Connect with us

ព័ត៌មានជាតិ

តើសំណុំរឿងពុករលួយនៅសាកលវិទ្យាល័យការពារជាតិ ដល់ណាហើយ?

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យការពារជាតិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យធ្វើការបំភ្លឺពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួន ដូចជា ការកឹបកេងលុយម៉ោងបង្រៀនរបស់យោធាចារ្យប្រមាណ១០៧នាក់ ដែលមានជាង១.៦០០លានរៀល ការកិបកេងប្រាក់អន្តរាគមន៍របស់ក្រសួង រួមទាំង ប្រាក់ហ្វឹកហ្វឺនជាង១៣០លានរៀល និងការប្រព្រឹត្តអំពើពុករលួយជាច្រើនទៀត។ ប៉ុន្តែ លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក ធ្លាប់បានអះអាងត្រឡប់ទៅវិញថា លោកគ្មានសិទ្ធិសម្រេចរឿងធំៗបែបហ្នឹងទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងករណីនេះ «កម្ពុជាថ្មី» មិនទាន់អាចសុំការពន្យល់ពីលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក បាននៅឡើយទេ ដោយទូរស័ព្ទចូល តែលោកប្រាប់ថា ជាប់រវល់ ហើយនៅពេល សុំការឆ្លើយតបតាមបណ្តាញសង្គមតេឡេក្រាម លោកគ្រាន់តែចូលមើល តែមិនឆ្លើយតបនោះឡើយ។ យ៉ាងណាក៏ដោយ លោកធ្លាប់បាននិយាយប្រា​ប់ប្រព័ន្ធព័ត៌មានមួយកាលពីថ្ងៃទី២៩ ខែមករា ថា តួនាទីរបស់លោក ជាសាកលវិទ្យាធិការរង ដូច្នេះហើយ លោកគ្មានសិទ្ធិសម្រេចរឿងធំៗបែបនេះទេ ហើយថា ការចោទប្រកាន់នោះ វាដូចជាធ្ងន់ធ្ងរពេក ពីព្រោះមិនមែនរឿងរបស់លោកទេ។

លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក បានបញ្ជាក់យ៉ាងនេះថា៖ «តួនាទីខ្ញុំជាសាកលវិទ្យាធិការរងទេ អីចឹងសិទ្ធិសម្រេចទាំងអស់ហ្នឹង ខ្ញុំមានសិទ្ធិឯណាទៅដល់រឿងធំៗអស់ហ្នឹង ហើយការចោទប្រកាន់ហ្នឹង ក៏វាមិនត្រឹមត្រូវទៅទៀត។ បើនិយាយពីសិទ្ធិ និងតួនាទីខ្ញុំដូចជាមិនដល់ហ្នឹងទេ ហើយការសម្រេចអស់ហ្នឹងកម្រិតខ្ញុំអត់មាន បើនិយាយពីសិទ្ធិអំណាច និងតួនាទីខ្ញុំ។ ការចោទប្រកាន់ហ្នឹង វាដូចធ្ងន់ធ្ងរពេក វាមិនមែនរឿងខ្ញុំផងហ្នឹង ហើយការចោទប្រកាន់ហ្នឹង វាអយុត្តិធម៌សម្រាប់អង្គភាព»។ បើតាមលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក លោកកំពុងតែធ្វើការបំភ្លឺជូនអង្គភាពប្រឆាំងអំពើពុរលួយហើយ ដែលគ្រោងនឹងយកទៅដាក់នៅដើមសប្តាហ៍ក្រោយនេះ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានធ្វើលិខិតទៅលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យការពារជាតិ សុំធ្វើការបំភ្លឺករណីលើកឡើងពីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទី ភារកិច្ច ដោយយោងពាក្យបណ្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលបានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

ពាក្យបណ្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលបានមាន ដូចជា តម្រូវឲ្យបុគ្គលិកតាមការិយាល័យ និងមហាវិទ្យាល័យបង់ប្រាក់ប្រចាំសប្តាហ៍ និងប្រចាំខែ ចាប់ពី១លានរៀល ដល់ ២លានរៀល។ នាយទាហានដែលបញ្ចប់ការសិក្សា ចង់បម្រើការងារនៅសាកលវិទ្យាល័យការពារជាតិ ត្រូវបង់ប្រាក់ចាប់ពី៣.០០០ដុល្លារ ដល់៤.០០០ដុល្លារ ក្នុង០១ខែៗ។ បង្ខំឲ្យនិស្សិតបង់ប្រាក់០១វគ្គ ចំនួន២លានរៀល, តម្រូវឲ្យអ្នកព្យួរឈ្មោះបង់ប្រាក់០១ឆ្នាំ៥០០ដុល្លារ, តម្រូវឲ្យអ្នកសុំចូលរៀនបន្ត បង់ប្រាក់ចាប់ពី៣០០ដុល្លារ ដល់៥០០ដុល្លារ, តម្រូវឲ្យអ្នករៀនចប់ហើយ ចង់ផ្ទេរទៅអង្គភាពវិញ បង់ប្រាក់ចាប់ពី ២០០ដុល្លារ ដល់ ៣០០ដុល្លារ, តម្រូវឲ្យអ្នកចង់បានតំណែងជាសាកលវិទ្យាធិការរង បង់ប្រាក់ចាប់ពី ១០.០០០ដុល្លារ ដល់ ១៥.០០០ ដុល្លារ, តម្រូវឲ្យអ្នកចង់បានតំណែងជានាយមុខវិជ្ជា បង់ប្រាក់ចាប់ពី៥.០០០ដុល្លារ ដល់ ៨.០០០ដុល្លារ, យកប្រាក់ពីអ្នកឡើងស័ក្តិ ចាប់ពី៣០០ដុល្លារ ដល់៥០០ដុល្លារ, ករណីយោធាចារ្យ បង្រៀនមួយម៉ោងទទួល៥.០០០រៀល សរុប ១០៧នាក់ ក្នុងមួយត្រីមាស សរុបប្រាក់ជាង ៤០០លានរៀល គុណនឹងបួនត្រីមាស សរុបជាង១.៦០០លានរៀល។

ប្រាក់នេះ ក្រសួងផ្តល់ឲ្យការឡើងថ្នាក់របស់យោធាចារ្យ ប៉ុន្តែឪពុក និងកូនទាំងបីរបស់លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក បានកិបកងបាត់តាំងពីខែមេសា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។ កិបកេងប្រាក់អន្តរាគមន៍របស់ក្រសួង ក្នុង០១ខែ ៣០លានរៀល បាត់ឈឹងរយៈពេល៣ឆ្នាំមកហើយ និងប្រាក់ហ្វឹកហ្វឺន០១ខែ ១០០លានរៀល ដោយមហាវិទ្យាល័យទាំង០៥ និង០៣មជ្ឈមណ្ឌល មិនបានទទួល ហើយត្រូវចំណាយខ្លួនឯង, ករណីនិស្សិត ចាប់ពីមានជំងឺកូវីដផ្ទុះឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ គឺសាកលវិទ្យាល័យការពារជាតិ មិនឲ្យនិស្សិតចូលរៀនផ្ទាល់ ដោយបង្រៀនតាមអនឡាញ ចាប់ពីខែមីនា ឆ្នាំ២០២១ និស្សិតជាង៨០០នាក់ មិនបើកអង្ករឲ្យទេ ដោយក្នុងម្នាក់ទទួលបានចំនួន ២២.៥ គីឡូក្រាម និងប្រាក់ហូបចំនួន១២.០០០រៀល រហូតដល់ខែសីហា ឆ្នាំ២០២១ បាត់សូន្យតែម្តង។

ចំណែក និស្សិតខ្លះចូលរៀនបាន០៣ឆ្នាំ ទទួលបានសញ្ញាបត្រ០៣ ទាំងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មិនមករៀនក៏ទទួលបានសញ្ញាបត្រដែរ ឲ្យតែបង់ប្រាក់ពី៣.០០០ដុល្លារ ដល់៥.០០០ដុល្លារ ជាការស្រេច, ឃុបឃិតគ្នាលក់រថយន្តរួមក្នុងសាកលវិទ្យាល័យការពារជាតិ ចំនួន០៤គ្រឿង និងសម្ភារៈចាស់ៗក្នុងឃ្លាំងមួយចំនួនធំមកទុកជាប្រយោជន៍ផ្ទាល់ខ្លួន៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម