ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា និងព្រុយណេ យល់ថា ស្ថានភាពនៅមីយ៉ាន់ម៉ា ត្រូវដោះស្រាយមួយជំហានម្តងៗ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម ហើយនៅ ក្នុងជំនួបនោះប្រមុខកាទូត នៃប្រទេសទាំងពីរ បានពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះ ក៏មានបញ្ហានៅមីយ៉ាន់ម៉ាផងដែរ។

បើតាមលទ្ធផលនៃជំនួប ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ដាតូ អ៊ីរីវ៉ាន់ បានអបអរសាទរការចាប់ផ្តើមតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន និងបានអះអាងអំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាននេះ។

ក្រៅពីបញ្ហាទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីគាំទ្រដល់ការបន្ធូរ បន្ថយវិបត្តិ និងការសម្រេចបាននូវ ដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើការព្រមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីព្រុយណេអំពីផែនការរបស់លោក ដើម្បីទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស និងដើម្បីធ្វើទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការស្វែងរកច្រក និងមធ្យោបាយ ដែលធានាបាននូវការផ្ដល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ដល់ប្រជាជនទាំងអស់នៅមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាបន្ទាន់។
លោក ដាតូ អ៊ីរីវ៉ាន់ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការផ្តល់ការ គាំទ្រពេញទំហឹងដល់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការបំពេញតួនាទីជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្ដីពីមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញទស្សនៈស្រដៀងគ្នាចំពោះភាពស្មុគស្មាញនៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាំបាច់ត្រូវដោះស្រាយតាមរយៈវិធីសាស្ត្រមួយជំហានម្តងៗ។ ភាគីទាំងពីរ បានឯកភាពគ្នាថា អាស៊ានគួរតែបន្តបង្កើតដំណើរការសន្ទនាមួយប្រកបដោយបរិយាប័ន្ន ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ ដើម្បីបញ្ចប់អំពើហិង្សា ទប់ស្កាត់មិនឲ្យលក្ខខណ្ឌមនុស្សធម៌កាន់ តែអាក្រក់ និងទទួលបាននូវសន្តិភាពយូរអង្វែង។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយគ្នា រួមនិងសហការីអាស៊ានដទៃទៀត ដើម្បីពន្លឿនវឌ្ឍនភាពនៃការ អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងដើម្បីពង្រឹងបន្ថែមទៀតនូវមជ្ឈភាព និងឯកភាពអាស៊ាន៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


