ព័ត៌មានជាតិ
ដំណាំ «ក្រវាញ» កំពុងទទួលបានការចាប់អារម្មណ៍ ខណៈទីផ្សារមានតម្លៃសមរម្យ
ក្រវ៉ាញ ជារុក្ខជាតិម្យ៉ាងដែលពុំសូវមានអ្នកស្គាល់ និងភាគច្រើនដុះនៅតាមតំបន់ភ្នំ ដែលមានអាកាសធាតុត្រជាក់ហើយសើម។ បច្ចុប្បន្នដំណាំក្រវាញ កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ប្រជាកសិករ និងប្រជាពលរដ្ឋទូទៅ ដោយសារតែវាមានអត្ថប្រយោជន៍ច្រើន មានទីផ្សារល្អ និងមិនសូវមានអ្នកដាំដុះ នាពេលកន្លងមក។
កសិករដាំក្រវាញម្នាក់នៅខេត្តពោធិ៍សាត់លោក ទាំ អ៊ូម៉ឺត បានឲ្យដឹងថា ក្រវាញជាប្រភេទ ដំណាំមួយដែលរើសទីតាំង ក្នុងការដាំដុះណាស់ ហើយនេះក៏ជាមូលហេតុ ដែលពុំសូវមានប្រជាកសិករវិនិយោគឬធ្វើការដាំដុះផងដែរ។ លោកបន្តថា ដំណាំនេះត្រូវការដីផុសហើយធូរ ឬដីមានសំណើមខ្ពស់ និងមានម្លប់ច្រើន ទើបមានការលូតលាស់ល្អ។
លោកលើកឡើងថា «ក្រវាញជាប្រភេទដំណាំមួយរើសទីតាំងណាស់ ចឹងដើម្បីឲ្យដាំរស់ លុះត្រាតែយើងរៀបចំឲ្យវាល្អ បានរស់ ហើយអ្នកដាំទាំងអស់ ក៏មិនប្រាកដថារស់ទាំងអស់ដែរ មានលក្ខខណ្ឌរបស់វាដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់»។
បើតាមកសិកររូបនេះ លក្ខខណ្ឌដែលត្រូវយកចិត្តទុកដាក់ខ្ពស់នោះ មានបីសំខាន់ៗ ទីមួយគឺ ទាក់ទងនឹងម្លប់ ពោលគឺកាន់តែម្លប់កាន់តែល្អ ទោះបីជាដាំក្រោមដើមឈើក៏ដោយ ជាពិសេសយើងត្រូវធ្វើម្លប់ឲ្យវាបន្ថែមក្នុងករណី ដែលម្លប់ផ្ដល់ដោយដើមឈើ ឬធម្មជាតិមិនគ្រប់គ្រាន់។ ទីពីរទាក់ទងនឹងដីត្រូវដាំ លោកថាដំណាំនេះ មិនសាកសមដាំនៅលើដីខ្សាច់នោះទេ ដូច្នេះកសិករត្រូវរកដីដំបូកមកលាយ នៅក្នុងរណ្ដៅសិនទើបក្រវ៉ាញអាចលូតលាស់បានល្អ។
លោកបញ្ជាក់ដូច្នេះថា «ហើយរឿងទីពីរដី ដែលគេដាំហ្នឹងប្រភេទដីខ្សាច់ច្រើនពេក ក៏អត់សូវពូកែដែរ ចឹងលុះត្រាតែយើងរកដីដំបូក យកវាមកកាប់លាយច្របល់ដាក់ ក្នុងរណ្ដៅហ្នឹងបានវាដាំដុះ ដាំទៅលូតលាស់ល្អ អាប្រភេទដីខ្សាច់ដាក់ទៅវាដុះមករេញៗនៅតែហ្នឹងឯង»។
ចំណែកលក្ខខណ្ឌទីបីវិញលោក ទាំ អ៊ូម៉ឺត បានឲ្យដឹងថា វាទាក់ទងនឹងសំណើមដី ត្បិតក្រវាញត្រូវការដីដែលមានសភាពសើមខ្លាំងបន្តិច តែមិនមែនជាដីជាំទឹកនោះទេ។ លោកបន្តថា នៅក្នុងរដូវប្រាំងកសិករចាំបាច់ ត្រូវស្រោចស្រពលើវាយ៉ាងតិចពីរដងក្នុងមួយថ្ងៃ ដូចនេះដើម្បីបង្ការបញ្ហាទឹក កសិករគួររៀបចំប្រព័ន្ធស្រោចស្រព ឲ្យបានត្រឹមត្រូវ។
កសិករដដែលបានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ក្រៅតែពីលក្ខខណ្ឌបីខាងលើ ការវាស់ប៉ូតង់ស្យែលអ៊ីដ្រូសែន PH គឺជារឿងសំខាន់សម្រាប់កសិករមុនធ្វើការដាំដុះ នៅលើទីតាំងណាមួយ។ លោកបន្ថែមថា ពាក់ព័ន្ធនឹង PHដីនេះដែរ បើសិនជាកសិករអាចវាស់ដឹងពីកម្រិតរបស់វានោះ គឺជារឿងល្អ ហើយការវាស់ទៀតសោតគឺកម្រិត PH ត្រឹម ៦ដល់ ៧សមល្មមសម្រាប់ការដាំដុះ តែបើលទ្ធផលបង្ហាញថានៅក្រោម ៦ឬលើស ៧ នោះការដាំមិនសូវ ឬមិនអំណោយផលឡើយ។
ងាកមកនិយាយរឿងទីផ្សារ និងតម្លៃសម្រាប់ដំណាំក្រវាញវិញ កសិករនៅខេត្តពោធិ៍សាត់រូបនេះហាក់មានមោទនភាព ចំពោះមុខរបរជាអ្នកដាំ និងផលិតកូនក្រវាញ មានមោទនភាពក៏ព្រោះតែដំណាំនេះ ចាប់ផ្ដើមទទួលការចាប់អារម្មណ៍ពីប្រជាកសិករ និងពលរដ្ឋទូទៅ មួយវិញទៀតតម្លៃនៅលើទីផ្សារ ក៏បានខ្ពស់សមនឹងកម្លាំងពលកម្ម។
លោកលើកឡើងថា «ទីផ្សារជាក់ស្ដែងខ្ញុំរកឲ្យគេអត់គ្រប់ ជាពិសេសផ្លែរកឲ្យគេអត់បានតែម្ដង បើជាបន្លែអាបណ្ដូលខ្ចីៗ អីហ្នឹងជាទូទៅតម្លៃអត់ក្រោម ២៥០០០រៀលទេ ក្នុងមួយគីឡូ ហើយបើលក់នៅភ្នំពេញគឺលក់បាន ៣៥០០០ក្នុងមួយគីឡូ ចំណែកតម្លៃគ្រាប់វិញ តម្លៃធ្លាប់ដឹងគេទិញមិនក្រោម ៥៩ដុល្លារទេមួយគីឡូ»។
ទោះជាយ៉ាងនេះក្ដីដំណាំក្រវ៉ាញនេះ ត្រូវការរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំ ទើបអាចប្រមូលផលជាផ្លែរបស់វាបាន។ ចំណែក ដើម គម និងស្លឹករបស់វាក្នុងរយៈពេលពីរទៅប្រាំខែ យើងអាចប្រមូលផលបានខ្លះៗហើយ។ ក៏ប៉ុន្តែចំណុចនេះ លោក ទាំ អ៊ូម៉ឺត មិនលើកទឹកចិត្តនោះទេ ព្រោះជាដំណាក់កាលនៃការលូតលាស់បែកគុម្ភរបស់វា។
សូមជម្រាបថា ក្រវាញមានអត្ថប្រយោជន៍ជាច្រើន ដែលប្រជាពលរដ្ឋភាគច្រើនមិនបានដឹង តាំងពីឬសរហូតដល់ស្លឹក ក្នុងនោះ ឬស ដើម និងស្លឹកអាចយកធ្វើជាឱសថបានច្រើនមុខ ឬជាថ្នាំឆ្ពង់សម្រាប់ស្រ្តីសម្រាលបុត្ររួច។ ទន្ទឹមនឹងនេះផងដែរ ស្លឹកខ្ចីៗ គម ដើម និងបណ្ដូលខ្ចីៗ យើងអាចយកទៅធ្វើបន្លែសម្រាប់គ្រប់មុខម្ហូបទាំងអស់ ប្រកបដោយរស់ជាតិឆ្ងាញ់។ ចំណែកឯផ្លែរបស់វាវិញគឺ យើងអាចធ្វើជាគ្រឿងទេស លាយជាមួយសម្លខ ជាមួយសម្លការី ហើយអាចធ្វើជាភេសជ្ជៈដាក់លាយជាមួយតែ និងជាមួយកាហ្វេយ៉ាងឆ្ងាញ់ពិសារផងដែរ៕
អត្ថបទ៖ លន់ សេនី






-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន