ព័ត៌មានជាតិ
រយៈពេល ២១ឆ្នាំ អង្គការសម្ព័ន្ធសត្វព្រៃ ជួយ សង្គ្រោះសត្វព្រៃបានជាង ៧ម៉ឺនក្បាល
នៅក្នុងបេសកកម្មការងារនៅកម្ពុជា រយៈពេល ២១ឆ្នាំមកនេះ អង្គការសម្ព័ន្ធសត្វព្រៃ បានជួយអភិរក្ស ថែរក្សាសត្វព្រៃ និងបានជួយសង្គ្រោះសត្វព្រៃរស់ ជាច្រើនប្រភេទបានជាង ៧ម៉ឺនក្បាល ដែលមួយចំនួនជាសត្វកម្រផងដែរ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី ២២កម្ភៈ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិការសម្ព័ន្ធសត្វព្រៃ Wildlife Alliance បានជម្រាប ជូនលោករដ្ឋមន្ត្រីកសិកម្មថា ក្នុងរយៈពេល ២១ឆ្នាំ ដែលអង្គការរបស់លោកស្រី បានបំពេញបេសកកម្មការងារនៅកម្ពុជា អង្គការសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការជួយអភិរក្ស ថែរក្សាសត្វព្រៃនៅកម្ពុជា។
ក្នុងនោះ បានជួយសង្គ្រោះសត្វព្រៃរស់ជាច្រើនប្រភេទ បានចំនួន ៧២ ៧៨៧ក្បាលរួមមាន៖ ខ្លាឃ្មុំប្រភេទតូច ពង្រួល ទោចម្កុដ ស្វាព្រាម សំពោចក្រអូប សំពោចវល្លិ៍ ស្វាត្រោស ស្វាក្តាម ក្ងោក ឈ្លូស សារិកា កែវវង សេកក្រិច កេងកងធំ កេងកងតូច ផ្វាំងនិងបានរឹបអូសសត្វព្រៃងាប់ សាច់សត្វព្រៃ សំណាកសត្វព្រៃ ចាប់ជនល្មើសឲ្យទទួលការពិន័យ បង្រ្គាបការជួញដូរភ្លុកដំរីអាហ្រ្វិក និងកុយរមាស បានយ៉ាងច្រើនទៀត។
លោកស្រី បានបន្តថា ក្រៅពីនេះ អង្គការក៏បានជួយសង្គ្រោះ ឬស្តារលទ្ធភាព និងដោះលែងសត្វព្រៃនៅព្រៃការពារអចិ ន្រ្តៃយ៍ និងនៅព្រៃឧទ្យានអង្គរនិង បានផ្តល់ការអប់រំ ផ្សព្វផ្សាយដល់សហគមន៍ព្រៃឈើ សាលារៀន និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង ឲ្យបានទូលំទូលាយអំពីព្រៃឈើ និងសត្វព្រៃផងដែរ។
លោកស្រី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ជាពិសេសរដ្ឋបាលព្រៃឈើ បើ ពុំនោះទេលោកស្រី ក៏មិនអាចទទួលបានជោគជ័យដូច្នេះដែរ។ លោកស្រី បានបន្តថា ទន្ទឹមនេះអង្គការ ក៏នៅមានការងារជាច្រើនទៀត ដែលត្រូវបន្តអនុវត្តស្របតាមខ្លឹមសារ MOU ដើម្បីចូលរួមទប់ស្កាត់ និងបង្រ្គាបការជួញដូរសត្វព្រៃ និងការថែទាំសត្វព្រៃ ដែលត្រូវបានរឹបអូស មុនលែងចូលក្នុងព្រៃធម្មជាតិវិញ។
លោកស្រី បានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់ភាគីពាក់ព័ន្ធ ជួយបន្តផ្តល់កិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាចូលរួមថែរក្សា និងការពារសត្វព្រៃគ្រប់ប្រភេទរបស់កម្ពុជា ឲ្យបានស្ថិតថេរគង់វង្សតរៀងទៅ។
លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី និងសហការី ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្តខ្លឹមសារ MOU ក្នុងការជួយថែរក្សា ការពារ សង្រ្គោះ និងអភិរក្សសត្វព្រៃកម្ពុជា តាមរយ:ពហុសកម្មភាព រួមទាំងការផ្សព្វផ្សាយផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនភ្ញៀវថា គោលបំណងរបស់អង្គការ ពិតជាបាននិងកំពុងជួយថែរក្សា ការពារ សង្រ្គោះ និងអភិរក្សសត្វព្រៃកម្ពុជា តាមរយ:ពហុសកម្មភាព រួមទាំងការផ្សព្វផ្សាយផងដែរ។ តាមរយ:សកម្មភាពនេះ ជាក់ស្តែងនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងថែទាំសត្វព្រៃភ្នំតាម៉ៅ មានសត្វព្រៃជាច្រើនប្រភេទ ដែលចាប់បានពីជនល្មើសបាន និងកំពុងរស់នៅ តពូជ កើតកូន ចៅយ៉ាងសុខសាន្ត និងរីកធំធាត់ជាបន្តបន្ទាប់។ ក្រៅពីនេះ សត្វព្រៃមួយចំនួនធំទៀត បាន ជួយសង្គ្រោះ និងដោះលែង ចូលក្នុងព្រៃអចិន្រ្តីយ៍ផងដែរ។
តាមរយ:សមិទ្ធផល ដែលអង្គការសម្រេចបាន លោករដ្ឋមន្ត្រី បានបង្ហាញនូវឆន្ទ:គាំទ្រយ៉ាងពេញទំហឹង និងរង់ចាំផ្តល់កិច្ចសហការ ធ្វើយ៉ាងណាឲ្យការអនុវត្តខ្លឹមសារ MOU សម្រេចទទួលបានជោគជ័យ ក្នុងន័យរួមគ្នាថែរក្សា និងការពារសត្វព្រៃកម្ពុជា ឲ្យបានគង់វង្ស។
លោករដ្ឋមន្ត្រី បានជូនយោបល់លោកស្រីនាយិកា រដ្ឋបាលព្រៃឈើ និងភាគីពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការឲ្យកាន់ស៊ីជម្រៅ និងទូលំទូលាយ ធ្វើយ៉ាងណាឲ្យការអនុវត្តច្បាប់ និងបច្ចេកទេស ទាក់ទងនឹងកម្មវត្ថុចំបងរបស់អង្គការ សម្រេចទទួលបានជោគជ័យ។
យោងតាមសំណើ របស់ប្រធានរដ្ឋបាលព្រៃឈើ លោករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរគួរតែមានកម្មវិធីជួបប្រជុំគ្នា ដើម្បីពិនិត្យ និងវាយតម្លៃ លើលទ្ធផលសម្រេចបានធ្វើយ៉ាងណា ឲ្យសកម្មភាពរបស់អង្គការដំណើរការ ទៅដោយរលូន សមស្របទៅតាមស្ថានភាពជាក់ស្តែង បើអាច ៣ ឬ៦ខែម្តង៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ