ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារប្រាប់តំណាងILOថា កម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពជនណាម្នាក់ក្នុងការចូលរួមសហជីពនោះទេ
លោក បណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់តំណាងអង្គការILOថា ប្រទេសកម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពរបស់ជនណាម្នាក់ក្នុងការចូលរួមសហជីពណាមួយ ដោយផ្អែកលើឆន្ទៈរបស់ពួកគេឡើយ។ លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំត្រីភាគី ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងសហជីព និងតំណាងនិយោជក ជាមួយប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការILO ដឹកនាំដោយលោក Takanobu Teramoto នៅព្រឹកថ្ងៃទី០១មេសានៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រី បានបន្តថា ការអនុវត្តសេរីភាពសមាគមនៅព្រះរាជាណាចក្រកម្ពុជាអាចធ្វើឡើងបាន តាមរយៈច្បាប់ស្តីពីសហជីព និងច្បាប់ផ្សេងទៀតដែលមានដូចជា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។ ហេតុនេះ ប្រទេសកម្ពុជាមិនត្រឹមតែមានប្រព័ន្ធច្បាប់ដែលធានាយ៉ាងទូលំទូលាយនូវការអនុវត្តសេរីភាពក្នុងការបង្កើតសមាគមប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់នូវជម្រើសជាក់ស្តែងសម្រាប់ការអនុវត្តសេរីភាពនៃសមាគមផងដែរ។

លោកបានបន្តទៀតថា ប្រទេសកម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពរបស់ជនណាម្នាក់ក្នុងការចូលរួមសហជីពណាមួយ ដោយផ្អែកលើឆន្ទៈរបស់ពួកគេឡើយ។ សេរីភាពជាមូលដ្ឋាន ក៏ដូចជាសេរីភាពក្នុងការចូលរួម ឬបង្កើតសហជីពដែលមានចែងក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ត្រូវបានទទួលស្គាល់ និងធានាក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្ត្រីបានលើកឡើងរបាយការណ៍មកបញ្ជាក់ថាគិតត្រឹមខែមករា ឆ្នាំ២០២២នេះ កម្ពុជាមានអង្គការវិជ្ជាជីវៈបានចុះបញ្ជីចំនួន ៥ ៧៧៣ ក្នុងនោះមានសហជីពមូលដ្ឋានចំនួន ៥ ៤៦៤, សហព័ន្ធសហជីពចំនួន ២៥៧, សហភាពសហជីពចំនួន ៤០, និងសមាគមនិយោជកចំនួន ១២។ ដោយឡែកនៅក្នុងឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាសហជីពថ្មីចំនួន ២៦២។

លោក Takanobu Teramoto បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សិទ្ធការងារ និងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ បើទោះជានៅមានបញ្ហាសេសសល់ក៏ដោយ។ ការវាយតម្លៃនេះ គឺបន្ទាប់ពីលោកបានជួបធ្វើការជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហជីព តំណាងនិយោជក និងដៃគូសង្គមនានាដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធការងារ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរទាំងឡាយ ដើម្បីយកមកធ្វើសេចក្តីសន្និដ្ឋាន សម្រាប់ផ្តល់ជាអនុសាសន៍ដល់គ្រប់ភាគីយកទៅអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាបាននូវសិទ្ធិការងារ និងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ៕
ដោយ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


