ព័ត៌មានជាតិ
លោក ប្រាជ្ញ ចន្ទ ឱ្យអ្នកពាក់ព័ន្ធសហការជាមួយ គ.ជ.ប ដើម្បីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ជោគជ័យ
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីប្រកាសផ្សព្វផ្សាយ អំពី ការចាប់ផ្តើមបើកដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រំលឹកឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយ គ.ជ.ប ដើម្បីឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានជោគជ័យ តាមផែនការដែលបានគ្រោងទុក។

លោក ប្រាជ្ញ ចន្ទ អះអាងថា គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំរួចជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកបន្តថា ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប មានការងារជាច្រើនដែលត្រូវធ្វើជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីគណបក្សនយោបាយ អង្គការ សមាគម អ្នកសារព័ត៌មាន ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោក ប្រាជ្ញ ចន្ទ សម្តែងការជឿជាក់ថា អង្គការ សមាគម ទាំងជាតិ និងអន្តរជាតិ នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនចូលរួម ឃ្លាំមើលដំណើរការរៀបចំការបោះឆ្នោត ហើយដោយឡែកអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នឹងបន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការងារទាំងអស់នេះ ជូនដល់សាធារណជន ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកបោះឆ្នោតផង និងដើម្បីជំរុញឱ្យមានការចូលរួមយ៉ាងផុលផុសផង។ លោកសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការជាមួយ គ.ជ.ប ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដីណែនាំផ្សេងៗដើម្បីធ្វើយ៉ាងណាធានាឱ្យដំណើរការនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោក ប្រាជ្ញ ចន្ទ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ ៥ ឆ្នាំម្តង តាមរយៈការបោះឆ្នោតជាសកល ហើយកាលបរិច្ឆេទ នៃការបោះឆ្នោតនេះ ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៩ខែយ៉ាងតិច មុនថ្ងៃបោះឆ្នោត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


