Connect with us

ព័ត៌មានជាតិ

សហគ្រាសខ្នាតតូច និងមធ្យមជួយទ្រទ្រង់​សេដ្ឋកិច្ចជាតិ និងបង្កើតការងារជាង៧០​ភាគរយដល់ពលរដ្ឋ

បានផុស

នៅ

សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​(SME) ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​កម្លាំង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​។​ ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ក៏​ជំរុញ​ផង​ដែរ​ដល់​ការ​បង្កើត​ការងារ​នៅ​ទូ​ទាំង​ប្រទេស​។​ សន្ទុះ​កំណើន​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ធ្វើ​ចំណាកស្រុក​រក​ការងារនៅក្រៅប្រទេស​ និង​អត្រា​គ្មាន​ការងារ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ដែល​ជា​លទ្ធផល​បណ្តាល​ឲ្យ​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមធនាគារអភិវឌ្ឍអាស៊ី បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានប៉ាន់ស្មានថា មានប្រមាណ ៩៩%នៃសហគ្រាសសរុប បានរួមចំណែកជិត៦០ភាគរយនៃផលិតផលក្នុងស្រុក និងបង្កើតការងារជិត ៧០ភាគរយនៃកម្លាំងពលកម្ម។

លោកស្រី ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុ បានថ្លែងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៨ ឆ្នាំ២០២១ ស្តីពី “បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា” នៅថ្ងៃទី ២២ ខែធ្នូថា សហគ្រាសខ្នាតតូច និងមធ្យម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ពិសេសក្នុងចំណោមពលរដ្ឋរស់នៅតាមទីជនបទ។

លោកស្រី បានបន្តថា ការអភិវឌ្ឍ SME ក៏នឹងរួមចំណែកពង្រឹងភាពធននៃសេដ្ឋកិច្ច តាមរយៈការបង្កើតការផ្គត់ផ្គង់ ដើម្បីបំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូលទំនិញមួយចំនួនពីបរទេស និងបង្កើតការងារក្នុងស្រុកបន្ថែម។

ទន្ទឹមនឹងនេះ វិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់វិស័យ SME យ៉ាងខ្លាំង ស្របពេលដែលភាគច្រើននៃសហគ្រាសទាំងនេះ ស្ថិតនៅក្នុងវិស័យក្រៅប្រព័ន្ធ ធ្វើឲ្យរដ្ឋាភិបាល ពិបាកគ្រប់គ្រងទិន្នន័យ ដើម្បីដាក់ចេញនៅគោលនយោបាយទ្រទង់ និងគាំទ្រការអភិវឌ្ឍ SME ឲ្យបានពេញលេញ។

បើតាមលោកស្រី ជា សេរី វិបត្តិកូវីដ បានពន្លឿនការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងរបៀបទំនាក់ទំនង ដោយក្នុងនោះ ការប្រើប្រាស់បច្ចេកទេសក្នុងផលិតកម្ម ការជួញដូរកាន់តែមានភាពពេញនិយម ដែលទាមទារ SME ត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន ដើម្បីឆ្លើយតបនឹងស្ថានភាពថ្មីនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជា កុកហុង អគ្គនាយករង គអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅក្នុងវិបត្តិកូវីដ-១៩ ក្រសួងបានគាំទ្រថវិកាចំនួន ១៧លានដុល្លារ ដល់មុខរបរក្រៅប្រព័ន្ធ ដែលប្រឈមខ្លាំងសម្រាប់បណ្តុះបណ្តាល និងស្តារអាជីវកម្មឡើងវិញ។ ចំណែកហិរញ្ញប្បទាន SME Bank មានចំនួន ៣៤០លានដុល្លារ សម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។ លើសពីនេះទៀត លោក ជា កុកហុង បានសង្កត់ធ្ងន់ថា ទិដ្ឋភាពគោលនយោបាយ មានអនុក្រឹត្យលើកទឹកចិត្តផ្នែកពន្ធដារ លេខ១២៤ ដែលផ្តោតលើវិស័យអទិភាពបួន រួមមាន វិស័យកម្មន្តសាល ការកែច្នៃម្ហូបអាហារ ការផលិតសម្ភារប្រើប្រាស់ផ្គត់ផ្គង់ក្នុងស្រុក វិស័យទេសចរណ៍ និងនវានុវត្តផ្សេងៗទៀត រយៈពេល៥ឆ្នាំ។​ លោកថា អនុក្រឹត្យមួយទៀត ចំពោះ SME ដែលនាំចូលសម្ភារ ឬឧបករណ៍គ្រឿងម៉ាស៊ីន ក៏ត្រូវបានលើកលែងពន្ធគយនាំចូលផងដែរ។

លោក ឡោ សត្យា អគ្គនាយករង អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា វិស័យ SME រងផលប៉ះពាល់ធ្ងន់ធ្ងរ ចាប់ពីឆ្នាំ ២០២០មក ពិសេស SME ដែលបម្រើក្នុងវិស័យទេសចរណ៍ និង ក្នុងវិស័យកម្មន្តសាលមួយចំនួនទៀតដូចជា អាជីវកម្មគ្រឿងសង្ហារឹម តុទូ ជាដើម។ ចំណែកផ្នែកចំណីអាហារ មិនមានបញ្ហាអ្វីទេ ដោយសារជាតម្រូវការចាំបាច់។ លោក ឡោ សត្យា បានបញ្ជាក់ដែរថា SME គឺជាឆ្អឹងខ្នងចូលរួមយ៉ាងសំខាន់នៅកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច ជួយអភិវឌ្ឍសង្គម និងបង្កើតការងារដល់ពលរដ្ឋ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមឆ្នាំ ២០១៩ មុនវិបត្តិកូវីដ ចំនួនសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាល សរុបចំនួន ៥២,១៥៥ មូលដ្ឋាន និងផ្តល់ការងារចំនួន ៨២៤,២៤៥ នាក់៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក ស៊ី ជីន​ពីង អញ្ជើញ​សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​កិច្ច​សន្ទនា​ជាន់ខ្ពស់ ស្តីពី​ការអភិវឌ្ឍន៍​សកល​

ជីវិតកម្សាន្ដ៥៨ នាទី មុន

Kim ឆ្លើយតបពាក្យចចាមអារ៉ាមថានាងធ្វើរហែករ៉ូបតម្លៃជិត ៥លានដុល្លារ

សន្តិសុខសង្គម២ ម៉ោង មុន

ចាប់​បាន​ខ្មាំង​កាំភ្លើង​ និង​ជនសង្ស័យ​ជួញដូរ​អាវុធ​ រួម​នឹង​បក្ខពួក​ស្រីប្រុស​សរុប៦នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

​ថ្ងៃទី​២៨ ខែមិថុនា​ ​រដ្ឋបាល​រាជធានី​នឹង​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​ស្តុ​ប​ជលផល​ដល់ស្ពាន​អាកាស​ក្បាលថ្នល់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ជួសជុល ថែទាំ ផ្លូវ​ក្រាល​គ្រួស​ក្រហម តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន កម្ពុជា​-​ថៃ ប្រវែង​ជិត​១០​គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម