ព័ត៌មានជាតិ
នំបញ្ចុកខ្មែរមានប្រវត្តិរាប់រយឆ្នាំ ធ្លាប់ប្រមុខរដ្ឋាភិបាលអំពាវនាវពលរដ្ឋរាប់លាននាក់ចូលរួមបំបែកកំណត់ត្រាពិភពលោក
“នំបញ្ចុក” ជាអាហារប្រពៃណីយ៉ាងសំខាន់ដែលមានប្រវត្តិរាប់រយឆ្នាំមកហើយ។ ដោយសារប្រជាប្រិយភាពនៃអាហារប្រពៃណីខ្មែរនេះ គេក៏តែងតែឃើញគេយកនំបញ្ចុកមកលៀងភោជនាហារភ្ញៀវនៅក្នុងពិធីបុណ្យផ្សេងៗ ដូចជាបុណ្យដារលាន, បុណ្យភូមិ, បុណ្យឡើងអ្នកតាជាដើម។
របៀបធ្វើនំបញ្ចុក
ការធ្វើនំបញ្ចុក គេយកអង្ករប្រភេទអង្ករខ្សាយ ហើយជាអង្ករបាយរឹង។ ដំបូងគេយកអង្ករទៅត្រាំឲ្យរីកដើម្បីឲ្យសាច់អង្ករទន់ងាយស្រួលកិន។ បន្ទាប់មក គេលាងសម្អាតអង្ករនោះ ហើយដាក់ត្រាំទឹកជាថ្មី ទើបយកទៅកិននឹងត្បាល់ឲ្យម៉ដ្ដជាម្សៅ។ ម្សៅដែលកិនរួចពុំទាន់អាចយកទៅធ្វើនំបានទេ ដ្បិតវារាវពេក។ ដូច្នេះគេត្រូវយកម្សៅនោះទៅចងរុំក្នុងក្រណាត់ស្តើង ហើយយកថ្មឬវត្ថុធ្ងន់មក សង្កត់ដើម្បីឲ្យហូរទឹកចេញអស់ពីម្សៅ រហូតម្សៅនោះកករឹង។


គេយកដុំម្សៅ នោះទៅខ្ចប់នឹងក្រណាត់ ឬស្បៃ រួចដាក់ស្ងោរក្នុងទឹកក្តៅ តែមិនឲ្យឆ្អិនពេកនោះទេ (គឺឆ្អិនប្រហែល ៥០ ភាគរយ ឬហៅថាឆ្អិនសម្បកក្រសាំង) ទើបស្រង់ម្សៅនោះមកបុកនឹងត្បាល់ក្ដឿង (បច្ចុប្បន្នគេប្រើម៉ាស៊ីនវាយម្សៅ) ឲ្យល្មួតចូលគ្នាល្អ។ បន្ទាប់មកគេលញ់ម្សៅនោះជាដុំមូលទ្រវែងតម្រូវតាមប៉ែន។
ប៉ែននំបញ្ចុកធ្វើពីស្ពាន់ឬទង់ដែង ដែលមានរន្ធតូចៗសម្រាប់សង្កត់ម្សៅឲ្យកើតជាសរសៃនំបញ្ចុក។ គេយកម្សៅដែលលញ់រួចទៅដាក់ក្នុងប៉ែន រួចសង្កត់ពីលើប៉ែននោះ សរសៃនំបញ្ចុកក៏ហូរធ្លាក់ចុះទៅក្នុងឆ្នាំងទឹកក្តៅកំពុងពុះ។ ខណៈសរសៃនំធ្លាក់ចូលឆ្នាំងទឹកក្តៅ គេយកឈើកូរនិងកៀសមុខរន្ធប៉ែន ដើម្បីកាត់ផ្តាច់សរសៃនំបញ្ចុកកុំឲ្យវែងពេក ដ្បិតងាយស្រួលនៅពេលចាប់វាជាចង្វាយ។ នៅពេលឃើញល្មមថាឆ្អិនហើយ គេយកកន្ត្រងមកដួសស្រង់យកទៅលាង រួចក៏ដាក់ត្រាំក្នុងទឹកថ្មី។
ចុងក្រោយបំផុត គឺគេស្រង់វាពីទឹកហើយចាប់ជាចង្វាយៗដាក់ក្នុងកញ្ច្រែងឬល្អី ដើម្បីឲ្យវាស្រស់ទឹកជាការស្រេច។

ការទទួលទាន
ជាទូទៅ គេមិនហូបនំបញ្ចុកទទេទេ គឺគេច្រើនហូបជាមួយនឹងសម្លដោយមានរបោយច្រើនប្រភេទរោយពីលើឬដាក់ពីក្រោមនំបញ្ចុក។ សម្លនោះមានបីបួនប្រភេទដូចជា សម្លប្រហើរ (ឬហៅសម្លខ្មែរ) សម្លការី និងសម្លណាំយ៉ាជាដើម។ ក្រៅពីនោះ គេអាចហូបជាមួយទឹកត្រីផ្អែមផ្ទាប់ជាមួយអន្លក់ក៏បាន។ ប៉ុន្តែសម្រាប់អ្នកស្រុកស្រែចម្ការ ដែលហៅថាសម្លនំបញ្ចុកនោះ គឺសម្លប្រហើរនោះឯង ពោលគឺកម្រឃើញគេស្លសម្លការី ឬណាំយ៉ាណាស់លើកលែងតែអ្នករស់នៅទីប្រជុំជន ឬទីក្រុងប៉ុណ្ណោះ។

ត្រៀមបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះ «នំ បញ្ចុក» ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រមុខរដ្ឋាភិបាលលើកទឹកចិត្តពលរដ្ឋទទួលទាននំបញ្ចុក
កន្លងទៅនេះប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឲ្យពលរដ្ឋទទួលទាននំបញ្ចុក ដែលលោកហៅថានំបញ្ចុកសាមគ្គីនិងឯកភាពជាតិ។
សម្តេច ហ៊ុនសែន បានហៅយុទ្ធនាការទទួលទាននំបញ្ចុកដែលអាចមានមនុស្សរាប់លាននាក់ចូលរួម ចេតនាក្នុងការជំរុញចលនានេះដើម្បីទទួលបាននូវកំណត់ត្រាពិភពលោកថ្មី។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លងកាត់នៃចលនានំបញ្ចុកសាមគ្គីភាពឯកភាពជាតិនេះ គឺនឹងគ្មានការលាបពណ៌គ្នានោះទេ ឬអាចនិយាយបានថានឹងជំរុញឲ្យមានចលនា ដើម្បីប្រើប្រាស់ផលិតផលខ្មែរ ហើយអាចបំបែកឯកត្តកម្មពិភពលោកតែម្ដង៕

អត្ថបទក្រោយ កម្ពុជាថ្មីនឹងបង្ហាញអាហារប្រពៃណីរបស់ពលរដ្ឋខ្មែរមួយទៀតគឺទឹកគ្រឿង ដើម្បីចែករំលែកស្វែងយល់បន្តទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


