ព័ត៌មានជាតិ
ធនាគារជាតិត្រៀមចាត់វិធានការចាំបាច់មួយចំនួនដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច
ធនាគារជាតិនៃកម្ពុជាកំពុងត្រៀមចាត់វិធានការនានាដើម្បីគាំទ្រ និងរក្សាកំណើនសេដ្ឋកិច្ចជាតិ ខណៈស្ថានភាពវិបត្តិជាសកលនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៧ ខែមិថុនានេះថា សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងកើនឡើងក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ ដែលគាំទ្រជាចម្បងដោយការនាំចេញនៃផលិតផលកម្មន្តសាល កសិកម្ម ការដឹកជញ្ជូនទូរគមនាគមន៍ និងភាពប្រសើរឡើងនៃលំហូរវិនិយោគ និងប្រាក់បង្វែររបស់ពលករពីក្រៅប្រទេស។

លោកស្រីបានបន្តថា បច្ចុប្បន្នកម្ពុជាបានបើកប្រទេសឡើងវិញ ដោយមិនមានការរឹតបន្តឹងក្នុងការធ្វើដំណើរទៀតទេ ដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់ និងមិនមានករណីឆ្លងថ្មីគួរឱ្យព្រួយបារម្ភ។ ចំពោះសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ។
លោកសស្រីបានបន្តថា ការរាលដាលនៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់នៅឡើយទេ ហើយហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីដែលអាចមានភាពធ្ងន់ធ្ងរ ហើយការរីករាលដាលលឿននៅតែបន្តមាន។ លើសពីនេះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិធានការបិទខ្ចប់របស់ប្រទេសចិន បាននិងកំពុងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក។ អតិផរណាមានកម្រិតខ្ពស់រួចទៅហើយដោយសារអតុល្យភាពនៃតម្រូវការនិងការផ្គត់ផ្គង់ ដែលបង្កឡើងដោយការរាលដាលនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបានកើនឡើងបន្ថែមទៀត។

លោកស្រីបានបន្ថែមថា ស្ថានភាពនេះបានជំរុញឱ្យធនាគារកណ្តាលក្នុងប្រទេសអភិវឌ្ឍន៍ ដំឡើងអត្រាការប្រាក់គោលដើម្បីទប់ស្កាត់កំណើតអតិផរណា ដែលការណ៍នេះអាចបណ្ដាលឱ្យសេដ្ឋកិច្ចប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ប្រឈមនឹងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុ លំហូរចេញមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់។
លោកស្រីបានបន្ថែមទៀតថាចំណែកធនាគារជាតិកម្ពុជា នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នលើវឌ្ឍនភាពប្រព័ន្ធធនាគារកម្ពុជានិងសេដ្ឋកិច្ចជារួម និងត្រៀមចាត់វិធានការតាមការចាំបាច់នានា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ខណៈដែលការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅតែជាការងារអាទិភាពចម្បង។

យោងតាមរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងពិភពលោកនៅក្នុងឆ្នាំ២០២១ បានបន្តងើបឡើង បើទោះជាប្រឈមនឹងការលេចឡើងនូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែការងើបឡើងវិញនេះមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗនិងនៅមានភាពផុយស្រួយនៅឡើយ។
ចំពោះកម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន ៣% នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១% ក្នុងឆ្នាំ២០២០។ កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើននាំចេញសម្លៀកបំពាក់និងផលិតផលកសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជាពាណិជ្ជកម្មលក់ដុំនិងរាយ។ វិស័យទេសចរណ៍នៅបន្តទទួលរងផលប៉ះពាល់ខ្លាំង ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិប្រមាណ -៨៥% ក្នុងឆ្នាំ២០២១។
ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន រូបិយវត្ថុ និងសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍ ដើម្បីជួយដល់គ្រួសារក្រីក្រនិងអាជីវកម្មដែលងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានរក្សាលក្ខខណ្ឌរូបិយវត្ថុសមស្រប ដើម្បីជំរុញលំហូរឥណទានឱ្យបន្តគាំទ្រសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុនសហគ្រាសនិងអង្គភាពគ្រួសារ។
លើសពីនេះ អត្រាប្តូរប្រាក់បន្តមានស្ថិរភាពជាមធ្យម ៤.០៩៩ រៀល ក្នុង១ដុល្លារអាមេរិក ទោះបីជាបានថយថ្លៃប្រមាណ ១% ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០១៩។ ស្ថិរភាពនេះបានរួមចំណែកក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ ២,៩%។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ៨ ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


