ព័ត៌មានជាតិ
ប្រធានគណបក្សមួយថា ផ្អែកតាមបទពិសោធន៍សម្ដេចតេជោ សែន ពិតជាអាចដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាបាន
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារកម្ពុជាថ្មី លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានអះអាងថា ផ្អែកតាមបទពិសោធន៍ ដែលសម្ដេចតេជោ ហ៊ុន សែន មានពីអតីតកាល សម្តេចពិតជាអាចជួយដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅមីយ៉ាន់ម៉ាបាន ពីព្រោះបញ្ហានៅមីយ៉ាន់ម៉ា មិនខុសពីកម្ពុជា ពីអតីតកាលនោះទេ។

សម្តេចតេជោ ហ៊ុន សែន មានបំណងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ និងទី០៨ ដើមខែមករា ឆ្នាំ២០២២ ខាងមុខ ហើយលិខិតអញ្ជើញទៅបំពេញទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា ក៏ត្រូវបានលោក វុន ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ជូនសម្តេចរួចហើយ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែក្រោយពីការប្រកាសជំហររបស់សម្តេចតេជោ បានធ្វើឲ្យមនុស្សខ្លះ ក៏ដូចជាបរទេសខ្លះមិនពេញចិត្ត ហើយត្រូវបានសម្តេចប្រាប់វិញថា បញ្ហានៅមីយ៉ាន់ម៉ា ទុកឲ្យសម្តេចធ្វើសិនកុំអាលនិយាយ។

ទាក់ទងទៅដល់ជំហររបស់សម្ដេចតេជោ សែន បែបនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា អ្វីដែលបានកើតនៅប្រទេសភូមា ក៏ដូចអ្វីដែលបានកើតឡើងនៅប្រទេសកម្ពុជាពីអតីតកាលដែរ ហើយកម្ពុជាយើងមានបទពិសោធន៍គ្រប់គ្រាន់លើការដោះស្រាយបញ្ហានេះ ជាពិសេសសម្ដេចតេជោនេះហើយ ដែលលោកមានបទពិសោធន៍បានឆ្លងកាត់ជាច្រើនទសវត្សរ៍កន្លងមក ជាពិសេសបញ្ហាសង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា ដែលកើតមានជាហូរហែពីអតីតកាល។ លោកថា កម្ពុជាយើងធ្លាប់មានការបែកបាក់ មានការបាត់បង់ មានការនិរាសព្រាត់ប្រាស ចំណាកស្រុក ភៀសខ្លួនជាហូរហែកន្លងមក ដូច្នេះសម្ដេចតេជោមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការចូលរួមដោះស្រាយនៅមីយ៉ាន់ម៉ា។

បើតាមលោក ញឹក ប៊ុនឆៃ បញ្ហានៅប្រទេសមីយ៉ាន់ម៉ាគ្មានអ្វីក្រៅពីការជជែកចរចាគ្នា ដោះស្រាយគ្នានោះទេ មិនអាចយកសង្គ្រាមទៅដោះស្រាយបានទេ ពីព្រោះអ្នកដែលរងទុក្ខវេទនាគឺប្រជាពលរដ្ឋ។ លោកថា ការដែលសម្ដេចតេជោអញ្ជើញទៅប្រទេសភូមា គឺទៅពិភាក្សារិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហា មិនដូចទស្សនរបស់អ្នកខ្លះ ឬក្រុមខ្លះ ដែលនិយាយថា ការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺជាការទៅគាំទ្ររដ្ឋាភិបាលនោះទេ។ ការលើកឡើងបែបនេះ ជាការមើលឃើញបញ្ហាមួយជ្រុងរបស់អ្នកនយោបាយ ក៏ដូចជាមជ្ឈដ្ឋានមួយចំនួនតូចតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់លោកផ្ទាល់ មើលឃើញថា ការអញ្ជើញទៅរបស់សម្ដេចតេជោ គឺជាការទៅជួយដោះស្រាយវិបត្តិ មិនមែនជាការទៅគាំទ្រនោះទេ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់យ៉ាងនេះថា “ការអញ្ជើញទៅមីយ៉ាន់ម៉ារបស់សម្ដេចតេជោ គឺជាការចូលទៅដោះស្រាយ រិះរកមធ្យោបាយ ដើម្បីធ្វើឱ្យដំណោះស្រាយនោះទទួលបានជោគជ័យ ហើយបើមើលទៅលើគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក បានធ្វើឲ្យសង្គ្រាមក្នុងរបស់យើងបានបញ្ចប់ជាស្ថាពរ រហូតធ្វើឱ្យយើងបានអភិវឌ្ឍប្រទេស និងមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ”។

ប្រធានគណបក្សខ្មែររួបរួមជាតិបញ្ជាក់ទៀតថា “ប្រសិនបើការដោះស្រាយនៅមីយ៉ាន់ម៉ាទទួលបានជោគជ័យ មុខមាត់ គឺជារឿងធំណាស់ ពីព្រោះបញ្ហាកំពុងតែស្ថិតនៅក្នុងសភាពស្មុគស្មាញ ហើយគ្មានអ្នកណាជួយដោះស្រាយ ដូច្នេះបើសម្ដេចអាចដោះស្រាយបាន នេះគឺជាមុខមាត់ណាស់របស់កម្ពុជា ជាពិសេស គឺផ្ទាល់ខ្លួនរបស់សម្ដេច ហើយខ្ញុំជឿថា អន្តរជាតិពិតជាគាំទ្រ និងកោតសរសើរជាក់ជាមិនខាន ហើយប្រទេសនៅក្នុងតំបន់ នៅក្នុងអាស៊ីក្តី នៅក្នុងអាស៊ានក្តី នឹងអបអរសាទរផងដែរ”។

លោកថា ខណៈពេលការដោះស្រាយមិនទាន់ចាប់ផ្ដើម ចេះតែនាំគ្នាមានមតិលើកឡើងបែបនេះបែបនោះ ប៉ុន្តែនៅពេលដំណោះស្រាយទទួលបានជោគជ័យ វាជាជោគជ័យ ជាមុខមាត់ ជាកិត្តិយសធំណាស់របស់កម្ពុជា ហើយបទពិសោធន៍នេះ ក៏អាចនឹងយកទៅអនុវត្តន៍នៅបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា សម្តេចនឹងទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមការគ្រោងទុកដដែល បើទោះបីមានរិះគន់គ្រប់បែបយ៉ាងពីមជ្ឈដ្ឋានមួយចំនួនក៏ដោយ។ បើតាមសម្តេចតេជោ ការទៅកាន់មីយ៉ាន់ម៉ានេះ គឺដើម្បីស្វែងរកដំណោះស្រាយនាំអាស៊ានឱ្យគ្រប់ទឹក គ្រប់លក្ខណៈ ដែលមានសមាជិក១០ប្រទេសឡើងវិញ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារទៅក្រុមអ្នកប្រឆាំង ក៏ដូចជា ក្រុមអ្នកវិភាគអន្តរជាតិធំៗថា អ្វីដែលកម្ពុជាគ្រោងនឹងធ្វើនៅក្នុងឆ្នាំ២០២២ គឺដើម្បីតែអាស៊ាន។ សម្តេចថា បញ្ហាភូមា គឺមានភាពស្មុគស្មាញ ហើយត្រូវការពេលវេលាក្នុងការចរចា ដូច្នេះកុំអាលបន្ទោសកម្ពុជា ហើយត្រូវទុកពេលឱ្យកម្ពុជាធ្វើការងាររបស់ខ្លួនសិន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


