ព័ត៌មានជាតិ
សត្វត្រយងចង្កំកសមានវត្តមាននៅកម្ពុជាច្រើនជាងគេលើពិភពលោក
ត្រយងចង្កំកស គឺជាអម្បូរសត្វស្លាប ដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះ មានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។ សព្វថ្ងៃនេះ ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថាមានប្រមាណជាង១០០០ក្បាប៉ុណ្ណោះ ដែលក្នុងនោះមានប្រមាណជាង៦៧០ក្បាលជាសត្វពេញវ័យ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រទេសកម្ពុជា បានផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស ដោយសារកម្ពុជាមានវត្តមានសត្វប្រភេទនេះច្រើនជាងគេនៅទូទាំងពិភពលោក។ សត្វត្រយងចង្កំកសដែលរស់នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។

សត្វត្រយងចង្កំកស មានកត្តាគំរាមកំហែងមួយចំនួនដូចជា ការបាត់បង់ទីជម្រក ការកាប់ដើមឈើដែលពួកវាកាច់សម្បុកនិងទ្រនំ ការបំពុលប្រភពទឹក និងការរំខានដោយសកម្មភាពមនុស្ស។
ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វត្រយងកម្ពុជា ដោយបានចាប់ផ្តើមធ្វើជំរឿនសត្វត្រយងចង្កំកសជារៀងរាល់ឆ្នាំ នៅទីតាំងសំខាន់ៗចំនួនបួនចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លទ្ធផលជំរឿនដំបូងមានសត្វត្រយងចង្កំកសចំនួន៣១០ក្បាលប៉ុណ្ណោះ។ តាមរយៈការធ្វើជំរឿនបួនឆ្នាំបន្ទាប់ទៀត ចំនួនសត្វនេះបានកើនឡើងដល់៩៧៣ក្បាល ក្នុងឆ្នាំ២០១៣។ ប៉ុន្តែចំនួននេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកតិចជាង៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។

ចំណែកនៅឆ្នាំ២០២១នេះ ក្រសួងបរិស្ថាននិងអង្គការដៃគូរួមមាន៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) និង ក្រុមហ៊ុន Rising Phoenix បានសហការគ្នាក្នុងការធ្វើជំរឿងសត្វត្រយងចង្កំកសនៅតំបន់សំខាន់ៗទូទាំងប្រទេសកម្ពុជា ដោយបានធ្វើជំរឿន ចំនួនបួនខែ ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងរដូវវស្សា ដែលទទួលបានលទ្ធផលចំនួនដល់ទៅ ៧៥៤ក្បាល នៅខែសីហា។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗនៃចំនួនប្រភេទសត្វដែលជិតផុតពូជមួយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធដែលសហការនិងចូលរួម ការងារអភិរក្សសត្វស្លាបប្រភេទនេះ។

លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF-កម្ពុជា បានលើកឡើងដូច្នេះថា «ក្នុងនាមជាសមាជិកនៃអង្គការដៃគូWWF នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយតួអង្គទាំងអស់ដែលពាក់ព័ន្ធដើម្បីគាំទ្រដល់ជំរឿនថ្នាក់ជាតិ និងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រភេទសត្វនេះ និងបន្តចូលរួមយ៉ាងសកម្មជាមួយសហគមន៍មូលដ្ឋាននៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ ក្នុងការការពារសត្វស្លាបដ៏កម្រនេះ ព្រមទាំងការពារសម្បុករបស់វាដែលមាននៅក្នុងទីជម្រកធម្មជាតិ»។
លោកបណ្ឌិត កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសរបស់អង្គការWCS បានមានប្រសាសន៍ថា «សត្វត្រយងចង្គំកស គឺជាប្រភេទសត្វសំខាន់ និងជានិមិត្តរូបរបស់តំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជា។ វាបានចូលរួមបង្កើនចំណូលពីទេសចរណ៍ធម្មជាតិដ៏សំខាន់សម្រាប់សហគមន៍ត្មាតប៉ោយ ខេត្តព្រះវិហារ»៕ ប្រភព៖ នេត្រ ភក្រ្តា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


