Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី អំពាវនាវប្រជាពលរដ្ឋតាមដងស្ទឹងព្រែកត្នោត ប្រុងប្រយ័ត្នខ្ពស់ ចាប់ពីស្អែក

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលាខាងមុខនេះ ព្រោះទឹកអាចនឹងឡើងខ្ពស់លិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវបែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ខណៈដែរលោកអភិបាលចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឱ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចំនួន ៥ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

បន្ថែមពីនេះ លោក ឃួង ស្រេង បានធ្វើការស្នើសុំទៅដល់ក្រសួងធនទឹក និងឧត្តុនិយម បង្វែរទឹក កុំឱ្យជន់លិចរាជធានីភ្នំពេញ ដោយហេតុថា ការជន់លិចរាជធានីភ្នំពេញ គឺពិតជាធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ។

លោក ឃួង ស្រេង បានបញ្ជាក់ថា យើងមិនបានគេចវេសពីបញ្ហានោះទេ។ ប៉ុន្តែបើគិតពីបញ្ហាសេដ្ឋកិច្ច ខណៈលិចរាជធានីភ្នំពេញ វាពិតជាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាង នៅតាមខេត្តពាក់ព័ន្ធ។ ហេតុដូចនេះទើបលោក ស្នើសុំទៅអាជ្ញាធរខេត្តកំពង់ស្ពឺ សូមឱ្យមានការយល់។ លោកបានបញ្ជា ឱ្យមន្ទីរធនធានទឹក និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយនេះ។

ដោយឡែកភ្នំពេញកន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធ បានធ្វើកិច្ចការងារនេះយ៉ាងសកម្មដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនេះ។ បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង បានស្នើសុំទៅកម្លាំង កងអង្គរក្ស នូវកម្លាំងប្រមាណ ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះ។ ក្រៅពីនេះក្រសួងធនធានទឹកក៏បានដល់នូវអេស្កាវ៉ាទ័រចំនួន ១៥ គ្រឿង ដើម្បីទប់ទំនប់ ទប់ស្កាត់នូវការលិចលង់នេះ។

លោកអភិបាលរាជធានីបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹង តាមតំបន់ភ្នំ ពិតជាមិនងាយស្រួលគ្រប់គ្រងបាន ដូចទឹកទន្លេជន់លិចនោះទេ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ តុលាខាងមុខនេះ ចំណែកអាជ្ញាធរគឺនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ បានន័យថា មានហានិភ័យអ្វី គឺយើងអាចជួយពួកគាត់បានភ្លាមៗ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម