រដ្ឋមន្ត្រីការបរទេសឡាវ បានប្រកាសប្ដេជ្ញាគាំទ្រប្រទេសកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសដូចនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញាតឲ្យលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ៧ ខែកក្កដានេះ។
នៅក្នុងជំនួបនេះ លោក សាលើមសៃ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតី និងលោកនាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយបានសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកថ្មី។ លោកថា លទ្ធផលនៃការបោះឆ្នោតនេះ គឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជន លើការដឹកនាំនៅនយោបាយដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ។
លោក សាលើមសៃ ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួលបានជោគជ័យ ហើយលោក សាលើមសៃ បានបន្តថា ប្រទេសឡាវប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។
ឆ្លៀតក្នុងឱកាសនោះដែរលោក សាលើមសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយដល់ប្រទេសឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទាំងវិស័យដទៃទៀត។ លោកក៏បានគោរពសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងមុនពេលប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះលោក សាលើមសៃ ដែលបាននាំជូនសម្ដេចតេជោនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកប្រធានាធិបតី និងលោកនាយករដ្ឋមន្ត្រីឡាវ។ សម្ដេច តេជោ ក៏បានថ្លែងអំណរគុណផងដែរដល់លោក សាលើមសៃ ចំពោះការសម្ដែងនូវការអបអរសាទរពីលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសក្នុងការស្វែងរកដំណោះស្រាយ ឲ្យប្រទេសមីយ៉ាន់ម៉ា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ យើងគប្បីណារួមគ្នា វាយតម្លៃ និងដាក់ចេញនូវនយោបាយ ដែលជួយគ្នាទៅវិញទៅមក និងបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ៕