ព័ត៌មានជាតិ
តើនិស្សិតស្រីឡើងពីខេត្តមកបន្តការសិក្សានៅភ្នំពេញ តែងជួបបញ្ហាប្រឈមអ្វីខ្លះ?
នៅកម្ពុជា មាននិស្សិតជាច្រើនដែលត្រូវបែកពីគ្រួសារ ដើម្បីមកបន្តការសិក្សានៅក្នុងរាជធានីភ្នំពេញ ពីព្រោះនៅតាមបណ្តាខេត្តនានាមិនទាន់មានសាកលវិទ្យាល័យដែលមានមុខជំនាញច្រើនទូលំទូលាយឱ្យនិស្សិតងាយស្រួលក្នុងការជ្រើសរើសនោះទេ។ ប៉ុន្តែ ការផ្លាស់មករស់នៅក្នុងទីក្រុងដ៏ស្រស់ឆើតឆាយ មិនត្រឹមតែធ្វើឲ្យពួកគេប្លែកអារម្មណ៍ឡើយ តែក៏មានបញ្ហាប្រឈមមួយចំនួនដែលពួកគេត្រូវជួបប្រទះផងដែរ។

ជាក់ស្តែង កញ្ញា រ៉ាន់ ស្រីដែត ដែលជានិស្សិតឆ្នាំទី២នៅសាកវិទ្យាល័យភូមិន្ទភ្នំពេញ បានជួបរឿងរ៉ាវដ៏រន្ធត់មួយនៅអំឡុងពេលមករស់នៅជាមួយសាច់ញាតិនៅម្តុំផ្សារដេប៉ូ។ ស្រីដែត គឺជាអ្នកខេត្តត្បូងឃ្មុំ ហើយបានមកបន្តការសិក្សានៅរាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១៩។ កញ្ញា រ៉ាន់ ស្រីដែត បានរំលឹកពីហេតុការណ៍ដ៏តក់ស្លុតមួយថា៖ “ខ្ញុំចាំថា ធ្លាប់មានបទពិសោធន៍មួយនៅផ្លូវកែងជិតដល់ផ្លូវចូលផ្ទះ ហើយស្របពេលមេឃកំពុងភ្លៀងរលឹមៗ មានពូម្នាក់រាងចំណាស់ស្រែកដាក់ថា ទៅជាមួយគាត់អត់ ហើយពេលនឹងគិតក្នុងចិត្តថាម៉េចបានចឹង ខ្ញុំជាមនុស្សមិនមែនសត្វធាតុទេ ឡើងហួសចិត្ត”។ កញ្ញា រ៉ាន់ ស្រីដែត បានបន្តថា៖ “បានន័យថា យើងជាស្រីពិបាកជាងប្រុស ពីព្រោះបុរសពេលដើរយប់គ្មានបញ្ហាអ្វីទេ ប៉ុន្តែយើងជាស្រីត្រូវប្រយ័ត្នខ្លួនឱ្យបានមែនទែន”។
ចំណែកឯ និស្សិតស្រី វ៉ា សិរីនាង ជានិស្សិតឆ្នាំទី ៤ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តវិញ បានលើកឡើងពីបញ្ហាលំបាកពេលឡើងមកភ្នំពេញថ្មីថ្មោង ដោយផ្ទះឆ្ងាយពីសាលា និងចំណាយពេលច្រើនទាំងទៅ ទាំងមក។ និស្សិតស្រីឆ្នាំទី៤ រូបនេះ បានពោលឡើងថា ធម្មតា នៅតាមខេត្តចរាចរណ៍មិនសូវកកស្ទះ មិនសូវក្រពុលមុខ ហើយពេលនៅស្រុកជាមួយឪពុក ម្តាយ មិនសូវអផ្សុក និងមិនចេះស្រ្តេសដូចពេលឥឡូវ នឹកផ្ទះផង នឹកឪពុកម្តាយផង ពីព្រោះនៅភ្នំពេញអ្នកជិតខាងចូលផ្ទះផុត គឺផុតហើយមិនដែលទាំងស្គាល់មុខគ្នាផង។

ជាមួយគ្នានេះ និស្សិតស្រី វ៉ា សិរីនាង បានឲ្យជាយោបល់ថា ៖ “បើយើងជាស្រីមកនៅភ្នំពេញ កុំនៅម្នាក់ឯងអី យើងគួរហៅមិត្តភក្តិ ឬអ្នកថ្មីណាដែលយើងអាចទុកចិត្តបាន អាចនៅជាមួយគ្នា ជៀសវាងកុំនៅម្នាក់ឯង ដោយសារយើងជាស្រី ពិបាកក្នុងការនៅភ្នំពេញ។ បញ្ហាសុវត្ថិភាព គឺសំខាន់ជាងគេ”។
ដោយឡែក កញ្ញា ញាណ វិភាវី ដែលជាសិស្សអាហារូបករណ៍ឆ្នាំទី៣ មានបញ្ហាប្រឈមដោយមិនស្គាល់មេភូមិ ចៅសង្កាត់ ក្នុងករណីបើមានបញ្ហា ឬចង់រត់ឯកសារមិនដឹងទៅទាក់ទងអ្នកណា ពីព្រោះកញ្ញាមិនបានធំដឹងក្តីនៅក្នុងសង្កាត់ និងមិនស្គាល់ពីទីតាំងភូមិសាស្រ្តច្បាស់ដូចស្រុកកំណើតខ្លួនឯងនៅឯខេត្តបាត់ដំបង។ ប៉ុន្តែទីកន្លែងផ្ទះជួលរបស់កញ្ញា គឺមានសុវត្ថិភាពល្អ ដោយសារវានៅលើផ្លូវធំ មានអ្នកលក់ដូរ ពោរពេញដោយទីប្រជុំជនច្រើន។
បើទោះបី ភាវី ចេញពីរៀនពេលយប់ក៏ដោយ ក៏មិនមានក្តីព្រួយបារម្ភចំពោះគ្រោះថ្នាក់ ឬបញ្ហាណាមួយ។ ដូច្នេះ កញ្ញាបានចែករំលែកបទពិសោធន៍ដល់និស្សិតស្រីៗដែលឡើងមករៀននៅភ្នំពេញពីខេត្តបែបនេះថា៖ “ យើងត្រូវមានទម្លាប់រស់នៅឯករាជ និងជ្រើសរើសទីតាំងភូមិសាស្រ្តផ្ទះឱ្យបានត្រឹមត្រូវ ដូចជារស់នៅកន្លែងដែលសម្បូរសិស្សដូចគ្នា”។
ស្រដៀងគ្នានឹងសិស្សច្បងដែរ កញ្ញា ស្រីដែត ក៏បានផ្តល់យោបល់ដល់និស្សិតស្រីដែលទើបនឹងឡើងមកសិក្សានៅរាជធានីភ្នំពេញឱ្យបើកចិត្តទទួលយក និងសម្របនឹងបរិយាកាសថ្មី។ កញ្ញានិយាយថា ៖ “ខ្ញុំទទួលស្គាល់ថា ដំបូងវាមានភាពលំបាកមែន ប៉ុន្តែពេលយូរៗទៅ យើងនឹងស៊ាំនឹងវា។ ហើយមួយវិញទៀត យើងត្រូវការពារខ្លួនយើងពេលយប់ព្រលប់ ឬពេលមានមនុស្សលេបខាយពាក្យសម្តី យើងត្រូវចេះការពារខ្លួន ឬក៏ស្រែកឱ្យគេជួយ និងទៅណាមកណាគួរមានគ្នា”៕
ដោយ៖ វង់ លីលី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


