Connect with us

ព័ត៌មានជាតិ

ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា នឹង​ចាប់ផ្តើម​សាងសង់​ចាប់ពី​ខែ​មីនា​នេះហើយ

បានផុស

នៅ

ភ្នំពេញ​ ៖ គម្រោង​សាង់សង់​ស្ពាន​អាកាស​ផ្លូវ​២០០៤ ស្ថិតនៅ​ផ្លូវ​ប្រសព្វ​រវាង មហាវិថី សហព័ន្ធរុស្ស៊ី និងវិថី​សម្តេច ចៅ​ហ្វា​វាំង គង់ សំ អុល (​ផ្លូវ​២០០៤) គ្រោង​នឹង​ស្ថាបនា ចាប់ពី​ខែ​មិនា​ឆ្នាំ​២០២២​នេះហើយ ដោយ​ប្រើប្រាស់​រយៈពេល​នៃ​ការសាងសង់​ចំនួន​ជាង​១៤​ខែ ពោលគឺ នឹង​ស្ថាបនា​ឱ្យបាន​រួចរាល់​នៅមុន​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

នេះ​បើ​តាម​ការបញ្ជាក់​ឲ្យ​ដឹង នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ លោ​កស ថេត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​រដ្ឋលេខាធិការ នៃ​រដ្ឋលេខា​ធិ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល តំណាង​ក្រុមហ៊ុន​OCIC និង​មានការ​ចូលរួម​ពី មន្ត្រី​ជំនាញ​មួយចំនួនទៀត​។

លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​គម្រោង​នៃ​ការសាងសង់​ស្ពាន​អាកាស​នេះ​ថា គម្រោង​ស្ពាន​អាកាស​ផ្លូវ​២០០៤ នឹង​ចាប់ផ្ដើម​នៅ​ខែ​មិនា​ឆ្នាំ​២០២២​ខាងមុខ ដោយ​ប្រើប្រាស់​រយៈពេល​ជាង​១៤​ខែ ហើយ​ក្នុង​រយៈ​ពេលនេះ​រហូតដល់​ខែ​មិនា ក្រុម​ជំនាញ​នឹងធ្វើ​ការសិក្សា​ពី​ផ្លូវ​វាង នឹងធ្វើ​ការសិក្សា​ពី​ផលប៉ះពាល់​មួយចំនួន​។ ស្ពាន​នេះ​នឹងធ្វើ​ឡើង​ស្រប​ពីលើ​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី គ្របពីលើ​ផ្លូវ​២០០៤ ប្រសព្វ​ជាមួយនឹង​ផ្លូវ​២០១១ ។

គម្រោង​ស្ពាន​អាកាស​ផ្លូវ​២០០៤​នេះ មាន​ប្រវែង ៥១៦.២​ម៉ែត្រ ប្រវែង​បណ្តោយ​តួ​ស្ពាន ២៣៣,៩​ម៉ែត្រ​ប្រវែង​ទទឹង​តួ​ស្ពាន ១៥.៨​ម៉ែត្រ កំពស់​តួ​ស្ពាន ត្រង់ចំណុច​កណ្ដាល ៥.០~៥.៥​ម៉ែត្រ​។

លោក​ឃួ​ង​ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ស្ពាន​អាកាស​ថ្មី​នេះ យើង​នឹងធ្វើ​ការងារ​ទាំងថ្ងៃទាំងយប់ ដើម្បី​ឲ្យ​រួចរាល់​ទៅតាម​គម្រោង​ដែល​បាន​គ្រោងទុក មានន័យថា ធ្វើឱ្យបាន​រួចរាល់​នៅ មុន​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការបង្កើត​នូវ​គម្រោង​ទី​១ នៃ​ការកសាង​ស្ពាន​អាកា​សប​នៅ​ចំណុច​ខាងលើនេះ​លោក​ឃួ​ង ស្រេង នៅតែ​ជំរុញ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន ocic សិក្សា​ពី​ការសាងសង់​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​ស្ពាន​នេះ​បន្ថែមទៀត​អោយបាន​លឿន​ផងដែរ ថា​តើ​មាន​ផលប៉ះពាល់​ទំហំ​ប៉ុណ្ណា ហើយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប៉ុន្មាន​នៃ​ផលប៉ះពាល់​នេះ ដើម្បី​យើង​អាច​ដោះស្រាយ​ស្ទះចរាចរណ៍​នៅ​តំបន់​នេះ​បានយូរ​អង្វែង​។

លោក​ឃួ​ង ស្រេង បន្តថា ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៃ​រង្វង់​មូល​ចោមចៅ ក្រោយពី​មានការ​ដាក់​ឲ្យ​ដំណើរការ​នោះ លំហូរ​សារាចរ​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី នឹង​មក​កកស្ទះ​ចរាចរ​នៅ​ផ្លូវ​លេខ​២០០៤​ក៏ដូចជា​ផ្លូវ​លេខ​២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​នៅ​ចំណុច​ស្តុ​ប​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា (​ផ្លូវ​២០០៤ កែង​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី)​នេះ​៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម