស់។ ការបើកដំណើរឡើងវិញ ការបើកប្រទេសព្រមគ្នាលើពិភពលោក ធ្វើឲ្យតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈច្រើន។ ប៉ុន្តែមិនយូរនោះទេ ប្រទេសផលិតប្រេងនឹងបង្កើនការផលិត ដែលនឹងរុញឲ្យតម្លៃប្រេងនឹងធ្លាក់ចុះវិញ នាំឲ្យតម្លៃនឹងវិលមករកស្ថិរភាពឡើងវិញ។ ជាបណ្តោះអាសន្នវានឹងប៉ះពាល់ តែមិនយូរនោះទេ ស្ថានភាពនឹងវិលមកធម្មតាទេវិញ។
កម្ពុជាថ្មី៖ បើប្រៀបធៀបប្រទេសជិតខាងដូចជាវៀតណាម ថៃ ឡាវ តើតម្លៃប្រេងតាមប្រទេសទាំងនោះមានភាពខុសគ្នាយ៉ាងណាខ្លះ?
ប៉ែន សុវិជាតិ៖ ទាក់ទងតម្លៃប្រេងសាំងនៅប្រទេសជិតខាង យើងមិនអាចប្រៀបធៀបគ្នានោះទេ។ ដូចជាថៃ និងវៀតណាម ទន្ទឹមការនាំចូលប្រេងប្រទេសទាំងនោះមានរោងចក្រចម្រាញ់ប្រេងដោយផ្ទាល់ មានរោងចក្រកែច្នៃ មានទីតាំងផលិតកម្ម ដែលអាចជួយសម្រួលការប្រើប្រាស់និងការលក់ចេញ។ កម្ពុជាមិនទាន់មានរោងចក្រផលិតប្រេងនៅឡើយ ទើបបោះជំហានរុករកប្រេង ហើយវាស្ថិតនៅក្នុងដំណាក់កាលយូរបន្តទៀត។
កម្ពុជាថ្មី៖ តើឯកឧត្តមមានសារយ៉ាងណាខ្លះ ចំពោះពលរដ្ឋដែលមានការព្រួយបារម្ភពីបញ្ហាតម្លៃប្រេងសាំងនេះ?
ប៉ែន សុវិជាតិ៖ កម្រិតការឡើងថ្លៃនេះមិនទាន់ហក់ឡើងខ្លាំង ដូចកាលមុននៅឡើយទេ។ យ៉ាងណារដ្ឋាភិបាលនៅតែបន្តតាមដានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងត្រៀមខ្លួនឆ្លើយតបបន្ទាន់ ដើម្បីកុំកម្រិតឡើងថ្លៃប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ។ ចាំមើលតទៅទៀត តើតម្លៃប្រេងសាំងនៅអន្តរជាតិមានការវិវឌ្ឍបែបណា រដ្ឋាភិបាលនឹងឆ្លើយតប ពីព្រោះប្រេងជាទំនិញចាំបាច់ ដូច្នេះរដ្ឋាភិបាលមិនព្រងើយកណ្តើយបញ្ហានេះទេ។ អីចឹង កុំមានការព្រួយបារម្ភ រដ្ឋាភិបាលនឹងចាត់វិធានការតាមសភាពជាក់ស្តែង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


