Connect with us

ព័ត៌មានជាតិ

មកដឹងត្រួសៗ ជំនួយជប៉ុន ចំពោះ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

បានផុស

នៅ

ជប៉ុន ជាប្រទេសផ្ដល់ជំនួយធំដល់កម្ពុជា ជាក់ស្ដែង ជប៉ុនទើបបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (AstraZeneca ) ៣០០​ ៨០០ ដូសបន្ថែមទៀត ដើម្បីបន្តរួមចំណែកប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅ កម្ពុជា នៅ រាត្រីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ ពីវ៉ាក់សាំងកូវីដ-១៩នេះ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ជប៉ុនបានលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជាពីជំងឺកូវីដ-១៩ ដោយបានផ្ដល់ រថយន្តសង្គ្រោះ ឧបករណ៍បរិក្ខាពេទ្យ ម៉ាស៊ីសវាស់កម្ដៅ ជួយការសាងសង់មន្ទីរពេទ្យ បណ្ដុះបណ្ដាលធនធានមនុស្ស និងរួមចំណែកជាមួយដៃគូផ្សេងៗទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍បន្តទៀតថា ការជួយរបស់ជប៉ុនចំពោះកម្ពុជា ជាកិច្ចការសម្ដែងនូវសាមគ្គីភាព រវាងកម្ពុជា និងជប៉ុន ក៏ដូចជាប្រទេសជាមិត្តផ្សេងទៀត ព្រោះកូវីដ-១៩ ជាជំងឺឆ្លងរាលដាលទូទាំងសាកលលោក ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងរួមគ្នា ដែលឈានទៅ សម្រេចជោគជ័យជាបន្តបន្ទាប់ ដូចជាការគ្របដណ្ដប់នូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​ ដើម្បីបើកដំណើរការសង្គម និងសេដ្ឋកិច្ចកាន់តែប្រសើរ។

លោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ កម្ពុជា បានឱ្យដឹងថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបច្រើនជាង ៦០ លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវ។

លោក មីកាមិ ម៉ាសាហ៉ីរុ សង្កេតឃើញថា ប្រជាជនកម្ពុជា និងរដ្ឋាភិបាល បានរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាតជំងឺកូវីដ-១៩ បានល្អមែនទែន បើប្រៀបធៀបជាមួយប្រទេសដទៃ។ ជាមួយគ្នានេះ យើងឃើញថា ជំងឺកូវីដកំពុងវិវត្ត ឬបំប្លែងថ្មី ដូចនេះយើងមិនអាចធ្វេសប្រហែសបានទេ គឺត្រូវបន្តប្រយុទ្ធ។

លោកឯកអគ្គរាជទូតជប៉ុន មានប្រសាសន៍បន្តថា អ្វីដែលទាមទារបំផុតនោះ គឺកិច្ចសហការណ៍លក្ខណៈអន្តរជាតិ ទើបរដ្ឋាភិបាលជប៉ុន តែងផ្ដល់នូវវ៉ាក់សាំង និងគ្រឿងបរិក្ខាពេទ្យជូនកម្ពុជាជាបន្តបន្ទាប់។

គួរបញ្ជាក់ថា នេះជាលើកទីបីហើយ ដែលប្រទេសជប៉ុនបានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ទាំងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងមជ្ឈមណ្ឌលកូវ៉ាក់ រួមមានលើកទី១ ចំនួន ៣៣២ ០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី លើកទី២ ចំនួន ៦៦៨ ០០០ដូស ក្នុងក្របខណ្ឌមជ្ឈមណ្ឌលកូវ៉ាក់។ រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧ លានដុល្លារអាមេរិក ដែលត្រូវបានយកទៅ ប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូរីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម