ព័ត៌មានជាតិ
មន្ត្រីក្រសួងយុត្តិធម៌ ៖ ការអំពាវនាវឲ្យដោះលែង និងទម្លាក់បទចោទលើអ្នកប្រព្រឹត្តខុសច្បាប់ មិនមែនជាការធានាលំហប្រជាធិបតេយ្យទេ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ការអំពាវនាវឲ្យដោះលែង និងទម្លាក់ចោលបទចោទ ទៅលើអ្នកប្រព្រឹត្តខុសច្បាប់ មិនមែនជាការធានានូវលំហប្រជាធិបតេយ្យនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានអំពាវនាវឲ្យទម្លាក់ចោលបទចោទ និងផ្ដល់ក្របខ័ណ្ឌដល់មន្ត្រី និងសកម្មជនរបស់ខ្លួនចំនួន ៤នាក់។
ពាក់ព័ន្ធនឹងការអំពាវនាវនេះលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងជាសំណួរថា «បើយើងប្រព្រឹត្តខុសច្បាប់ ហើយឲ្យគេទម្លាក់ចោលបទចោទ ដោះលែងដើម្បីធានាលំហប្រជាធិបតេយ្យ សិទ្ធិសេរីភាពម៉េចកើត»?។

លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែមិថុនានេះថា ការអំពាវនាវឲ្យដោះលែង និងទម្លាក់ ចោលបទចោទ ទៅលើអ្នកប្រព្រឹត្តខុសច្បាប់ មិនមែនជាការធានានូវលំហប្រជាធិបតេយ្យនោះទេ តែករណីនេះពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ ដោយអ្នកប្រព្រឹត្តបទល្មើស ត្រូវដោះស្រាយតាមដំណើរការនីតិវិធីរបស់តុលាការ។ ដោយឡែក ការលុបឈ្មោះបុគ្គលពីររូបចេញពីក្របខ័ណ្ឌ គឺដោយសារតែពួកគេប្រព្រឹត្តខុសទៅលើវិន័យការងារ ឬក៏មានកំហុសក្នុងការងារ។ នេះជាការលើកឡើងបន្ថែមរបស់លោក ជិន ម៉ាលីន។
លោករដ្ឋលេខធិការក្រសួងយុត្តិធម៌ បានបន្តថា «ឯការលុបឈ្មោះចេញអីហ្នឹង គឺដោយសារតែមានការប្រព្រឹត្តខុសទៅនឹងវិន័យការងារ ឬមានកំហុសក្នុងការងារ អាហ្នឹងត្រូវធ្វើការប្ដឹងផ្ដល់តវ៉ា ការពារសិទ្ធិរបស់ខ្លួន បើសិនខ្លួនយល់ការបញ្ឈប់ ឬក៏ការចោទប្រកាន់អាហ្នឹងមិនត្រឹម អាហ្នឹងចូលរួមតាមដំណើរការតាមនីតិវិធីច្បាប់ ហើយការពារខ្លួនតាមស្របច្បាប់»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ការដែលបង្ខំឲ្យតុលាការដោះលែងអ្នកប្រព្រឹត្តខុសច្បាប់ និងការដែលបង្ខំក្រសួងផ្ដល់ក្របខ័ណ្ឌ ដល់អ្នកប្រព្រឹត្តខុសវិន័យការងារ ឬមានកំហុសក្នុងការងារ ដើម្បីធានាលំហសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនោះ មិនមែនជារឿងដែលត្រឹមត្រូវនោះឡើយ។
សូមជម្រាបថា គណបក្សភ្លើងទៀន កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មន្ត្រីរបស់ខ្លួនថ្នាក់ស្រុកមួយរូប និងបេក្ខជនមេឃុំជាប់ឆ្នោតមួយរូប ត្រូវបានអាជ្ញាធរចាប់ខ្លួន។ ចំណែកឯសកម្មជនគណបក្សភ្លើងទៀនពីរនាក់ទៀត ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ របស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ។
តាមរយៈសេចក្ដីថ្លែងការណ៍នេះ គណបក្សភ្លើងទៀន បានចាត់ទុកការចាប់ខ្លួន និងបណ្ដេញចេញពីក្របខ័ណ្ឌខាងលើនេះ គឺធ្វើឡើងក្រោមហេតុផលនយោបាយ។ ក្នុងនោះ គណបក្សមួយនេះ ក៏បានអំពាវនាវឲ្យដោះលែង ទម្លាក់ចោល បទចោទ និងផ្ដល់ក្របខ័ណ្ឌដល់សកម្មជនរបស់ខ្លួនវិញ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


