ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម៖ វិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ជាសំណង់ប្រវត្តិសាស្ត្រ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការកសាងវិមានឯករាជ្យ នៅក្រុងកំពង់ចាម ជាសំណង់ប្រវត្តិសាស្ត្រ និងជាផ្នែកមួយ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា កូនចៅជំនាន់ក្រោយៗបន្តទៀត។ ជាមួយគ្នានេះ សំណង់វិមានឯករាជ្យនេះ ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញទៅដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពេលមកលេងកម្សាន្ត ក្នុងទឹកដីខេត្តកំពង់ចាម ក៏ដូចជា ការចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាត នាឆ្នាំបន្តបន្ទាប់ខាងមុខ។

លោកថ្លែងបែបនេះ នៅក្នុងឱកាសពិធីក្រុងពាលីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា មានប្រសាសន៍បញ្ជាក់ទៀតថា ពីមុនមកខេត្តកំពង់ចាម ពុំទាន់មានឯករាជ្យ សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ នៅឡើយទេ។ ដូច្នេះ ការកសាងនូវវិមានឯករាជ្យនេះ ពិតជាមានសារៈសំខាន់ គឺដើម្បី រំលេចនូវស្នាព្រះហស្ត ជាប្រវត្តិសាស្ត្រ នៃការអបអរសាទរ នូវបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយដ្ឋានប្រវត្តិសាស្ត្រ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សីហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ផ្អែកតាមផែនការគម្រោងសាងសង់នេះ គឺចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៦ នេះតទៅ និងគ្រោងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី ៩ វិច្ឆិកា នៃការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ រដ្ឋបាលខេត្តនឹងយកថ្ងៃនោះ ដើម្បីសម្ពោធដាក់នូវសមិទ្ធផលនេះ។

គួរកត់សម្គាល់ថា ទីតាំងដែលអាជ្ញាធរ សម្រេចសាងសង់វិមានឯករាជ្យ នាពេលនេះ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ ខាងមុខច្រកចូល ទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម។ ជាមួយនោះ អាជ្ញាធរ ក៏បានសាងសង់ពង្រីកផ្លូវឱ្យធំទូលាយ នៅចំណុចរង្វង់មូល ជុំវិញវិមានឯករាជ្យនេះ រួមទាំង ការពង្រីកផ្លូវបន្ថែម ចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតមកដល់ចំណុចទន្លេអុំ។ ដោយឡែក ដើម្បីសម្រួលដល់កិច្ចដំណើរការនៃការដ្ឋាន អាជ្ញាធរបានផ្អាកការចរាចរណ៍ជាបណ្ដោះអាសន្ន ត្រង់ចំណុចកំណាត់ផ្លូវលេខ ៧ចាស់ មួយរយៈសិន ដោយបង្វែទិសចរាចរណ៍ តាមផ្លូវលេខ ៧ ថ្មី ឬវាងតាមទន្លេអ៊ុវិញ ផងដែរ៕
អត្ថបទ និងរូបភាព៖ ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ