Connect with us

សេដ្ឋកិច្ច

អ្នកចិញ្ចឹមក្រពើ ស្នើក្រសួងពន្លឿនការនាំចេញទៅចិន ខណៈទីផ្សារក្នុងស្រុកធ្លាក់ចុះខ្លាំង

បានផុស

នៅ

កសិករដែលជាអ្នកចិញ្ចឹមក្រពើស្ថិតនៅខេត្តសៀមរាប ស្នើសុំក្រសួងពាក់ព័ន្ធជួយពន្លឿន និងសម្រួបសម្រួលការនាំចូលទៅប្រទេសចិន ខណៈពួកគាត់អះអាងថា បច្ចុប្បន្នក្រពើលែងមានទីផ្សារដោយស្ងាត់ពីមួយឆ្នាំទៅមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុង វិសាល​ ជាអនុប្រធានសហគមន៍ចិញ្ចឹមក្រពើ «សៀមរាបអង្គរ» ប្រាប់ កម្ពុជាថ្មី ថា ទាក់ទងនឹងការចិញ្ចឹមក្រពើរបស់កសិករស្ថិតនៅខេត្តសៀមរាប បច្ចុប្បន្នហាក់ថមថយបន្ដិចម្ដងៗ ដោយសារតែបញ្ហាទីផ្សារកាន់តែស្ងាត់ទៅៗ ពីមួយឆ្នាំថ្ងៃទៅមួយឆ្នាំ។

លោកបន្តថា ដ្បិតកាលពីឆ្នាំមុន ក្រពើមានក្រុមហ៊ុន​ និងឈ្មួញចុះមកទិញដល់កសិដ្ឋានខ្លះក៏ពិតមែន ប៉ុន្តែបរិមាណ នៃការនាំចេញហាក់បីដូចមានចំនួនតិច ដែលនាំឱ្យក្រពើសល់ច្រើននៅតាមកសិដ្ឋាន។

អនុប្រធានសហគមន៍រូបនេះ បញ្ជាក់ដែរថា ក្រៅពីបញ្ហាទីផ្សារ កសិករក៏ប្រឈមនឹងរឿងការផ្គត់ផ្គង់ចំណីដែលកន្លងមកច្រើនទិញពីប្រទេសថៃ ប៉ុន្តែដល់បិទព្រំដែនគោកមួយរយៈ កសិករបានសម្រេចចិត្តទិញពីប្រទេសវៀតណាមវិញដោយក្នុងតម្លៃមួយខ្ពស់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ តំណាងឱ្យកសិករចិញ្ចឹមក្រពើទាំងអស់ លោក អុង វិសាល សុំស្នើដល់ក្រសួងពាក់ព័ន្ធមេត្តាជួយពន្លឿនដល់ការនាំចេញទៅទីផ្សារប្រទេសចិន ដើម្បីឱ្យកសិករមានក្ដីសង្ឃឹមឡើងវិញ។

លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើស្ថិតនៅខេត្តសៀមរាប បានឱ្យដឹងដែរថា បច្ចុប្បន្នទីផ្សារក្រពើមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតម្លៃហាក់ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។

កសិកររូបនេះ បញ្ជាក់ដែរថា ប្រសិនបើក្រពើធ្លាក់ចុះតម្លៃបែបនេះ កសិករអស់ក្ដីសង្ឃឹមនឹងការចិញ្ចឹមក្រពើនេះតទៅទៀតហើយ។

មិនខុសគ្នាពីកសិករខាងលើ លោក គង់ ម៉ី ជាអ្នកចិញ្ចឹមក្រពើស្ថិតនៅខេត្តសៀមរាបដូចគ្នា ប្រាប់កម្ពុជាថ្មី ថា ដ្បិតកន្លងមកមានការនាំចូលក្រពើទៅក្រៅប្រទេសក៏ពិតមែន ប៉ុន្តែចំនួននៃការនាំចេញហាក់មានចំនួនតិចនៅឡើយ។

ក្នុងនាមជាអ្នកចិញ្ចឹមក្រពើ និងតំណាងឱ្យកសិករចិញ្ចឹមក្រពើទាំងអស់ លោក គង់ ម៉ី ក៏ស្នើសុំដល់ក្រសួង និងមន្ទីរពាក់ព័ន្ធមេត្តាជួយពន្លឿនការនាំចេញ និងរកទីផ្សារបន្ថែមសម្រាប់កសិករ ពីព្រោះមុខរបរចិញ្ចឹមក្រពើនេះហាក់ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។

គួរឱ្យដឹងថា ក្នុងដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង មក​ប្រទេស​កម្ពុជា កាលពីថ្ងៃទី​១៧ និង១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ មាន​ការ​ចុះ​ហត្ថលេខា​លើឯកសារ​​ពិធីសារ​ចំនួន ៣ សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ចំនួន ៣មុខ របស់​កម្ពុជាទៅ​ទីផ្សារ​ប្រទេស​ចិន។

ក្នុង​នោះ​មាន​ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និង​សុខភាព សម្រាប់​ការនាំចេញ​ក្រពើ​ដែល​បាន​បង្កាត់​ពូជ​នៅ​កសិដ្ឋាន​​ពីព្រះរាជាណាចក្រកម្ពុជា ទៅ​សាធារណរដ្ឋប្រជាមានិត​ចិនផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម