Connect with us

ព័ត៌មានជាតិ

អ្នក​នាំ​ពាក្យ​៖ ​លទ្ធផលបាក់ឌុប​ មិនគួរ​ជាទីបញ្ចប់​នៃការសិក្សា​នោះទេ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា លទ្ធផលបាក់ឌុបគឺជាចំណុចចាប់ផ្ដើមថ្មីមួយសម្រាប់អ្នកសិក្សាគ្រប់រូបហើយលទ្ធផលបាក់ឌុបក៏មិនគួរជាទីបញ្ចប់នៃការសិក្សានោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក រស់ សុវាចា គឺបានធ្វើឡើងបន្ទាប់ពីក្រសួងប្រកាសលទ្ធផលប្រឡងបា់ឌុបថ្មីៗនេះ បេក្ខជនប្រឡងជាប់ចំនួន ៧២ ០១៦ នាក់ ស្មើនឹង ៦៥.៦៥ភាគរយ ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន ១ ៧៥៣ នាក់ និទ្ទេស B មានចំនួន ១៥៥២ នាក់ និទ្ទេស C ចំនួន១១៦៣៤ នាក់ និទ្ទេស D ចំនួន ២៣៤៩៩ នាក់ និងនិទ្ទេស E ចំនួន ២៩៩១៥នាក់។

លោក រស់ សុវាចាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នោថ្ងៃទី១៧មករានេះថា ការសិក្សាជាដំណើរប្រព្រឹត្តទៅពេញមួយជីវិត។ អ្នកសិក្សាគ្រប់រូបត្រូវបន្តមានក្តីសង្ឃឹមដើម្បីសម្រេចគោលបំណងជីវិត។

លោកបានបន្តថា «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យយល់ថានៅក្នុងជីវិតរបស់យើងតែងជួបជោគជ័យ និងបទពិសោធន៍ផ្សេងៗ។ យើងត្រូវយកបទពិសោធន៍ទាំងឡាយ ជាមេរៀនជីវិតដើម្បីកសាងអនាគត។ យើងមិនអាចកែប្រែអតីតកាលបានទេ។ អ្វីដែលសំខាន់គឺយើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាពហើយហ៊ានទទួលយកលទ្ធផលក្រោយការព្យាយាមអស់ពីចិត្តដើម្បីរៀបចំអនាគតឱ្យរឹតតែប្រសើរ។ ធ្វើដូចនេះទើបយើងគ្មានវិប្បដិសារី»។

លោកបានបន្តទៀតថា ការសម្រេចចិត្តរបស់មនុស្សយើងត្រូវឈរលើគោលបំណងជីវិតបុគ្គល។ យើងត្រូវដឹងថាយើងចង់បានអ្វីនៅក្នុងជីវិតរបស់យើង។

លោកបានបន្ថែមថាការរៀនជំនាញមិនគួរជាជម្រើសទីពីរ របស់មនុស្សទេ។ មានន័យថា មនុស្សគ្រប់រូបអាចជ្រើសរើសរៀនជំនាញទោះជាប្រឡងបាក់ឌុបជាប់ ឬធ្លាក់ក៏ដោយ។ ប្រសិនបើបុគ្គលម្នាក់ស្រឡាញ់ជំនាញណាមួយគាត់អាចជ្រើសរើសរៀនជំនាញនោះបានក្រោយប្រឡងបាក់ឌុបជាប់។ អ្នកជាប់បាក់ឌុបក៏អាចជ្រើសរើសរៀនបន្តនៅកម្រិតឧត្ដមសិក្សាទៅតាមគោលបំណងជីវិត និងឧបនិស្ស័យរៀងៗខ្លួន។

លោក រស់ សុវាចាបានបន្តឱ្យដឹងថា «សម្រាប់ប្អូនៗដែលប្រឡងបាក់ឌុបធ្លាក់គួររៀនថ្នាក់ទី១២ម្តងទៀត រឺគួររៀនជំនាញ គឺអាស្រ័យលើគោលបំណងនិងឧបនិស្ស័យរៀងៗខ្លួន។ ជារួមខ្ញុំសូមផ្ដាំទៅប្អូនៗថា យើងត្រូវដឹងពីតម្រូវការនិងអាទិភាពជីវិតរបស់យើងឲ្យច្បាស់។ យើងត្រូវដឹងថាយើងចង់បានអ្វីនៅក្នុងជីវិត»។

លោក រស់ សុវាចាបានអះអាងទៀតថាការជ្រើសរើសមុខវិជ្ជាសម្រាប់រៀនសូត្រនៅកម្រិតឧត្តមសិក្សា និងជំនាញ គឺជាជម្រើសបុគ្គលនិងគ្រួសារដោយផ្សារភ្ជាប់រវាងចំណង់ចំណូលចិត្តនិងឧបនិស្ស័យផ្ទាល់ខ្លួននិងទីផ្សារការងារ។

លោកបានបញ្ជាក់ថានិយាយជារួម កត្តារៀនសូត្របន្ត អាស្រ័យលើការពិចារណារបស់សាម៉ីខ្លួនដោយឈរលើមូលដ្ឋានចំនួនបួន៖ ការយល់ដឹងច្បាស់ពីមុខជំនាញ ឧបនិស្ស័យបុគ្គល ការពិនិត្យមើលលទ្ធភាពផ្ទាល់ខ្លួន និងតម្រូវការទីផ្សារការងារ។

លោកបានបន្ថែមទៀតថា នាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡាចំនួនបី រួមមាននាយកដ្ឋានឧត្តមសិក្សា, នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងនាយកដ្ឋានយុវជន ដោយមានការរួមចំណែកពីក្រុមប្រឹក្សាយុវជនកម្ពុជាបានចុះយុទ្ធនាការក្នុងការពន្យល់តម្រង់ទិសមុខជំនាញដល់សិស្សថ្នាក់ទី១២ នៅទូទាំងប្រទេស ដើម្បីបង្កើនការយល់ដឹងក្នុងការចាប់យកមុខជំនាញ អភិវឌ្ឍសង្គមសេដ្ឋកិច្ច។

លោក រស់ សុវាចា បានបញ្ជាក់បន្ថែមថា គុណភាពអប់រំជាផលិតផលនៃកត្តាធម្មជាតិ និងកត្តាសង្គម។ កត្តាធម្មជាតិសំដៅដល់កំណើតកើតជារបស់បុគ្គល។ កតា្តសង្គមសំដៅដល់សង្គមសាលារៀន សង្គមគ្រួសារ សង្គមមិត្តភក្តិជាដើម។ ដូចនេះ គុណភាពអប់រំអាស្រ័យលើការចូលរួមពីអ្នកសិក្សាផ្ទាល់ និងគ្រប់ភាគីពាក់ព័ន្ធ។

លោកបានសង្កត់ធ្ងន់ថាក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំតាមរយ:គ្រប់រូបភាព អមដោយកិច្ចសហការវិជ្ជមានជាមួយក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ។ ដោយឡែក សង្គមគ្រួសារមានតួនាទីសំខាន់មួយក្នុងការជួយពង្រឹងការរៀនសូត្រ មុននិងក្នុងបរិការណ៍កូវីដ-១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ នាទីutes មុន

ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មេទ័ពអ៊ីរ៉ង់ ចេញមុខគំរាមសងសឹកអាមេរិក ជាមួយកម្លាំងដ៏ខ្លាំងបំផុត

ព័ត៌មានជាតិ១៩ នាទីutes មុន

អភិបាលខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ និងកម្លាំងទាំងអស់ គាំទ្រជានិច្ចរាល់ការសម្រេចរបស់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤៥ នាទីutes មុន

លោក ​  Arnaud Darc៖ កម្ពុជាកំពុងបង្ហាញភាពធន់ និងម្ចាស់ការនៃសេដ្ឋកិច្ចរបស់ខ្លួន

កីឡា៤៩ នាទីutes មុន

កម្ពុជា នៅតែបញ្ជូនអត្តពលិកទៅចូលរួម​ប្រកួត កីឡា​ស៊ីហ្គេម នៅថៃ ទោះ​មាន​ជម្លោះ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម